​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ម៉ាស៊ីនត្រជាក់​និង​កំប៉ុង​ទឹក​ហាក់ដូចជា​វត្ថុ​មិន​ទាក់ទង​គ្នា​ទេ ប៉ុន្តែ​រឿង​នោះ​គឺ​នៅ​មុន​ពេល​កំប៉ុង​ទឹក​ដែក ACMug​លេច​រូបរាង​ឡើង​ប៉ុណ្ណោះ​។​ដូច​ដែល​ឈ្មោះ​ផលិត​​ផល​បាន​ប្រាប់​រួច​អ៊ីចឹង ACMug គឺជា​កំប៉ុង​ទឹក​និង​ម៉ាស៊ីនត្រជាក់​ចល័ត​រួមបញ្ចូល​គ្នា​តែ​មួយ​។​

​ពិត​ណាស់​វា​ប្រហែល​មិនមែន​ជា​ម៉ាស៊ីនត្រជាក់​ចំ​តួ​នោះទេ ប៉ុន្តែ​វា​ជា​កង្ហារ​ត្រជាក់​…​ដែល​បង្កើតឡើង​ក្នុង​កំប៉ុង​ទឹក​។ ក្រុមហ៊ុន​ផលិត​បាន​អះអាងថា កំប៉ុង​ទឹក​នេះ​អាច​ផលិត​សីតុណ្ហភាព​ត្រជាក់ ៧ អង្សា​សេ​។​

​រន្ធ​ខ្យល់​ចំនួន​ពីរ​របស់ ACMug មាន​ម៉ូទ័រ​ផ្លុំ​ខ្យល់ដែល​រុញ​ខ្យល់​ត្រជាក់​ចេញ​នៅ​មុំ ១៥ ដឺ​ក្រេ​ឡើង​លើ និង​មាន​ជម្រើស​ល្បឿន​ខ្យល់​ចំនួន ៣​។​

​ប៉ុន្តែ​តើ​ខ្យល់​ត្រជាក់​ចេញមក​ពី​ណា​? ខ្យល់​ត្រជាក់​គឺ​ចេញ​មកពី​ទឹកកក​ដែល​អ្នក​ដាក់​លាយ​ជាមួយ​ភេសជ្ជៈ​ក្នុង​កំប៉ុង​។​នៅពេល​ដែល​ខ្យល់​ដែល​ទាញ​ចូលទៅ​ក្នុង​កំប៉ុង​នោះ​ឆ្លងកាត់​បណ្តាញ​​លំហូរ​ខ្យល់ កំដៅ​នឹងត្រូវ​ផ្ទេរ​ទៅ​ស្រទាប់​ដែក​អ៊ី​ណុ​ក ហើយ​ខ្យល់​ត្រជាក់​នឹងត្រូវ​ផ្លុំ​ចេញ​តាម​រន្ធ​ខ្យល់​។​

​កំប៉ុង ACMug មាន​លក់​ហើយ​ក្នុងតម្លៃ ១០៩ ដុល្លារ​៕

​កំប៉ុង ACMug អាច​ដាក់​ទឹក​ផង​និង​ប្រើ​ជា​ម៉ាស៊ីនត្រជាក់​ចល័ត​ផង​