ដោយៈមុនីរ័ត្ន/ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានបញ្ជាក់ថា ការកំណត់អំពី អត្តសញ្ញាណជនជាតិដើមភាគតិចនៅកម្ពុជា ត្រូវបានកំណត់តាមរយៈការប្រើភាសានិយាយពីកំណើត។ជនជាតិដើម ភាគតិចនៅកម្ពុជាមានចំនួន ២២អំបូរ ដែលមានចំនួនប្រជាជនសរុប ១៧៩.១៩៣នាក់ ស្មើនឹង ១,៣៤ភាគរយ នៃប្រជាជនកម្ពុជាសរុប នៅឆ្នាំ២០០៨ និង មានចំនួន ១៨៣.៨៣១នាក់ ស្មើនឹង ១,២៥ភាគរយនៃប្រជាជនកម្ពុជា សរុប នៅឆ្នាំ២០១៣ (អត្រាកំណើនមានត្រឹម ០,៥១ភាគរយក្នុងមួយឆ្នាំ)។

លោកិត្តិសេដ្ឋាបណ្ឌិតឆាយថនទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងផែនការការបញ្ជាក់នេះបានធ្វើឡើងក្នុងពិធីប្រកាសបើកពិធីផ្សព្វផ្សាយ ”របាយការណ៍អំពីស្ថានភាពប្រជាសាស្ត្រនិងសង្គម- សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចនៅកម្ពុជា” នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងហ្សូម និងដោយផ្ទាល់នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានលើកឡើងនូវចំនុចសំខាន់ៗនៃរបាយការណ៍ជូនអង្គពិធីជ្រាបថា ក្នុងចំណោមអំបូរទាំង ២២ ជនជាតិដើមភាគតិចដែលមានចំនួនច្រើនជាងមួយម៉ឺននាក់ មានតែប្រាំមួយអំបូរប៉ុណ្ណោះ គឺ ទំពួន ព្នង គ្រឹង កួយ ចារាយ និង ព្រៅ ដែលសរុបមានចំនួនស្មើនឹង ៨៨ភាគរយ នៃប្រជាជនជនជាតិដើមភាគតិចទាំង២២អំបូរ។ទោះជា បច្ចុប្បន្ននេះជនជាតិដើមភាគតិចកំពុងរស់នៅស្ទើរគ្រប់រាជធានីខេត្តប៉ុន្តែភាគច្រើនលើសលប់នៃជនជាតិដើមភាគតិចទាំងនោះរស់នៅក្នុងខេត្តចំនួន ៦ ប៉ុណ្ណោះ គឺ ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង ខេត្តព្រះវិហារ ដែលមានចំនួន៩២,៤ភាគរយនៃជនជាតិដើមភាគតិចរស់ទាំងអស់នៅឆ្នាំ២០១៣។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្រោមកិច្ចសហការគ្នាយ៉ាងល្អរវាង ក្រសួងផែនការ, ក្រសួងអភិវឌ្ឍន៍ជនបទ និងសម្ព័ន្ធជនជាជាតិដើមភាគតិចកម្ពុជា (SIPA), ថ្ងៃនេះយើងបានរួមគ្នា រៀបចំផ្សព្វផ្សាយនូវ របាយការណ៍អំពីស្ថានភាពប្រជាសាស្ត្រ និងសង្គម-សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចនៅកម្ពុជា ដែលជារបាយការណ៍លើកដំបូងបង្អស់ និងជាប្រវត្តិសាស្រ្ត ដែលមានព័ត៌មានលម្អិតអំពីស្ថាន-ភាពប្រជាសាស្ត្រ ស្ថានភាពសង្គម-សេដ្ឋកិច្ចនិងការរស់នៅរបស់ជនជាតិដើមភាគតិច។ការរៀបចំរបាយការណ៍នេះឡើងក្នុងគោលបំណង
