ដោយ: ភ្នំខៀវ / បាត់ដំបង: ជនសង្ស័យម្នាក់បន្លំជាសន្តិសុខ ហើយលួចយករថយន្តពីមន្ទីរព្យាបាលឯកជន ក្នុងខេត្តបាត់ដំបង ពេលនេះសមត្ថកិច្ចបានកំណត់មុខសញ្ញាឃាត់ខ្លួនបាននៅស្រុកគីរីវង់ ខេត្តតាកែវ។
នគរបាលជំនាញបានបង្ហើបឲ្យដឹងថា÷ ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅក្នុងភូមិសាស្ត្រស្រុកគីរីវង់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១។
បច្ចុប្បន្ននគរបាលការិយាល័យជំនាញកំពុងបំពេញបែបបទតាមផ្លូវច្បាប់ ប៉ុន្តែនៅមិនទាន់ត្រូវបានបង្ហាញអត្តសញ្ញាណជាក់លាក់ជាសារណ:នៅឡើយទេ។ ជនសង្ស័យរូបនេះជាមុខសញ្ញាចាស់ដែលពីមុនក៏ធ្លាប់បន្លំខ្លួនធ្វើជាសន្តិសុខម្តងដូចគ្នាដែរកាលពីន្លងមក នៅទីក្រុងភ្នំពេញ ដោយកាលនោះជនសង្ស័យបានចូលក្នុងសណ្ឋាគារគេ ហើយទៅគោះទ្វាបន្ទប់ភ្ញៀវសុំសោរឡាន ដោយប្រាប់ថាយកទៅថយសារ៉េ ព្រោះស្ទះឡានរបស់ភ្លៀវ។
ប្រភពដដែលបញ្ជាក់ថា÷ កាលពីវេលាម៉ោងជិត ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានក្លែងខ្លួនបន្លំធ្វើជាសន្តិសុខរបស់មន្ទីរព្យាបាលឯកជន កែ ស៊ីនួន រួចលួចយករថយន្តរបស់អ្នកជំងឺមួយគ្រឿងជិះចេញទៅបាត់ មួយសន្ទុះទើបមានការភ្ញាក់ផ្អើល។
រថយន្តដែលត្រូវចោរលួចនេះម៉ាកឡិចស៊ីស Rx ៣៣០ ពណ៌មាស ពាក់ស្លាកលេខ បាត់ដំបង ២B-៨៥៦៨ ដែលម្ចាស់ឈ្មោះអុង ប៊ុនធាង ភេទប្រុស អាយុ ៤៣ឆ្នាំមានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុងសាលាក្រៅ ខេត្តប៉ៃលិន៕