ដោយ​:ម៉េង​ឆៃ / ភ្នំពេញ​:នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បើក​ដំណើរការ​ប្រទេស​ឡើងវិញ លើ​គ្រប់​វិស័យ ជាមួយនឹង​ការរស់នៅ​ជាមួយ​កូ​វីដ​១៩ តាមបែប​គន្លង​ថ្មី​។

​នៅក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​អ្នកមាន​អាយុ ៦​ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដល់​កុមារ​អាយុ ៥​ឆ្នាំ នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នូវ​ហេតុផល បួនចំណុច ដែល​នាំ​ឲ្យ​សម្តេចតេជោហ៊ាន​បើក​ប្រទេស​ឡើងវិញ ចាប់ពី​ថ្ងៃទី​១​វិច្ឆិកា​នេះ​តទៅ រួមមាន​៖ ១-​ប្រជាពលរដ្ឋ​កម្ពុជា​យើង ចាក់​វ៉ាក់សាំង បាន​ច្រើន, ២-​ការព្យាបាល​កូ​វីដ កន្លងមកមាន​ប្រសិទ្ធភាព​ខ្ពស់ ,៣-​អាជ្ញាធរ​សមត្ថកិច្ច មាន​បទពិសោធ​ក្នុងការ​ទប់ស្កាត់​នូវ​ការឆ្លង​ទ្រង់ទ្រាយ​ធំ និង​ទី​៤-​ប្រជាពលរដ្ឋ យល់ដឹង​ពី​កូ​វីដរស់​នៅតាម​គន្លង​ថ្មី និង​ព្យាបាល​តាម​ផ្ទះ​ដោយ​ខ្លួនឯង​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​បញ្ជា​ទិញ​ថ្នាំ​អាម៉េរិក សម្រាប់​ព្យាបាល​កូ​វីដ សម្រាប់​មនុស្ស ប្រាំម៉ឺន​នាក់ ដោយ​ត្រូវ​ចំណាយ ២,៥​លាន​ដុល្លារ​។

​សម្តេច​តេ​ជោ ក៏បាន​ប្រកាសថា កម្ពុជា​បានទទួល​ជោគជ័យ​លើ​ការគ្រប់គ្រង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ ក៏ដូចជា បាន​ត្រៀម​រួចរាល់​ហើយ​ផងដែរ ក្នុងករណី ដែល​អាច​ផ្ទុះឡើង​ជាថ្មី នាពេលខាងមុខ​។

​ទន្ទឹមនឹង​ការបើក​ដំណើរការ​ប្រទេស​ឡើងវិញ​ពេញលេញ ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា​នេះ​តទៅ សម្តេចតេជោនាយក​រដ្ឋមន្ត្រី ក៏បាន​បន្ត​ក្រើនរំលឹក និង​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប បន្ត​អនុវត្តន៍​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីត​១៩ អោយបាន​ហ្មត់ចត់​ផងដែរ​។​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ណែនាំ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច គិតគូរ​លើ​ការបើក​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក​ឡើងវិញ ខណៈដែល​ប្រទេសបើក​ឡើងវិញ ដោយ​ដំណើរការ​លើ​គ្រប់​វិស័យ​។ ចំណែក​ពិធីបុណ្យ​អុំទូក នា​ថ្ងៃទី​១៨-១៩-២០ ខែតុលា​ខាងមុខនេះ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ឲ្យ​ឈប់សម្រាក​ធម្មតា ហើយ​ឲ្យ​ប្រជាពលរដ្ឋ ដើរលេង ដូច​កាលពីពេល​បុណ្យ​ភ្ជុំបិណ្ឌ​។ តែ​សម្តេច មិនបាន​ប្រកាស​ឲ្យ​ច្បាស់​ថា នៅ​ឆ្នាំនេះ រៀបចំ​ពិធីបុណ្យ​អុំទូក នៅមុខ​ព្រះបរមរាជវាំង​ដែរ ឬទេ​នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាសថា ការបិទ​ប្រទេស​កន្លងទៅ គឺ​បញ្ចៀស​គ្រោះថ្នាក់ ដោយ​យើង​មិន​ធ្លាក់​ជ្រោះ​នោះទេ​។ ប៉ុន្តែ​ពេលនេះ ការបើក​ប្រទេស​ឡើងវិញ គឺ​ធ្វើតាម​ជាក់ស្តែង គន្លង​ថ្មី និង​ស្តង់ដារ​ប្រតិបត្តិ​សុវត្ថិភាព​។ ក្នុងនោះ ពីមុន​បើ​នៅ​ផ្សា​រណា ឆ្លង​កូ​វីដ គឺ​យើង​បិទ​ផ្សារ​ទាំងមូល​តែម្តង​។ តែ​ឥឡូវ​មិន​ដូច្នោះ​ទេ បើ​ផ្សា​រណា​ឆ្លង គឺ​យក​អ្នក​ឆ្លង ទៅ​ព្យាបាល ហើយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​។ ផ្សារ​នោះ នៅ​បើក​លក់​ធម្មតា​។ នៅ​រោងចក្រ​កាត់ដេរ និង​នៅ​សាលារៀន​ក៏​ដូចគ្នា បើ​មាន​អ្នក​ឆ្លង​កូ​វីដ យកទៅ​ព្យាបាល ហើយ​រោងចក្រ និង​សាលារៀន​នោះ នៅ​បើក​ដំណើរការ​ជាធម្មតា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា បើ​មិន​សម្រេច​បើក​ប្រទេស​ឡើងវិញ​ទេ នោះ​យើង​នឹង​ស្លាប់ ដោយ​សេដ្ឋកិច្ច ដែល​វេទនា​ជាង​ស្លាប់​ដោយ​កូ​វីដ​ទៅទៀត​។​

