ដោយៈ គង់ហេង/ កំពង់ចាមៈ ផ្សារទំនើបឈ្មោះ « ស៊ីត្រា » បានមកដល់ទឹកដីខេត្តកំពង់ចាមជាមួយនឹងទំនិញក្នុងស្រុក និងនាំចូលពីខាងក្រៅប្រទេសរាប់ម៉ឺនមុខ ដោយបានបើកដំណើរការលក់ ជាផ្លូវការនៅរសៀលថ្ងៃទី ៣០ តុលាម្សិលមិញនេះ។
ពិធីបើកសម្ពោធផ្សារទំនើប «ស៊ីត្រា» ជាផ្លូវមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សហការីជាច្រើនរូប និងមន្ត្រីជំនាញ ដែលមានទីតាំងស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
លោក ង៉ូវ សេរីរ័ត្ន ម្ចាស់ផ្សារទំនើប ស៊ីត្រា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយបញ្ចប់ការសម្ពោធផ្សារនេះថាៈ ផ្សារទំនើប « ស៊ីត្រា» ដែលយើងបានបើកដំណើរការទទួលអតិថិជនជាអ្នកទិញទំនិញចាប់ពីល្ងាចថ្ងៃទី៣០ តុលានេះ គឺជាសាខាទី៤ ដោយសាខាទី១ នៅខេត្តរតនគិរី , សាខាទី២ នៅរាជធានីភ្នំពេញ និងសាខាទី៣ នៅខេត្តមណ្ឌលគិរី។
លោកប្រធានផ្សារទំនើប «ស៊ីត្រា» បានថ្លែងទៀតថាៈ សាខាផ្សារទំនើb «ស៊ីត្រា»នៅខេត្តកំពង់ចាមនេះ បានចំណាយពេលចំនួន ពីរខែដើម្បីស្ថាបនាផ្សារ រហូតបានបើកដំណើរការលក់នាពេលនេះ ជាមួយនឹងបុគ្គលិកបម្រើការប្រមាណ ៤០ នាក់ និងទំនិញរាប់ម៉ឺនមុខ គឺទំនិញជាផលិតផលរបស់ខ្មែរយើងជាបន្លែ និងត្រៀមបញ្ជាទិញទំនិញពីកសិករយើងក្នុងការផ្គត់ផ្គង់ដល់ «ស៊ីត្រា» ដោយប្រើប្រើកិច្ចសន្យាត្រឹមត្រូវ ព្រមទាំងផ្តល់ឱកាសដល់កសិករដទៃច្រើនទៀត។ ក្រៅពីនោះយើងបាននាំទំនិញមកដាក់លក់ពី ទំនិញនាំពីអាស៊ី អឺរ៉ុប អាមេរិក បារាំង អូស្ត្រាលី … ជាដើម។
លោកបានបន្តថាៈ ជាទស្សនវិស័យរបស់ផ្សារទំនើប «ស៊ីត្រា» គឺយើងនឹងពង្រីកសាខាឱ្យបានគ្រប់ ២៥ ខេត្តក្រុង និងលើសពី២៥ សាខាចាប់ឆ្នាំនេះតទៅ។
លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមបានឱ្យដឹងដែរថាៈ ដោយសារខេត្តកំពង់ចាម ជាខេត្តមានសក្តានុពលផ្នែកទីផ្សារ ជាប់ដងទន្លេមេគង្គ និងមានប្រជាពលរដ្ឋច្រើន ជាមួយជីវភាពល្អប្រសើរ ដែលជាដើមចម ធ្វើឱ្យវិស័យឯកជនចាប់អារម្មណ៍ ពិសេសផ្សារទំនើប«ស៊ីត្រា» ដែលទើបបានដំណើរការអាជីវកម្មនៅល្ងាចថ្ងៃទី ៣០ តុលានេះ។
លោកប្រធានមន្ទីរពាណិជ្ជកម្មបានបន្តថាៈ ផ្សារទំនើបស៊ីត្រា ជាផ្សារទំនើបទី៣ បន្ទាប់ផ្សារទំនើបសង់ត្រាតេលា នៅភូមិអម្អិលលើ ឃុំអម្អិល ស្រុកកំពង់សៀម និងផ្សារទំនើបស៊ែប្លាស នៅក្បែរផ្លូវជាតិលេខ៧ថ្មី ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម៕