ប្រែសម្រួលៈវាសនា/ឌុយបៃ៖ កងទ័ពអាកាសអាម៉េរិកបាននិយាយកាលពីថ្ងៃអាទិត្យទី៣១តុលាថាខ្លួនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រB-1Bទៅហោះរំលងតំបន់មជ្ឈិមបូព៌ាជាមួយយន្តហោះរបស់សម្ពន្ធមិត្តរួមមានយន្តហោះអ៊ីស្រាអែលចំពេលមានភាពតានតឹងជាបន្តជាមួយអ៊ីរ៉ង់ ខណៈដែលកិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោកនៅជាប់គាំង។
B-1B Lancerបានហោះកាលពីថ្ងៃសៅរ៍លើច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកតូចចង្អៀតរបស់ឈូងសមុទ្រពែក្ស កន្លែងដែលជំនួញប្រេងរបស់ពិភពលោកប្រមាណ២០ភាគរយឆ្លងកាត់ទីនេះ។វាក៏ហោះលើសមុទ្រក្រហម ច្រកសមុទ្របាប អែល ម៉ាន់ដេប និងព្រែកជីកស៊ុយអេរបស់អេហ្ស៊ីបផងដែរ។
ច្រកសមុទ្រហ័រមូស បានធ្លាប់ជាកន្លែងវាយប្រហារលើនាវាដឹកជញ្ជូននៅប៉ុន្មានឆ្នាំមកនេះដែលគេបន្ទោសលើអ៊ីរ៉ង់ ហើយសមុទ្រក្រហមក៏បានជួបការវាយប្រហារស្រដៀងគ្នា ចំពេលសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលកំពុងលេចចេញស្រមោលស្ទង់ៗ។
សាធារណរដ្ឋអ៊ីស្លាម(អ៊ីរ៉ង់)បានបដិសេធថាមិនបានពាក់ព័ន្ធនឹងការវាយប្រហារទាំងនេះទេ តែខ្លួនសន្យាសងសឹកការវាយប្រហាររបស់អ៊ីស្រាអែលបន្តបន្ទាប់ដែលផ្តោលើកម្មវិធីនុយគ្លេអ៊ែររបស់ខ្លួន។
សូមបញ្ជាក់ថា យន្តហោះប្រយុទ្ធរបស់បារ៉ែន អេហ្ស៊ីប អ៊ីស្រាអែលនិងអារ៉ាប់សាអូឌីតបានចូលរួមហោះជាមួយយន្តហោះទម្លាក់គ្រាប់អាម៉េរិកកាលពីថ្ងៃសៅរ៍
ការហោះរំលងនេះកើតឡើងបន្ទាប់ពីការហោះសម្ញែងកម្លាំងដាក់អ៊ីរ៉ង់ស្រដៀងគ្នាដោយយន្តហោះទម្លាក់គ្រាប់បែកB-52 ដែលអាចផ្ទុកគ្រាប់បែកនុយគ្លេអ៊ែរក្នុងអំឡុងរដ្ឋការត្រាំ ។លោកត្រាំនៅឆ្នាំ២០១៨បានដកខ្លួនជាឯតោភាគីចេញពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរង់និងមហាអំណាចពិភពលោក។ក្រោមកិច្ចព្រមព្រៀងនេះអ៊ីរ៉ង់សុខចិត្តកាត់បន្ថយការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមយ៉ាងគំហ៊ុក ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។
តែចាប់តាំងពីពេលអាម៉េរិកដកខ្លួននោះមក អ៊ីរ៉ង់បានបោះបង់ចោលរាក់កំហិតមានក្នុងកិច្ចព្រមព្រៀងនិងកាត់បន្ថយលទ្ធភាពរបស់អធិការកិច្ចអន្តរជាតិលើកម្មវិធីនុយគ្លេអ៊ែររបស់ខ្លួន។នៅពេលអ៊ីរ៉ងនៅតែនិយាយថា កម្មវិធីរបស់ខ្លួនក្នុងគោលបំណងសន្តិភាព ផ្នែកចារកម្មអាម៉េរិក ក្រុមអធិការកិច្ចលោកខាងលិចនិងប្រទេសដទៃទៀតនិយាយថា រដ្ឋាភិបាលក្រុងតេអេរ៉ង់បានមានកម្មវិធីសព្វាវុធនុយគ្លេអ៊ែរមួយរហូតដល់ចុងឆ្នាំ២០០៣។
អ៊ីស្រាអែលព្រួយបារម្ភជាងគេ ដោយអះអាងថា អ៊ីរ៉ង់នឹងមានលទ្ធភាពផលិតគ្រាប់បែកនុយគ្លេអ៊ែរមួយក្នុងពេលឆាប់ៗនិងបានព្រមានវាយប្រហារជាការបង្ការទុកជាមុន។
តាមពិត រដ្ឋាភិបាលអាម៉េរិកក្រោមប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន មានបំណងចូលរួមក្នុងកិច្ចព្រមព្រៀងនុយគ្លេអ៊ែរនេះឡើងវិញ តែកិច្ចពិភាក្សានៅក្រុងវីយែនបានជាប់គាំងនៅពេលជនប្រកាន់តឹងម្នាក់ចូលកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់។ការបញ្ជូនយន្តហោះB1-Bជាការបញ្ជូនសារច្បាស់ៗមួយទៅអ៊ីរ៉ង់និងជាការធានាដល់សម្ពន្ធមិត្តក្នុងតំបន់៕