ភ្នំពេញៈ នៅកម្ពុជាពុំដែលមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងទៅនិងអ្នកសារព័ត៌មាននោះទេ។ ហើយចាប់តាំងពីឆ្នាំ២០០២ មក គឺពុំឃើញមានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានគេធ្វើឃាតនៅក្នុងអំឡុងពេលចុះទៅយកព័ត៌មាន ឬក៏រាយការណ៍ ព័ត៌មាននោះទេ ហើយការប្រើប្រាស់ពាក្យប្រឆាំងឧក្រិដ្ឋកម្មចំពោះអ្នកសារព័ត៌មាននៅក្នុងបរិបទនៃការអនុវត្តវិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជាគឺមិនសមស្របនោះទេ។នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន។ការឆ្លើយតបនេះបានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចកាលពីថ្ងៃទី២ ខែវិច្ឆិកាកន្លងទៅបានលើកឡើងពីបញ្ហានេះ។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ AMS នៅថ្ងៃទី៤ ខែវិច្ឆិកានេះថា ចំពោះការប្រើប្រាស់ ពាក្យប្រឆាំងឧក្រិដ្ឋកម្មចំពោះអ្នកសារព័ត៌មាននៅក្នុងបរិបទនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមិនសមស្របនោះទេហើយក៏មិនបានឆ្លុះបញ្ចាំងអំពីបរិយាកាសនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ពីព្រោះនៅកម្ពុជាពុំដែលមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងទៅនិងអ្នកសារព័ត៌មាននោះទេ។

លោកបន្តថាចាប់តាំងពីឆ្នាំ២០០២មកគឺពុំឃើញមានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានគេធ្វើឃាតនៅក្នុងអំឡុងពេលចុះទៅយកព័ត៌មាន ឬក៏រាយការណ៍ព័ត៌មាននោះទេ។

ទាក់ទងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលថា ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាននៅកម្ពុជានៅតែកើត ឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មានអះអាងថាការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានធានាយ៉ាងគត់មុតទៅតាមច្បាប់របបសារព័ត៌មាន និងស្របទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការអនុវត្តសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន គឺត្រូវតែអនុលោមទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។តាមរយៈការគោរពនូវច្បាប់របបសារព័ត៌មាននេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការនានាដើម្បីគាំពារក៏ដូចជាការលើកម្ពស់នៃការអនុវត្តសិទ្ធិសេរីភាពខសារព័ត៌មាននៅកម្ពុជាផងដែរ។ ជាក់ស្តែងកន្លងមកនេះ រាជរដ្ឋាភិបាបានរៀបចំឲ្យមានអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រុមអ្នក នាំពាក្យតាមក្រសួង ស្ថាប័ន ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលនៅក្នុងការប្រាស្រ័យទំនាក់ទំនងក៏ដូចជាការ ផ្តល់ព័ត៌មានជូនទៅដល់អ្នកសារព័ត៌មាន ក៏ដូចសាធារណជនទូទៅផងដែរ និងតាមរយៈប្រកាសរួមរវាងក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ ក៏បង្កើតឲ្យមានមន្ត្រីអ្នកនាំពាក្យ ក៏ដូចជាមន្ត្រីព័ត៌មាននៅតាមរាជធានី ខេត្តក្នុងគោលបំណងផ្តល់ ព័ត៌មានទៅដល់អ្នកសារព័ត៌មាន ក៏ដូចសាធារណជនទូទៅនៅតាមមូលដ្ឋាន នៃរដ្ឋបាលរាជធានី ខេត្ត និមួយៗផងដែរ ។បន្ថែមពីនេះដើម្បីបង្កលក្ខណៈងាយស្រួលនៅក្នុងការអនុវត្តវិជ្ជាជីវៈនេះគឺរាជរដ្ឋាភិបាលដែលមានក្រសួងព័ត៌មានជាសេនាធិការបានធ្វើប្រតិភូកម្មមុខងារមួយចំនួនទៅដល់រដ្ឋបាលថ្នាក់រាជធានីខេត្តដើម្បីផ្តល់សេវាជូនអ្នកសារព័ត៌មានកាន់តែឆាប់រហ័ស និងកាន់តែងាយស្រួលជាងមុនដូចជាបន្តសុពលលភាពអាជ្ញាប័ណ្ណសារព័ត៌មានក៏ដូចជាពន្យាសុពលភាព សម្រាប់អ្នកសារព័ត៌មានផងដែរ ។

លោកបន្តថា បន្ថែមពីនេះ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ប្រមុខរាជរដ្ឋាភិបាលក្រុមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកអ្នកសារព័ត៌មានគឺជាក្រុមអាទិភាពនៅក្នុងការទទួល បាននូវវ៉ាក់សាំងការពារជំងឺកូវីដហើយតាមរយៈនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មានសហការជាមួយសុខាភិបាលសម្រេចបានលទ្ធផលគួរជាទីមោទនៈដោយអ្នកសារព័ត៌មានជាង ៥ពាន់នាក់ បានទទួលវ៉ាក់សាំងដោយឥតគិតថ្លៃ ពីរាជរដ្ឋាភិបាល ហើយក៏កំពុងទទួលបាននូវវ៉ាក់សាំងដូសជម្រុញផងដែរ។

ក្រៅពីនេះតាមរយៈការលើកជាសំណើរបស់អ្នកសារព័ត៌មាននាពេលកន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្រាប់ក្រសួងព័ត៌មានក៏ដូចជាក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោក្នុងការផ្តល់សេវាជំនួយផ្នែកផ្លូវច្បាប់ដល់អ្នកសារព័ត៌មាននៅពេលដែលមានវិវាទពាក់ព័ន្ធទៅនិងវិជ្ជាជីវៈសារព័ត៌មានផងដែរដែលទាំងអស់ នេះបង្ហាញពីការយកចិត្តទុកដាក់និងការលើកកម្ពស់នៅសិទ្ធិសេរីភាពសារព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាមិនដូចទៅ និងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចនោះទេ។

លោកមាស សុភ័ណ្ឌ បានបន្តថា ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនគឺមិនបានឆ្លុះបញ្ចាំងអំពី ភាពពិតប្រាកដនៃករណីនិមួយៗនោះទេ គាត់លើកតែហេតុដោយមិនបានធ្វើការសិក្សាស្រាវជ្រាវនិងស្វែងរកព័ត៌មាន លម្អិតអំពីករណីនីមួយៗ នោះឡើយ៕ ដោយៈ ពលជ័យ

(ប្រភពAMS)