​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្នុង​រឿង​ហូលីវូដ Armageddon​ឆ្នាំ ១៩៩៨ លោក ព្រូ​ស វី​ល​លី​ស និង​លោក បិ​ន អា​ហ្វ​ផ្លិច បាន​ប្រឹងប្រែង​ដើម្បី​ជួយសង្គ្រោះ​ផែនដី​ពី​ការបុក​ដោយ​អាចម៍ផ្កាយ​។​

​ខណៈ​ផែនដី​មិនទាន់​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ភ្លាមៗ​បែប​នោះ​នៅឡើយ អង្គការ​ណា​សា​គ្រោង​នឹង​យក​យានអវកាស​មួយ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន ២៤.០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បំបុក​ចូល​អាចម៍​​ផ្កាយ​មួយ​នៅ​ឆ្នាំក្រោយ​ក្នុង​ការសាកល្បង “​ខែល​ការពារ​ផែនដី​”​។​

​យាន​អវកាស DART (​ការ​ធ្វើតេស្តិ៍​ប្តូរ​ទិស​អាចម៍ផ្កាយ​ទ្វេដង​) គឺ​បង្កើតឡើង​ដើម្បី​កំណត់​មើល​ថា​តើ​នេះ​ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​អត់​ក្នុងការ​បង្វែរ​ទិសដៅ​របស់​អាចម៍ផ្កាយ​ប្រសិនបើ​មាន​​អាចម៍ផ្កាយ​ណាមួយ​គំរាមកំហែង​ដល់​ផែនដី​នាពេល​អនាគត​។​

​អង្គការ​ណា​សាបាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​បេសកកម្ម​យាន DART ដែល​មាន​តម្លៃ ៣៣០ លាន​ដុល្លារ​នៅក្នុង​បទសម្ភាសន៍​សម្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក លីន​ឡេ ច​ន​សុន ជា​មន្ត្រី​ការពារ​ភពផែនដី​របស់​ណា​សាបាន​និយាយថា “​ទោះបីជា​មិន​មាន​អាចម៍ផ្កាយ​ដែល​គេ​ស្គាល់​កំពុងស្ថិត​នៅ​លើ​ផ្លូវ​បុក​ទង្គិច​នឹង​ផែនដី​ក៏ដោយ ក៏ប៉ុន្តែ​យើង​បានដឹង​ថា​មាន​អាចម៍ផ្កាយ​នៅ​ជិត​ផែនដី​ច្រើន​ណាស់​នៅ​ទីនោះ​”​។​

​លោក​ច​ន​សុន​បាន​និយាយថា “​គន្លឹះ​ក្នុង​ការការពារ​ភពផែនដី​គឺ​ស្វែងរក​ពួកវា​ឱ្យឃើញ មុន​ពេល​ពួក​វា​ក្លាយ​ជា​ការគំរាមកំហែង​។ យើង​មិន​ចង់​ស្ថិតក្នុង​ស្ថានភាព​ដែល​អាចម៍ផ្កាយ​កំពុង​បោះពួយ​ឆ្ពោះ​មក​ផែនដី ហើយ​បន្ទាប់មក​ត្រូវតែ​សាកល្បង​សមត្ថភាព​បែបនេះ​នោះ​ទេ​”​។​

​យាន​អវកាស DART គ្រោង​នឹង​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត SpaceX Falcon 9 នៅ​ម៉ោង ១០៖២០ នាទី​យប់​ថ្ងៃទី ២៣ ខែវិច្ឆិកា ពី​មូលដ្ឋានទ័ព​អវកាស​វ៉ាន់ដិន​បឺក​ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា​។​

​ប្រសិនបើ​ការបាញ់​បង្ហោះ​កើតឡើង​នៅ​ឬ​ជុំវិញ​ម៉ោង​នោះ ផលប៉ះពាល់​ជាមួយ​អាចម៍ផ្កាយ​នៅ​ចម្ងាយ​ប្រហែល ១១ លាន​គីឡូម៉ែត្រ​ពី​ផែនដី នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី ២៦ ខែកញ្ញា​ដល់​ថ្ងៃទី ១ ខែតុលា​ឆ្នាំ​ក្រោយ​៕

រូបភាព​ក្រាហ្វិក​របស់​ណា​សា​បង្ហាញ​យានអវកាស DART ពេល​ជិត​បុក​ជាមួយ​អាចម៍ផ្កាយ

យានដែលណាសានឹងប្រើសាកល្បងដើម្បីកំទេចអាចម៍ផ្កាយ ឬផ្កាយព្រះគ្រោះណាមួយដែលមានគ្រោះថ្នាក់ដល់ផែនដី