ដោយ:ពៅនិមល/ភ្នំពេញ:មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិកថា គិតត្រឹមខែសីហា (៨ខែ) ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មសរុបមានចំនួនប្រមាណជាង ៥,៥ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ២៨.៤៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២០។

ក្រោយចប់ជំនួបការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ អាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ Amb. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ កាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាម៉េរិក ដែលមានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀត រួមមាន៖ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន FordMotor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Jhpiego ជាដើម។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រី បានលើកឡើងពីភាពជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនកម្ពុជា និងការត្រៀមខ្លួនរបស់កម្ពុជាលើការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋា ភិបាលកម្ពុជាទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្ត ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីស្តារនិងជំរុញសេដ្ឋកិច្ចកម្ពុជា ដែលមានដូចជា៖ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង មុខងារ និងតួនាទីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ពិសេសគឺការយកចិត្តទុកដាក់ដល់ការការពារកម្មសិទ្ធិបញ្ញា។ ម្យ៉ាងទៀត កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីឆ្នាំមុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ រួមទាំងសមាជិកភាពរបស់កម្ពុជា នៅក្នុងកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP) ផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានលើកទឹកចិត្ត និងបន្តគាំទ្រ សម្របសម្រួលក្រមហ៊ុនអាម៉េរិក ដែលមានសំណូមពរ និងចម្ងល់ផ្សេងៗ អាចទាក់ទងមកក្រសួងពាណិជ្ជកម្ម ឬលោកផ្ទាល់ ដើម្បីដោះស្រាយ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ជាការឆ្លើយតប ភាគីអាម៉េរិកបានសម្ដែងនូវអំណរសាទរចំពោះកម្ពុជា ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំង និងការបើកសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ ក្រុមហ៊ុនអាម៉េរិកក៏បានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា ជាពិសេសនោះគឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ និងការគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។

ទន្នឹមនឹងនោះ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានសម្តែងការអរគុណជូនចំពោះលោករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននៅកម្ពុជា។

លោករដ្ឋមន្ត្រីបានថ្លែងការកោតសរសើរ និងអំណរគុណចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន និងតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំនេះ លោកក៏បានសម្តែងសុទិដ្ឋិនិយម និងសង្ឃឹមថា ក្រុមហ៊ុនទាំងអស់នឹងបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា៕srn