ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ បាន​ចំនួន​១០​លាន​៨៨​នាក់ រួចហើយ​គឺ​ស្មើនឹង​ជាង​១០០%​នៃ​ប្រជាពលរដ្ឋ ១០ លាន​នាក់​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ។ សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ថា​នេះ​ជា​ជោគជ័យ​ធំធេង​ណាស់​នៅក្នុង​ក្របខ័ណ្ឌ​នៃ ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​យើង ។ សម្តេច​តេ​ជោ​ក៏បាន​អប អរសាទរ​ចំពោះ​អុំ​ស្រី​ឈ្មោះ សុខ ផាត់ អាយុ​៨៩ ឆ្នាំ​រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀម រាប​ដែលជា​អ្នក​ចាក់​វ៉ាក់សាំង​លេខ​រៀង​ទី ១០ លាន ។

 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​នា​រាត្រី​ថ្ងៃទី ៣១ ខែតុលា ២០២១ ដែលមាន​ខ្លឹមសារ​ថា​៖«​នៅថ្ងៃនេះ​កម្ពុជា​យើង​បាន​ចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​-១៩ បាន​១០​លាន​៨៨​នាក់​រួចហើយ​គឺ​ស្មើនឹង​ជាង​១០០%​នៃ​ប្រជាពលរដ្ឋ ១០ លាន​នាក់​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ។ នេះ​ជា​ជោគជ័យ​ធំធេង​ណាស់​នៅក្នុង​ក្របខ័ណ្ឌ​នៃ ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​យើង​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ទោះបី​យើង​ចាក់​វ៉ាក់សាំង​បាន​ជាង​១០ លាន​នាក់​ស្មើនឹង​ជាង​១០០% នៃ​ចំនួន​គ្រោង​ដំបូង​ក៍ដោយ ក៍​យើង​នៅមាន​ប្រជាជន​រាប់ម៉ឺន​នាក់​ទៀត ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដែល​យើង​ត្រូវ​បន្ត​ចាក់​វ៉ាក់សាំង​ជូន​ឱយបាន​គ្រប់ៗ គ្នា ។ ក្រៅពី​ប្រជាជន​ដែលមាន​អាយុ ១៨​ឡើង​ចំនួន​ជាង​១០​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​យើង ក៍បាន​ចាក់​វ៉ាក់សាំង​ជូន​កុមារ​និង​យុវវ័យ​អាយុ​១២ ទៅ​១៨ ឆ្នាំ​បាន​ចំនួន​១.៧៨៨.៨០២​នាក់​ដែល​ស្មើនឹង ៩៧.៨៩% និង កុមារ​អាយុ​ពី ៦ ដល់​១២​ឆ្នាំ​បា​ចំនួន​១.៩២០.៥៩៩​នាក់ ស្មើនឹង​១០១.២២%​។​

​សម្តេច​តេ​ជោ​បន្តថា​៖​គិត​សរុប​យើង​បាន​ចាក់​វ៉ាក់សាំង​ជូន​ជនរួមជាតិ​យើង​ចំនួន ១៣.៧០៩. ៤៨៧ នាក់​ស្មើនឹង ៨៥.៦៨ % នៃ​ប្រជាជន​សរុប ១៦​លាន​នាក់ ។ កិច្ចការ​បន្ត​របស់ យើង​គឺ​ត្រូវ​បញ្ចប់​ការចាក់​ដូ​ស​ទី​២ សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី ១ និង​បន្ត​ចាក់​ជូន​ប្រជាជន​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ។ វា​កាន់តែ​សំខាន់​ជាង​ទៀត​គឺ​យើង​ត្រូវតែ បន្ត​ការខិតខំ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៣ ជូន​ប្រជាជន​យើង​ឱយខាងតែបាន​ដែល​មក​ដល់ពេលនេះ​យើង​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ប្រមា​ណន​ជិត​១០​លាន​ដូ​ស​និង​មាន​មនុ​ស្សបាន​ចាក់​វ៉ា​ក់ សាំង​ដូ​ស​ទី​៣ ប្រមាណ​ជិត​២​លាន​នាក់​រួចមកហើយ ។ វ៉ាក់សាំង​នឹង​មកដល់​ជា​បន្តបន្ទាប់​ទៀត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​ថ្ងៃស្អែក ១ វិ​ច្ឆ​កា ២០២១ យើង​នឹង​ចាប់ផ្តើម​ចាក់​ជូន​កុមារ​អាយុ ៥ ឆ្នាំ​ដែលមាន​ជាង ៣០ ម៉ឺន​នាក់​បន្តទៀត​។ ជាមួយនិង​ការ​កោត ស​សើរ​និង​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​តួរ​អង្គ​ពាក់​ព​ន្ធ័​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ជនរួមជាតិ​បន្ត​អនុវត្ត​វិធានការ​ការពារ​តាម ការណែនាំ​របស់​ក្រសួងសុខាភិបាល​ពិសេស​វិធានការ ៣ ការពារ និង ៣​កុំ ព្រោះថា​វ៉ាក់សាំង​តែមួយ​មុខ​បើទោះបី​ចាក់​បាន​ប៉ុន្មាន​ដូ​សរ​ហូត​មុជ​វ៉ាក់សាំង​ក៍​មិនអាច​ការពារ​បានដែរ ប្រសិនជា​បងប្អូន​ធ្វេសប្រហែស​បោះបង់ចោល​វិធី​ការពារ​ខ្លួន​តាមរយះ​វិធានការ​៣​ការពារ​និង​៣​កុំ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អបអរសាទរ​ចំពោះ អុំ​ស្រី​ឈ្មោះ សុខ ផាត់ អាយុ​៨៩​ឆ្នាំ​រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​ដែលជា​លេខ​រៀង​ទី ១០ លាន ។ សម្តេច​បន្តថា​លោកជំទាវ ឱ វណ្ណឌី​ន នឹង​នាំយក​ជំនួយ​ថវិកា​១០ លាន​រៀល​ព្រមទាំង​សម្ភារៈ​ផ្សេងៗ​ទៀ​តទៅ​ប្រគល់ជូន​ដោយផ្ទាល់​។ សម្តេច​ក៏បាន​ជូនពរ​ជូន​បងប្អូន​ជន រួម​ជាតិ​សូម​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩ ៕​