ដោយៈ សុផល / ភ្នំពេញ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ ធ្វើផែនទីបណ្ដាញផ្លូវថ្នល់ ឆ្នាំ២០២០ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលើពង្រាងចុងក្រោយ ផែនទីបណ្តាញផ្លូវថ្នល់ ឆ្នាំ២០២០ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក មន្ត្រីជំនាញបច្ចេកទេស មកពីអង្គភាពក្រោមឱវាទ ក្រសួង និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំផែនទី បណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត ហើយផលិតចេញ ជាផែនទី ឱ្យបានចប់សព្វគ្រប់ ដើម្បីជួយសម្រួល ដល់ការងារគ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើបច្ចុប្បន្នភាព បញ្ជីសារពើភណ្ឌ បណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត ក្រោមការគ្រប់គ្រងរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងរៀបចំចេញជាផែនទី បណ្ដាញផ្លូវ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវ ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
អង្គប្រជុំ បានផ្តោតការពិភាក្សា លើការពិនិត្យឡើងវិញ និងកែសម្រួលសេចក្តីព្រាង បញ្ជីសារពើភណ្ឌផ្លូវថ្នល់រួម ក្រោមសមត្ថកិច្ច គ្រប់គ្រងរបស់ក្រសួង ដើម្បីបំពេញ បន្ថែម ចំណុចខ្វះខាត តាមការលើកឡើង របស់ភាគីពាក់ព័ន្ធ ការបែងចែកខ្សែផ្លូវ តាមតំបន់ស្របតាម ស្តង់ដា ដែលបានកំណត់ និងការដាក់បញ្ចូលខ្សែផ្លូវ និងលេខផ្លូវ ទៅក្នុងបញ្ជីសារពើភណ្ឌ ឱ្យបានសមស្រប។
ថ្លែងទៅកាន់អង្គប្រជុំ នាឱកាសនោះ លោករដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យ មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេស មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ផ្តល់មតិយោបល់បន្ថែម លើពង្រាងទិន្នន័យផែនទី ក៏ដូចជា ធ្វើការបញ្ជាក់ឱ្យបាន ច្បាស់លាស់ ផ្លូវថ្នល់ដែលស្ថិតនៅក្រោមសមត្ថកិច្ច នៃការគ្រប់គ្រងរបស់ខ្លួន សំដៅធ្វើយ៉ាងណា ឱ្យការធ្វើបច្ចុប្បន្នភាព បញ្ជីសារពើភណ្ឌ និងរៀបចំជាផែនទី បណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត ក្រោមការគ្រប់គ្រង របស់ក្រសួង ទទួលបានជោគជ័យ។
គួរកត់សម្គាល់ថា ផ្លូវជាតិសំដៅដល់ផ្លូវ ដែលមានចរាចរណ៍ច្រើន និងមានលក្ខណៈ សម្គាល់ ដូចតទៅនេះ៖ ក) ផ្លូវភ្ជាប់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងនៃ ខេត្តនីមួយៗ នៅទូទាំងប្រទេស , ខ) ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់ក្រុង នៃខេត្តមួយទៀត , គ) ផ្លូវភ្ជាប់ចេញពីផ្លូវជាតិឆ្ពោះទៅកាន់ផ្លូវជាតិ , ឃ) ផ្លូវបែកចេញ ពីផ្លូវជាតិ ឆ្ពោះទៅកាន់ក្រុង នៃខេត្តមួយ , ង) ផ្លូវបែកចេញពីផ្លូវជាតិ ឬផ្លូវភ្ជាប់ចេញ ពីក្រុង នៃខេត្តមួយ ឆ្ពោះទៅកាន់តំបន់ សំខាន់ៗ ដូចជា៖ កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់មានសក្តានុពល សេដ្ឋកិច្ចសំខាន់ៗ ផ្សេងទៀត ច) ផ្លូវសំខាន់ៗរបស់ជាតិ មានចរាចរណ៍ច្រើន ដែលកំណត់ដោយរាជរដ្ឋាភិបាល តាមសំណើរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយឡែក ផ្លូវខេត្តសំដៅដល់ផ្លូវ ដែលត្រូវបានកំណត់ ដូចតទៅនេះ៖ ក. ផ្លូវភ្ជាប់ ចេញពី ក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ, ខ) ផ្លូវបែកចេញពី ផ្លូវជាតិ ឆ្ពោះទៅកាន់ ផ្លូវខេត្ត , គ) ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុងឆ្ពោះទៅកាន់ទីរួម ស្រុកខណ្ឌ, ឃ) ផ្លូវភ្ជាប់ចេញ ពីក្រុង នៃខេត្តមួយ ឆ្ពោះទៅកាន់ផ្លូវខេត្ត , ង) ផ្លូវបែកចេញពីផ្លូវខេត្ត ឆ្ពោះទៅកាន់ផ្លូវខេត្ត ច) ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុង ឬផ្លូវទីប្រជុំជននានា ក្នុងខេត្ត ទៅកាន់តំបន់សំខាន់ៗ ដូចជា៖ កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយ ដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែន ទ្វេភាគី តំបន់មានសក្តានុពលសេដ្ឋកិច្ច មធ្យមផ្សេងទៀត៕/V-PC