​ជាមួយនឹង​ការសម្រេច​បើក​ប្រទេស​ឡើងវិញនាន​ថ្ងៃទី​១ ខែវិច្ឆិកា កម្ពុជា ក៏បាន​សម្រេច​បើក​ដំណើរការ​សាលារៀន​ឡើងវិញ លើ​គ្រប់​កម្រិត ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ បឋមសិក្សា រហូតដល់​ឧ​ត្ត​មសិ​ក្សា និង​ការបណ្តុះបណ្តាល​គ្រូ នៅ​ទូទាំងប្រទេស​។ ការសម្រេច​នេះ ក៏​ដោយសារតែ​ការបើក​ដំណើរការ​សាលារៀន​សាកល្បង នៅ​ថ្នាក់​អនុវិទ្យាល័យ និង​ថ្នាក់​វិទ្យាល័យ កាលពី​ខែកញ្ញា គឺ​មិនមាន​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ទ្រង់ទ្រាយ​ធំ រហូតដល់​បិទ​សាលារៀន​នោះទេ​។ ម្យ៉ាងទៀត ទាំង​សិស្ស ទាំង​គ្រូ សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង ខណៈដែល​សរុប​អ្នក​ចាក់​វ៉ាក់សាំង នៅ​ទូទាំងប្រទេស មាន​ជាង ១៣​លាន ៧០​ម៉ឺន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប ១៦​លាន​នាក់​។​

​នៅ​ថ្ងៃទី​១​វិច្ឆិកា​នេះ កម្ពុជា​ក៏​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ ៥​ឆ្នាំ នៅ​ទូទាំងប្រទេស ដែលមាន​ចំនួន​ជាង ៣០​ម៉ឺន​នាក់​។ នេះ​គឺជា​វិធានការ​ធ្វើ​ឲ្យ​មាន​ភាពស៊ាំ​នៅ​សហគមន៍​យើង​កាន់តែ​រឹងមាំ​។ ពោលគឺ​ទោះបីជា​កូ​វីដ នៅ​បន្ត​ឆ្លង​ក្រោម ១០០​នាក់ និង​ស្លាប់​ក្រោម ១០​នាក់ ក្នុង​មួយថ្ងៃៗ ក៏ដោយ តែ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា អាច​គ្រប់គ្រង​បាន ខណៈដែល​ប្រជាពលរដ្ឋ ក៏បាន​ចូលរួម និង​បន្ត​អនុវត្ត​វិធានការ ៣​ការពារ និង ៣​កុំ ជាប់​ជាប្រចាំ ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​សឹងតែ​គ្រប់គ្នា​ក៏ដោយ​។​

​ដូច្នេះ​ការសម្រេច​បើក​ប្រទេស​ឡើងវិញ និង​ការបើក​សាលារៀន​ឡើងវិញ លើ​គ្រប់​កម្រិត នាពេលនេះ មិនមែន​ធ្វើ​ដោយ​ប្រថុយប្រថាន​ទេ តែ​ដោយ​ហ្មត់ចត់ ក្រោម​វិធានការ​ច្បាស់លាស់ ដើម្បី​ការពារ​ការឆ្លង​រាលដាល​កូ​វីដ​១៩ ទោះបីជា​ពេលនេះ កម្ពុជា ក៏ដូចជា​ពិភពលោក មិនទាន់មាន​សុវត្ថិភាព​ទាំងស្រុង​ពី​កូ​វីដ​នៅឡើយ​ក្តី​៕​