ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស់បិទជាផ្លូវ ការកម្រិតថ្នាក់ជាតិនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១ និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ៥ឆ្នាំដោយនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងធ្វើសន្និសីទកាសែតប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុ ៥ឆ្នាំនៅទីនោះផងដែរ។
គួររំលឹកថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកយុទ្ធនាការជាផ្លូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថ្នាក់ជាតិកាលពីថ្ងៃទី ១០ ខែកុម្ភៈ ។ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំចៅៗរបស់សម្តេចទៅចាក់វ៉ាក់សាំងកូវីដនៅវិមានសន្តិភាព និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុ ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ព្រមទាំងប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ កាលពីថ្ងៃទី១៧កញ្ញា ២០២១ ។
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ ៥ឆ្នាំ ដោយនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ យុទ្ធនាការនេះចាប់ផ្តើមដំបូងនៅភ្នំពេញ និងលើកូនចៅមន្ត្រីក្នុងជួររាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នជាតិនានា។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសក៏បានប្រកាសពីទីតាំងដែលត្រូវចាក់វ៉ាក់សាំងដល់កុមារ ដែលមានអាយុ៥ឆ្នាំ រួមមាននៅមន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មជ្ឈ មណ្ឌលជាតិគាំពារមាតានិងទារកមន្ទីរពេទ្យគន្ធបុប្ផានិងទីតាំងផ្សេងទៀតដែលត្រូវបានរៀបចំក្រោមឱវាទរបស់រដ្ឋបាលរាជធានីខេត្តទាំងអស់។
កូនចៅមន្ត្រីអង្គការសហប្រជាជាតិមន្ត្រីបុគ្គលិកស្ថានទូត ស្ថានកុងស៊ុល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា មន្ត្រីបុគ្គលិកអង្គការសហប្រជាជាតិ អន្តរជាតិនិងដៃគូផ្សេងទៀត និងកូនចៅឧកញ៉ា ដែលមានអាយុ ៥ឆ្នាំ ក៏ត្រូវបានក្រសួងសុខាភិបាល ប្រកាសឲ្យទៅចាក់វ៉ាក់សាំងកូវីដនៅមន្ទីរពេទ្យកាល់ម៉ែតចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី ៧វិច្ឆិកា។
តាមសេចក្តីប្រកាសរបសក្រសួងសុខាភិបាលកុមារអាយុ៥ឆ្នាំ ត្រូវចាក់វ៉ាក់សាំងកូវីដដោយមានគម្លាតរវាងដូសទី១និងទី២ រយៈពេល២៨ថ្ងៃ ។ រីឯឯកសារដែលកុមារ ត្រូវភ្ជាប់ទៅជាមួយគឺត្រូវមានមួយក្នុងចំណោមឯកសារទាំងនេះ ដូចជាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន បណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬបណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យារបស់ឪពុកម្តាយ ( ចំពោះកូនចៅមន្ត្រីរាជការថ្នាក់ជាតិ)៕
គិតត្រឹមថ្ងៃទី២២ ខែតុលាឆ្នាំ២០២១កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩សរុបចំនួនជាង៣៦.៥ លានដូសរួមមាន៖ វ៉ាក់សាំងចិន (Sinovac និង Sinopharm ) ជាង ៣៣.៥ លានដូសនិងវ៉ាក់សាំងជំនួយរបស់អង្គការសុខភាពពិភពលោក,ជប៉ុន អង់គ្លេស និង អាមេរិកសរុបជិត ៣ លានដូស ( ១-AstraZeneca ជាជំនួយរបស់អង្គការសុខភាពពិភពលោកដែលផលិតនៅឥណ្ឌា៣២៤ ០០០ដូស ,២-AstraZeneca ជាជំនួយរបស់ប្រទេសជប៉ុន ១ ០០០ ០០០ដូស ៣-AstraZeneca ជាជំនួយរបស់អង់គ្លេស ៤១៥ ០០០ដូស ៤-Johnson & Johnson ជាជំនួយរបស់អាមេរិក ១ ០៦០ ១០០ដូស និង ៥-Sinovac ចំនួន ១២៤ ៨០០ដូស ) ៕