ធ្វើជាមូលដ្ឋានសម្រាប់ការតម្រង់ទិសដល់ការរៀបចំផែនការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងការស្រាវជ្រាវ។ នេះជាសមិទ្ធផលដ៏ធំធេង ដែលកើតចេញពីកិច្ចសហការគ្នាល្អរវាងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍និងសហគមន៍ ជនជាតិដើមភាគតិច ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត បានវាយតម្លៃថា ដោយពិនិត្យលើទិដ្ឋភាពរួម ជនជាតិដើមភាគតិចនៅកម្ពុជាត្រូវបានចាត់ ទុកថាជាប្រជាជនងាយរងគ្រោះនៅក្នុងបរិការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព។ ជនជាតិដើមភាគតិចនៅកម្ពុជា កំពុងមានស្ថានភាពប្រជាសាស្ត្រប្រែប្រួលឆ្ពោះទៅរកស្ថានភាពប្រជាសាស្ត្ររបស់ប្រជាជនកម្ពុជាទូទៅដូចជាការថយចុះ នៃអត្រាកំណើត និងអត្រាមរណភាព ការកើនឡើងនៃអាយុរៀបការដំបូង ការកើនឡើងនៃកម្លាំងពលកម្មនិងនិន្នាការនៃ ទេសន្តរប្រវេសន៍ទៅកាន់ទីប្រជុំជន។ ក៏ប៉ុន្តែការប្រែប្រួលទាំងនេះនៅមានទំហំតូចនៅឡើយបើធៀបទៅនឹងការប្រែប្រួល នៃស្ថានភាពប្រជាសាស្ត្រនៃប្រជាជនកម្ពុជាសរុប។ លើសពីនេះទៀតស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគ តិចនៅមានកម្រិតទាបនៅឡើយពិសេសគឺការទទួលបានការអប់រំនិងជំនាញវិជ្ជាជីវៈនិងការទទួលបានការអប់រំរបស់កុមារនិងយុវវ័យ។ថ្វីបើចំនួនប្រជាជនក្នុងវ័យធ្វើការងារមានចំនួនកើនឡើងស្ថានភាពការងារនិងសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច ភាគច្រើនផ្តុំលើការងារជុំវិញវិស័យកសិកម្ម និងការងារគ្មានប្រាក់កម្រៃពិសេសចំពោះស្ត្រីជនជាតិដើម ភាគតិច។ ជនជាតិដើមភាគតិច ក៏នៅជួបប្រទះបញ្ហាទឹកស្អាត សុខភាពនិងអនាម័យ។

លោករដ្ឋមន្រ្តីបានបន្តថាឈរលើមូលដ្ឋាននេះដើម្បីកំណើនកម្លាំងពលកម្មមានផលិតភាពតំហយផលធៀប ប្រជាជនក្នុងបន្ទុកនិងការអភិវឌ្ឍធនធានមនុស្សមានប្រសិទ្ធិភាពដែលនឹងបង្កើនកាលានុវត្តភាពនៃការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមរបស់ជនជាតិដើមភាគតិច សកម្មភាព អន្តរាគមន៍ជាប្រព័ន្ធពីសំណាក់ស្ថាប័នពាក់ព័ន្ធ គឺជាកិច្ចការចាំបាច់មិនអាចខ្វះបាន និងត្រូវយកចិត្តទុកដាក់បន្តទៀតលើកត្តាប្រជាសាស្ត្រ(មានអត្រាកំណើតនិង អត្រាមរណភាព) និងការលើកកម្ពស់និងការជំរុញការទទួលបានការអប់រំ សេវាសុខភាព ប្រព័ន្ធទឹកស្អាត ការចូលរួម សិទ្ធិនានាក្នុងការរស់នៅបញ្ហាយេនឌ័រនិងការទទួលបានផលនៃការអភិវឌ្ឍ។ការស្រាវជ្រាវជាក់លាក់អំពីស្ថានភាពការងារ សេដ្ឋកិច្ច និងការរស់នៅរបស់ជនជាតិដើមភាគតិចគួរត្រូវបានជំរុញនិងលើកទឹកចិត្តដើម្បីទទួលបានព័ត៌មាន លម្អិតនិងគ្រប់ជ្រុងជ្រោយជាបន្ថែមទៀតអំពីការប្រឈមនិងដំណោះស្រាយ៕សរន