ដោយៈ​ដេប៉ូ​/.​ភ្នំពេញៈ​”​ហេតុអ្វី​បានជា​បឹង​ទន្លេសាប​ត្រូវបាន​ចាត់ទុកជា​ឋបនីយ​ជីវ​មណ្ឌល​? “​នេះ​ជា​ចំណងជើង​អត្ថបទ​ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​នា​ព្រឹក​ថ្ងៃទី​៤ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ។

​លោក​សរសេរថា ផ្អែក​និយមន័យ​ដែល​កំណត់ដោយ​អង្គការសហប្រជាជាតិ​សម្រាប់​ការអប់រំ វប្បធម៌ និង​វិទ្យាសាស្ត្រ (UNESCO) ឋបនីយ​ជីវ​មណ្ឌល គឺជា​កន្លែង​សិក្សា​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ហើយ​វា​ជា​កន្លែង​សម្រាប់​សាកល្បង​វិធីសាស្ត្រ​អន្តរ​កម្ម​សម្រាប់​ការស្វែងយល់ និង​គ្រប់គ្រង​ការផ្លាស់ប្តូរ និង​អន្តរ​កម្ម​រវាង​ប្រព័ន្ធ​សង្គម និង​អេកូឡូស៊ី រួមទាំង​ការការពារ​ជម្លោះ និង​ការគ្រប់គ្រង​ជីវចម្រុះ និង​ជា​កន្លែង​ដែល​ផ្តល់​ដំណោះស្រាយ​ក្នុង​តំបន់​ចំពោះ​បញ្ហា​ប្រឈម​ជាស​កល​។ ឋបនីយ​ជីវ​មណ្ឌល រួមមាន​ប្រព័ន្ធ​អេកូឡូស៊ី​លើដី សមុទ្រ និង​ឆ្នេរសមុទ្រ​។ (​ប្រភព​៖ គេហទំព័រ​អង្គការ UNESCO https://en.unesco.org/biosphere/about)​។​

​លោក​បន្តថា ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ត្រូវបាន​កំណត់ដោយ​អង្គការសហប្រជាជាតិ​សម្រាប់​ការអប់រំ វប្បធម៌ និង​វិទ្យាសាស្ត្រ (UNESCO) នៅ​ឆ្នាំ​១៩៩៧ ដោយ​ក្នុងនោះ​មាន​បឹង​ទន្លេសាប និង​តំបន់​ទំនាប​លិច​ទឹក ដែលមាន​ប្រភេទ​ប្រព័ន្ធ​អេកូឡូស៊ី​ដី​សើម​អាស្រ័យ​គ្នា​ទៅវិញទៅមក​០៣​ផ្សេងគ្នា​គឺ​រួមមាន (i) តំបន់​វាលលំហរ​ទឹក​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បឹង (ii) តំបន់​ព្រៃ​វាលភក់​ទឹកសាប និង (iii) តំបន់​វាលស្មៅ​លិច​ទឹក​តាម​រដូវ​។ ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប មាន​ទំហំ​ប្រមាណ​ជា ១,៤៨១,២៥៧ ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​០៥ គឺ​ខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និង​កំពង់ឆ្នាំង​។​

ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​មាន​តំបន់​ស្នូល​បី​គឺ តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ និង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​។​

​ប្រភេទ​ជីវៈចម្រុះ​នៅ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​មានដូចជា​ប្រ​ភ​ទស​ត្វ​ស្លាប​ទឹក​ប្រមាណ​ជា​២២៥​ប្រភេទ ម​ច្ចា​ជាតិ​១៧៥​ប្រភេទ ថនិកសត្វ​៤៦​ប្រ​ភ​ទេ ល្មូ​ន​៤២​ប្រភេទ និង​រុក្ខជាតិ​២០០​ប្រភេទ​។​

​អ្នកនាំពាក្យ​ដដែល​បន្តថា​បច្ចុប្បន្ន​ក្រសួងបរិស្ថាន បាន​នឹង​កំពុង​សហការ​ជាមួយ​អង្គការ​យូណេស្កូ​( UNESCO) ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​រៀបចំ​ផែនការ​គ្រប់គ្រង​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ដោយ​ក្នុងនោះ​មាន​សកម្មភាព​សំខាន់ៗ​ដូចជា​ការស្តារ និង​គ្រប់គ្រង​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ដីសើម ការគ្រប់គ្រង​ប្រព័ន្ធ​ជលសា​ស្ត្រ និង​ការដាក់ចេញ​ជា​យន្តការ​សម្រាប់​ជំរុញ​ដល់​ការអភិរក្ស​ជីវចម្រុះ ធនធានធម្មជាតិ និង​ការលើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព​ជាដើម​៕​សរន​

ហេតុអ្វី​បានជា​បឹង​ទន្លេសាប​ត្រូវបាន​ចាត់ទុកជា”​ឋបនីយ​ជីវ​មណ្ឌល​? “(រូបថត ហ្វេសប៊ុក លោក នេត្រ ភក្រ្តា)