ដោយ : ប.ជ័យ / បន្ទាយមានជ័យ:សមត្ថកិច្ចចម្រុះមានមន្ត្រីផលិតកម្មនិងបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យសហការ ជាមួយមន្ត្រីការិយាល័យនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យនាម៉ោង៤កន្លះទៀបភ្លឺថ្ងៃទី០៤ខែវិច្ឆិកាបានស្ទាក់ឃាត់ចាប់រថយន្តមួយគ្រឿងផ្ទុកកូនជ្រូកក្លាសេ(ជ្រូកកណ្តុរ)ចំនួន១៦០ក្បាលនៅលើផ្លូវជាតិលេខ៥៦នាភូមិខ្លែងពណ៌ឃុំស្លក្រាម ស្រុកស្វាយចេក។

សមត្ថកិច្ចនគរបាលចម្រុះដឹកនាំបញ្ជាដោយលោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុពេទ្យនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យសហការនឹងលោកវរសេនីយ៍ រស់ អៀម នាយការិយាល័យនគរ បាលប្រឆាំងបទល្មើសនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យព្រមទាំងសម្របសម្រួលនិតុវិធីដោយលោកកើត សុវណ្ណារេត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

អ្នកបើកបររថយន្តប្រាប់សមត្ថកិច្ចថា ខ្លួនមិនដឹងប្រភពទេ គ្រាន់តែដឹងថា បានផ្ទេរពីរថយន្តដែលដឹកពីព្រំដែនថៃមក ហើយត្រូវយកទៅចែកចាយក្នុងខេត្តនិងទៅខេត្តផ្សេងទៀត។នៅរសៀលថ្ងៃដដែលសមត្ថកិច្ចចម្រុះបានយកវត្ថុតាង(កូនជ្រូក) យកទៅកម្ទេចចោលនៅទីលាននាក្រុងសិរីសោភ័ណ។ប៉ុន្តែអ្នកបើកបររថយន្តដឹកទំនិញដូចខាងលើត្រូវបានលោក ព្រះរាជអាជ្ញាបញ្ជាឱ្យនាំខ្លួនទៅតុលាការដើម្បីសួរនាំស៊ើបអង្កេតបន្ថែម ហើយអាចត្រូវចេញដីកាឃុំខ្លួនជាលើកដំបូងព្រោះកន្លងមក មន្ត្រីពេទ្យសត្វបានសួរនាំហើយធ្វើកិច្ចសន្យា មិនបញ្ជូនទៅឃុំខ្លួនឡើយ .៕សរន