ដោយ: បូកគោ/កំពតៈ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពតនារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានបញ្ជូនទៅសាលាដំបូងជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ដែលរួមគ្នាប្លន់ និងរំលោភសេពសន្ថវៈលើកុមារីពីរនាក់ជាបងប្អូនបង្កើតប្រព្រឹត្តឡើងនៅស្រុកអង្គរជ័យ។
លោកវរសេនីយ៍ទោឈឹម ឈាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានប្រាប់ឱ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះផាត ចិន្តា អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកនាយការិយាល័យបានរៀបរាប់ថាកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មានករណីប្លន់ និងរំលោភសេពសន្ថវៈលើក្មេងស្រីជាអីតិជននៃគ្រួសារមួយស្ថិតនៅភូមិប្រភ្នំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខណៈដែលក្នុងផ្ទះមានតែជនរងគ្រោះពីរនាក់ ពោលគឺម្តាយទៅរកស៊ីនៅខេត្តកំពង់ស្ពឺ ឯឪពុកទៅដេកនៅរោងចិញ្ចឹមទា។ ក្រោយហេតុការណ៍ការកើតឡើង គ្រួសាររងគ្រោះបានប្តឹងចូលសមត្ថកិច្ចដោយបញ្ជាក់ថានាវេលាម៉ោងប្រហែល២រំលងអធ្រាត្រឈាចូលថ្ងៃទី១៨ ខែសីហា មានជនមិនស្គាល់មុខបីនាក់បានគាស់បង្អួចសម្រុកចូល ហើយប្លន់ ព្រមទាំងចាប់រំលោភកុមារីពីរនាក់បងប្អូនបង្កើតដែលមានអាយុ១៣ឆ្នាំ និង១៧ឆ្នាំរហូតបានសម្រេច។ ជាមួយហេតុការណ៍នេះ គ្រួសាររងគ្រោះបានបាត់បង់កងដៃប្លាទីន ខ្សែកប្លាទីន ទូរសព្ទដៃមួយ លុយបីម៉ឺនរៀល និងម៉ាស៊ីនកាត់ស្មៅមួយគ្រឿង។
លោកវរសេនីយ៍បានបន្តថាតាមរយៈបណ្តឹងនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានណែនាំដល់កម្លាំងផែនការងារព្រហ្មទណ្ឌ និងកម្លាំងផែនការងារប្រឆាំងការជួញដូរមនុស្ស ព្រមទាំងអធិការនគរបាលស្រុកអង្គរជ័យ ស្រុកដងទង់ និងស្រុកកំពង់ត្រាច សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ក្រោមកិច្ចសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតចុះតាមដាស្រាវជ្រាវបន្ទាន់។ ជាលទ្ធផល នាល្ងាចថ្ងៃទី២៩ ខែតុលា សមត្ថកិច្ចបានកំណត់មុខសញ្ញា និងឃាត់ខ្លួនឈ្មោះ ផាត ចិន្តា នៅភូមិថ្មី ឃុំព្រែកក្រឹស ស្រុកកំង់ត្រាច។ ជនសង្ស័យបានសារភាពថា ពួកគេមានគ្នាបីនាក់ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន៕