ដោយ៖រិទ្ធិសែន/ពោធិ៍សាត់៖ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ ផ្លូវក្នុងក្រុងពោធិ៍សាត់ចំនួន២ខ្សែ ដែលជាផ្លូវអធិភាពក្នុងចំណោមផ្លូវជាច្រើនទៀត នឹងត្រូវបើកការដ្ឋានស្ថាបនាសាងសង់ នៅថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ។ នេះបើយោងទៅតាមកិច្ចប្រជុំពិភាក្សាការងារ ជុំវិញការពន្លឿនវឌ្ឍនភាព នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ក្រុងពោធិ៍សាត់ ដែលបានធ្វើឡើង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំ Video Conference ខេត្ត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាមួយអាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារអន្តរក្រសួងមួយចំនួនទៀត។
អភិបាលខេត្តពោធិ៍សាត់លោក ជាវ តាយ បានចាប់អារម្មណ៍ខ្ពស់ និងដាក់ផែនការមេជាបន្តបន្ទាប់ ទៅលើការស្ថាបនាសាងសង់ «ផ្លូវក្រាលកៅស៊ូ DBST ផ្លូវលេខ២០៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវលេខ២០៥+២០៦+១០៣» ដែលជាផ្លូវអាទិភាពមួយ ក្នុងចំណោមផ្លូវជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសិស្សានុសិស្ស និងបងប្អូនអាជីវក ក្រោយពីបានជីកកាយកប់ប្រព័ន្ធលូរំដោះទឹកភ្លៀង (ទឹកស្អុយ) នោះរួចរាល់។
សូមបញ្ជាក់ថា ទាក់ទងនឹងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប គឺជាកញ្ចប់ថវិកាកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន៩,៩៣លានដុល្លារ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលក្នុងនោះរួមមាន «អាងប្រព្រឹត្តកម្មទឹកកខ្វក់, ប្រព័ន្ធលូរំដោះទឹកភ្លៀង, ទំនប់ការពារទឹកជំនន់ , ទីលានចាក់សម្រាម និងការធ្វើឱ្យប្រសើរឡើង ផ្លូវកៅស៊ូថ្មីក្នុងក្រុងពោធិ៍សាត់»។
បច្ចុប្បន្ននេះ ទីលានទុកដាក់សម្រាម សម្រេចបាននូវសមិទ្ធផលរួម បាន៨៥%ហើយ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ នៅចុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។ ចំពោះអាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូ DBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ គ្រោងនឹងបញ្ចប់ការដ្ឋាន នៅខែមីនា ឆ្នាំ២០២២ខាងមុខនេះផងដែរ។
បើទោះបីគម្រោងទាំងអស់នេះកំពុងដំណើរការ និងមានការកកស្ទះខ្លះៗក៏ពិតមែន ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ នៅតែស្នើយ៉ាងទទូច ឱ្យជួយពន្លឿនការស្ថាបនាសាងសង់គម្រោងទាំងនោះ ឱ្យបានឆាប់រហ័ស ដើម្បីជាគុណប្រយោជន៍ ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋបានប្រើប្រាស់៕