​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នក​ធ្លាប់​ឮ​ហើយ​អំពី​ឡាន​ទំនើប​និង​ម៉ូតូ​ទំនើប​ឬ​ឡាន​ហោះ​។ ឥឡូវនេះ ជួប​ជាមួយ​ឡាន​មុជទឹក​វិញ​ម្តង​គឺ Super Sub​។ Super Sub​ក៏​ជា​របស់​ក្រុមហ៊ុន​​ផលិត​នាវាមុជទឹក​របស់​ហូឡង់​ដែរ ដែល​ផលិត​នាវាមុជទឹក​ឯកជន​ចុងក្រោយ​បំផុត​និង​លឿន​បំផុត​ឈ្មោះថា U-Boat Worx​។​

​ឡាន Super Sub ប្រហែល​មិន​មាន​រូបរាង​ដូច​ឡាន​មុជទឹក U-Boat Worx HiPer នោះទេ ប៉ុន្តែ​វា​គឺជា​ប្រភេទ​ឡាន​មុជទឹក​អ៊ីដ្រូឌី​ណាមិក​ខ្លាំង​បំផុត​នៅលើ​ទីផ្សារ​ដោយ​សារ​​ទម្រង់​កន្ទុយ​វែង​រាង​ដូច​ដំណក់ទឹក​របស់​វា ការ​រចនា​ស្លាប​ដ៏​ទំនើប និង ប្រព័ន្ធ​រុញ​ល្អ​បំផុត រួម​ជាមួយ​ម៉ាស៊ីន​រុញ​ដ៏​ខ្លាំង​ចំនួន ៤ ដែល​ផ្តល់​ថាមពល​សរុប ៦០ គីឡូវ៉ាត់​។​

​ប្រព័ន្ធ ៦០ គីឡូវ៉ាត់​នេះ​ផ្តល់​លទ្ធភាព​ឱ្យ​ឡាន​មុជទឹក​បើក​ឡើង​លើ​នៅ​មុំ ៣០ ដឺ​ក្រេ​និង​មុជ​ចុះ​ទឹក​និង​រុញ​ទៅ​មុខ​ក្នុង​ល្បឿន​រហូត ១៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ និយាយ​ពី​ល្បឿន​ត្រី​ដូ​ហ្វី​ន​​ជា​មធ្យម​គឺមាន​ល្បឿន​នៅ​ចន្លោះ​ពី ៥ ទៅ ១១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​។​

​ជាមួយនឹង Super Sub អ្នកបើកបរ​ម្នាក់​និង​អ្នកដំណើរ​ពីរ​នាក់​អាច​មុជ​ចុះ​ដល់​ជម្រៅ ៣០០ ម៉ែត្រ​និង​មើល​ទេសភាព​ពិភពលោក​ក្រោម​ទឹក​បាន​កម្រិត ៣៦០ ដឺ​ក្រេ​ដោយសារ​គម្រប​ថ្លា​របស់​វា​។ ប្រព័ន្ធ​ខ្សែក្រវាត់​ប្រាំ​ចំណុច​របស់​វា​ធានា​ឱ្យ​ភ្ញៀវ​អង្គុយ​ដោយ​សុវត្ថិភាព​សម្រាប់​ដំណើរ​កម្សាន្ត​ក្រោម​ទឹក​។​

​ជា​ការពិត​ឡាន​មុជទឹក​គំរូ​ដំបូង​គេ​ត្រូវ​បាន​លក់​ហើយ ប៉ុន្តែ​វា​នឹង​ចាប់ផ្តើម​លក់​លើ​ទីផ្សារ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០២៣ ៕

​ឡាន​មុជទឹក Super Sub នឹង​លក់​លើ​ទីផ្សារ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០២៣​