ដោយ៖តារារិទ្ធ/ភ្នំពេញ៖តាមកម្មវិធីដែលបានគ្រោងទុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស់បិទជាផ្លូវ ការកម្រិតថ្នាក់ជាតិនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១ និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កុមារអាយុ៥ឆ្នាំដោយនឹងចាប់ផ្តើមនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ស្អែកនេះនៅវិមានសន្តិភាពរ្តី ។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងធ្វើសន្និសីទកាសែតប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុ ៥ឆ្នាំនៅទីនោះផងដែរ។
គួររំលឹកថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកយុទ្ធនាការជាផ្លូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថ្នាក់ជាតិកាលពីថ្ងៃទី៤ ខែ មិនា ឆ្នាំ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រ,ខណៈដែលការចាក់វ៉ាក់សាំងបានចាប់ផ្ដើមចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែកុម្ភៈដោយប្រើវ៉ាក់សាំង Sinopharm របស់សាធារណរដ្ឋប្រជាមានិតចិន ។ នៅថ្ងៃនោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តបណ្ឌិតក៏បានអញ្ជើញចាក់វ៉ាក់សាំងនៅពេលនោះផងដែលគឺវ៉ាក់សាំង Astra Zeneca ដែលទទួលបានពីអង្គការសុខភាពពិភពលោកតាមរយៈ COVAXដែល មានលទ្ធភាពគ្របដណ្ដប់អ្នកដែលមានអាយុក្រោម ៥៩ ឆ្នាំផងនិងមានលទ្ធភាពគ្របដណ្ដប់ទៅលើអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំផងដែរ ។ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំចៅ ៗរបស់សម្តេចទៅចាក់វ៉ាក់សាំងកូវីដនៅវិមានសន្តិភាពនិងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ព្រមទាំងប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ កាលពីថ្ងៃទី ១៧កញ្ញា ២០២១ ។
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ ៥ឆ្នាំ ដោយនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ យុទ្ធនាការនេះចាប់ផ្តើមដំបូងនៅភ្នំពេញ និងលើកូនចៅមន្ត្រីក្នុងជួររាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភានិងស្ថាប័នជាតិនានា។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសក៏បានប្រកាសពីទីតាំងដែលត្រូវចាក់វ៉ាក់សាំងដល់កុមារ ដែលមានអាយុ៥ឆ្នាំរួមមាននៅមន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មជ្ឈ មណ្ឌលជាតិគាំពារមាតានិងទារក មន្ទីរពេទ្យគន្ធបុប្ផានិងទីតាំងផ្សេងទៀតដែលត្រូវបានរៀបចំក្រោមឱវាទរបស់រដ្ឋបាលរាជធានីខេត្តទាំងអស់។
កូនចៅមន្ត្រីអង្គការសហប្រជាជាតិមន្ត្រីបុគ្គលិកស្ថានទូត ស្ថានកុងស៊ុល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា មន្ត្រីបុគ្គលិកអង្គការសហប្រជាជាតិ អន្តរជាតិនិងដៃគូផ្សេងទៀត និងកូនចៅឧកញ៉ា ដែលមានអាយុ ៥ឆ្នាំ ក៏ត្រូវបានក្រសួងសុខាភិបាល ប្រកាសឲ្យទៅចាក់វ៉ាក់សាំងកូវីដនៅមន្ទីរពេទ្យកាល់ម៉ែតចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី ៧វិច្ឆិកា។
តាមសេចក្តីប្រកាសរបសក្រសួងសុខាភិបាលកុមារអាយុ៥ឆ្នាំ ត្រូវចាក់វ៉ាក់សាំងកូវីដដោយមានគម្លាតរវាងដូសទី១និងទី២ រយៈពេល២៨ថ្ងៃ ។ រីឯឯកសារដែលកុមារ ត្រូវភ្ជាប់ទៅជាមួយគឺត្រូវមានមួយក្នុងចំណោមឯកសារទាំងនេះ ដូចជាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន បណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬបណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យារបស់ឪពុកម្តាយ ( ចំពោះកូនចៅមន្ត្រីរាជការថ្នាក់ជាតិ)។
របាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេសគិតត្រឹមថ្ងៃទី៣០ ខែតុលាឆ្នាំ ២០២១៖(ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង) អ្នកចាក់ដូសទី១ ចំនួន៩ ៩៩៨០៨៧ នាក់,អ្នកចាក់ដូសទី២ចំនួន ៩ ៦៣៧ ២០៧ នាក់ ស្មើនឹង ៩៩.៩៨% នៃប្រជាជនគោលដៅសរុប១០លាននាក់ ។ អ្នកចាក់ ដូសទី៣ ចំនួន ១ ៨៣១ ១៩០ នាក់។
សម្រាប់(កុមារនិងយុវវ័យអាយុចាប់ពី ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ) អ្នកចាក់ដូសទី១ចំនួន ១ ៧៨៨ ៥៨១ នាក់,អ្នកចាក់ដូសទី២ ចំនួន ១ ៦៩៦ ៩៦០ នាក់,ស្មើនឹង ៩៧.៨៨%នៃ ក្រុមគោលដៅសរុបជាង១លាន៨សែននាក់។
សម្រាប់(កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ)អ្នកចាក់ដូសទី១ ចំនួន ១ ៩១៩ ៤៣៩ នាក់, អ្នកចាក់ដូសទី២ ចំនួន ១ ៧២២ ០២១ នាក់ស្មើនឹង ១០១.១៦% នៃក្រុម គោលដៅសរុបជិត១លាន៩សែននាក់។
ប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨៥.៦៦%។
គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩សរុបចំនួនជាង ៣៦.៥ លានដូសរួមមាន៖ វ៉ាក់សាំងចិន (Sinovac និង Sinopharm ) ជាង ៣៣.៥ លានដូសនិងវ៉ាក់សាំងជំនួយរបស់អង្គការសុខភាពពិភពលោក,ជប៉ុន អង់គ្លេស និង អាមេរិកសរុបជិត ៣ លានដូស ( ១-AstraZeneca ជាជំនួយរបស់អង្គការសុខភាពពិភពលោកដែលផលិតនៅឥណ្ឌា៣២៤ ០០០ដូស ,២-AstraZeneca ជាជំនួយរបស់ប្រទេសជប៉ុន ១ ០០០ ០០០ដូស ៣-AstraZeneca ជាជំនួយរបស់អង់គ្លេស ៤១៥ ០០០ដូស ៤-Johnson & Johnson ជាជំនួយរបស់អាមេរិក ១ ០៦០ ១០០ដូស និង ៥-Sinovac ចំនួន ១២៤ ៨០០ដូស ) ៕