ដោយ:ដេប៉ូ/ភ្នំពេញ: លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្តែងនូវការអបអរ សាទរនូវសមិទ្ធផលទាំងឡាយក្នុងរយៈពេល២០ឆ្នាំកន្លងមកនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។តាមរយៈនេះ លោករដ្ឋមន្រ្តីចាត់ទុកថា បានរួមចំណែកយ៉ាងសំខាន់ លើការនាំចេញឧស្សាហកម្មកាត់ដេរដែលជាផ្នែកមួយក្នុង ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ថ្លែងក្នុងឱកាសអបអរសាទរពិធីគម្រប់ខួប២០ឆ្នាំ នៃការបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដែលប្រព្រឹត្តធ្វើ ឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១លោក អ៊ិត សំហេងបានឱ្យដឹងថា នេះជាឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្រ្តនៃការអភិវឌ្ឍវិស័យការងាររបស់កម្ពុជាដែលសបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តដ៏មុតមាំនិងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់លក្ខខណ្ឌការងារតាមរយៈការផ្សាភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ។ផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងវិស័យកាត់ដេររាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពង្រីកវិសាលភាព នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដោយបញ្ចូលរោងចក្រផលិតផលិតផលធ្វើដំណើរនិងកាបូប តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្មសមាគម រោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ( ILO )សម្រាប់ឆ្នាំ២០២០-២០២២។

លោករដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាចិត្តខ្ពស់ណាស់ក្នុងការលើកកម្ពស់លក្ខខណ្ឌ ការងារការពារសិទ្ធិនិងអត្ថប្រយោជន៍បងប្អូនកម្មករនិយោជិតនិងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដែលបានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាម៉រិកក្នុងឆ្នាំ១៩៩៩ដែលផ្សាភ្ជាប់លក្ខខណ្ឌពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារអន្តរជាតិ ហើយបានឯកភាពបង្កើតគម្រោងសហប្រតិបត្តិការបច្ចេកទេសដែលមានឈ្មោះថា”ការធានាថា លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌនិងសម្លៀកបំពាក់នៅកម្ពុជាសមស្របតាមបទដ្ឋានការងារស្នូលដែលទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ស្តីពីការងារកម្ពុជា”កាលពីឆ្នាំ២០០១ ដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ជាមួយនិងអង្គការអន្តរជាតិខាងការងារ (ILO)និងសមាគមរោងចក្រ កាត់ដេរនៅកម្ពុជា(GMAC) គម្រោងនេះ ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា “គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា” រហូតមកដល់បច្ចុប្បន្ន។

លោកថា កម្ពុជាគឺជាប្រទេសទី១ដែលមានភាពក្លាហានក្នុងការអនុវត្តពាណិជ្ជកម្មអន្តរជាតិដោយផ្សាភ្ជាប់ជាមួយនឹងការ ធានាលក្ខខណ្ឌការងារស្របតាមច្បាប់ស្តីពីការងារនិងបទដ្ឋានការងារស្នូលជាអន្តរជាតិ។ដោយសារតែគម្រោងនេះមានបេសកកម្មនិងកម្មវិធីការងារគាំទ្រនូវគោលនយោបាយនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសំដៅធានាការលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិការងារនិងសេរីភាពអង្គការវិជ្ជាជីវៈទើបបានជាគម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ហើយអាចដំណើរការបានយ៉ាងរលូនក្នុងរយៈពេល ២០ឆ្នាំនេះ។

លោករដ្ឋមន្រ្តី អ៊ិតសំហេងបានចាត់ទុកថា ភាពជោគជ័យ និងការអនុវត្តល្អរបស់គម្រោងនេះនៅកម្ពុជាត្រូវបានក្លាយជា គំរូសម្រាប់បណ្តាប្រទេសក្នុងតំបន់តាមរយៈការបង្កើតជា “កម្មវិធីការងារល្អប្រសើរ (Better Work)”។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថាបច្ចុប្បន្នក្រសួងការងារបាននិងកំពុងដាក់ឱ្យដំណើរការសាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិង ផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលជាចំណុចរបត់ថ្មីមួយនៅក្នុងប្រព័ន្ធអធិការកិច្ចការងារ។ ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់ឱ្យដំណើរការ ការធ្វើអធិការកិច្ចរួមគ្នារវាងអធិការការងារនិងគម្រោង រោងចក្រកាន់តែប្រសើរនៅកម្ពុជាចំពោះរោងចក្រផលិតផលិតផលធ្វើដំណើរនិងការបូបនៅក្នុងឆ្នាំ២០២២។

លោករដ្ឋមន្ត្រី បានស្នើសុំការបន្តសហការឱ្យកាន់តែជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធដើម្បីអនុវត្តគម្រោងរោងចក្រកាន់ តែប្រសើរនៅកម្ពុជា និងកសាងវប្បធម៌អនុលោមភាពការងារនៅកម្ពុជា សំដៅជំរុញកំណើនក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលិតផលធ្វើដំណើរ និងកាបូប៕សរន