ដោយៈបាយ័ន/សៀមរាបៈ បន្ទាប់ពីទទួលបានសារាចរណែនាំរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងគម្រោងរបស់ក្រុមហ៊ុន ស៊ូជីងនៅតំបន់ចុងឃ្នៀសក្រុងសៀមរាបខេត្តសៀមរាបបានប្រគល់ភារកិច្ចជូនដល់រដ្ឋបាលខេត្តឲ្យធ្វើកិច្ចសហការជាមួយ គ្រឹះស្ថានអង្គរ ក្នុងការគ្រប់គ្រងទីតាំងវិនិយោគជាបណ្តោះអាសន្ន បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូតនូវ គម្រោងវិនិយោគនោះពីផ្នែកឯកជន មកគ្រប់គ្រងដោយអាជ្ញាធរសាធារណៈវិញនោះ។

កាលពីព្រឹកថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តសៀមរាបបានធ្វើកិច្ចប្រជុំពិភាក្សាការបើកដំណើរ ទទួលភ្ញៀវទេសចរឡើងវិញ សម្រាប់តំបន់កំពង់ផែចុងឃ្នៀស នៃទឹកដីប្រវត្តិសាស្ត្រ សៀមរាបអង្គរនាដើមឆ្នាំ២០២២ ខាងមុខ ក្រោមការដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប និង ជាប្រធានគណៈកម្មការគ្រប់គ្រងទីតាំង វិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង ផត អ៊ិន វេសមិន ដោយមានការចូលរួមពីលោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ និង អស់លោកជាសមាជិកគណៈកម្មការចូលរួម ផងដែរ ។

ឆ្លងតាមការបង្ហាញរបស់លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរអំពីការបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ នៅតំបន់ចុងឃ្នៀស និង សេចក្តីរាយការណ៍របស់លោកនាយករដ្ឋបាល ស្តីពីការគ្រប់គ្រងកំពង់ផែចុងឃ្នៀស និង កិច្ចពិភាក្សាយ៉ាងល្អិតល្អន់ ស៊ីជម្រៅទៅលើបទបង្ហាញ ដែលអង្គប្រជុំទាំងមូលបានលើកឡើងដើមី្បជាប្រទីបមួយក្នុងការ រៀបចំតំបន់កំពង់ផែចុងឃ្នៀស ក្នុងការទទួលស្វាគមន៍នៅពេលបើកទេសចរណ៍ឡើងវិញក្នុងបរិបទកូវីដនេះ ។

លោក ទៀ សីហា បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូតទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង និង បានប្រគល់ភារកិច្ចជូនដល់រដ្ឋបាលខេត្តធ្វើការគ្រប់គ្រងជាបណ្តោះអាសន្ន ដោយធ្វើកិច្ចសហការជាមួយគ្រឹះស្ថានអង្គរ តែដោយភាពចាំបាច់នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យរៀបចំបើក ទេសចរណ៍ឡើងវិញក្រោយ ពេលដែលប្រជាពលរដ្ឋកម្ពុជាយើង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់ គ្នា និងការណែនាំឲ្យ ប្រជាពលរដ្ឋយើង ត្រូវសម្របខ្លួនឲ្យចេះរស់នៅតាមគន្លងបែបថ្មី ជាមួយកូវីដ ដោយបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទៀតផង។ ក្នុងកិច្ចប្រជុំនោះដែរលោកអភិបាល ខេត្ត ក៏បានជំរុញដល់គណៈកម្មការ រៀបចំធ្វើលិខិតដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើមី្បធ្វើការដោះស្រាយ ជាមួយក្រុមហ៊ុន ស៊ូជីង និង បានជំរុញដល់គ្រឹះស្ថានអង្គរ ធ្វើការជួសជុលជាបណ្តោះអាសន្ន ជាបន្ទាន់លើហេដ្ឋារចនា សម្ព័ន្ធនៅតំបន់កំពង់ផែចុងឃ្នៀស ដើមី្បត្រៀមលក្ខណៈទទួលស្វាគមន៍នៅពេលបើកទេសចរណ៍ឡើងវិញ នៅដើមឆ្នាំ២០២២ខាងមុខនេះ ។

ចំពោះទិសដៅនិងគម្រោងផែនការដែលគ្រឹះស្ថានអង្គរលើកឡើងនិងត្រូវអនុវត្តបន្តក្រោយពេលបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញនេះ ។ ចប់កិច្ចប្រជុំនៅរសៀលថ្ងៃនោះដែរ លោក ទៀ សីហា ក៏បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យផ្ទាល់ នៅកំពង់ផែចុងឃ្នៀស អំពីស្ថានភាពទីតាំងក្នុងរៀបចំធ្វើការជួសជុលជាបន្ទាន់។ ក្នុងនោះដែរគម្រោងរបស់គ្រឹះស្ថានអង្គរ ត្រូវធ្វើការជួសជុល កែសម្រួលជាបន្ទាន់នោះ គឺកន្លែងភ្ញៀវអង្គុយរងចាំ , បញ្ជរលក់សំបុត្រ , ច្រកចុះនិងឡើងពីកាណូត ,ទីតាំងចំណតរថយន្តធំតូច និង បន្ទប់ទឹក ។

លោក ទៀ សីហា ក៏បានធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានអង្គរ នូវរាល់កិច្ចការចាំបាច់ចំពោះមុខ និង យូអង្វែងគឺយើងត្រូវ តែបំពេញនូវលក្ខណៈចាំបាច់ជាមុនទើបយើងត្រូវបន្តធ្វើការងារយូរអង្វែងដើមី្បបំពេញតម្រូវការភាពចាំបាច់នៅពេលខាងមុខនេះ ។ ម៉្យាងទៀតក៏យើងត្រូវបន្តធ្វើការដោះស្រាយនូវរាល់បញ្ហា ដែលក្រុមហ៊ុនបង្កើតជាបញ្ហាកន្លងមក ។កត្តា សំខាន់នោះគ្រឹះស្ថានអង្គរ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពភ្ញៀវ ក្នុងពេលឡើងចុះកាណូតព្រមទាំងអនាម័យ បរិស្ថាននៅក្នុងតំបន់កំពង់ផែចុងឃ្នៀសដើមី្បទាក់ទាញអារម្មណ៍ដល់ភ្ញៀវជាតិនិងអន្តរជាតិចូលមកទស្សនានៅតំបន់ធម្មជាតិបឹងទន្លេសាប ៕សរន