ដោយ៖ សុផល/ភ្នំពេញ៖ ទីភ្នាក់ងារផ្តល់ជំនួយអាមេរិក (USAID) បានប្រារព្ធពិធីអបអរខួបកំណើតលើកទី៦០ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា។ ដោយធ្វើសកម្មភាព នៅគ្រប់ខេត្តក្រុងទាំង ២៥ នៃប្រទេសកម្ពុជា USAID ធ្វើការជាមួយដៃគូកម្ពុជា និងអន្តរជាតិ ក្នុងការ អនុវត្តគម្រោង ដែលជាប្រយោជន៍រួម សម្រាប់ប្រជាជនកម្ពុជា។
កម្មវិធី របស់ USAID បានជួយកសិករខ្មែរជាង ២៣ ម៉ឺននាក់ និងគ្រួសាររបស់គេ ឲ្យចាកផុតពីភាពអត់ឃ្លាន និងភាពក្រីក្រ។ តាមរយៈគម្រោងកសិកម្ម និងបរិស្ថាន របស់យើង សហគមន៍ជនបទ មានចំណូលបន្ថែមចំនួន ៩០ លានដុល្លារ ជួយដល់សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបន្តជួយប្រទេសកម្ពុជាឱ្យឈានទៅសម្រេចគោលដៅរបស់ខ្លួនក្នុងការលុបបំបាត់ជំងឺអេដស៍ និងជំងឺគ្រុនចាញ់ នៅត្រឹមឆ្នាំ ២០២៥ ។ តាំងពីឆ្នាំ ២០១៧ មកនៅប្រទសកម្ពុជា ពុំមានមនុស្សណាម្នាក់បានស្លាប់ដោយសារជំងឺគ្រុនចាញ់ឡើយ។
កម្មវិធីនេះក៏បានជួយកាត់បន្ថយអត្រាភាពក្រិនក្នុង ចំណោមកុមារ ដែលមានអាយុក្រោម ៥ ឆ្នាំ ឱ្យ នៅត្រឹមចំនួន ២៧% នៅក្នុងឆ្នាំ ២០១៨ ពីចំនួន ៣៥%។ ក្រៅពីនេះ បានជួយធ្វើឱ្យកុមារជាទូទៅទទួលបានការសិក្សាថ្នាក់បឋម ហើយបានកែលម្អជំនាញសិក្សានៅថ្នាក់ដំបូងៗរបស់កុមារ ទាំងកុមារមាន និងគ្មានពិការភាព។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានកត់សម្គាល់ថា៖ «ទីភ្នាក់ងារ USAID គឺជាទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិឈានមុខគេមួយ និងជាតួអង្គជំរុញដល់លទ្ធផល នៃការអភិវឌ្ឍន៍។ ការងារ របស់ទីភ្នាក់ងារ USAID បង្ហាញឱ្យឃើញនូវភាពសប្បុរសរបស់ប្រជាជនអាមេរិក ជំរុញទៅរកការទទួលបាននូវភាពម្ចាស់ការលើខ្លួនឯង និងភាពធន់។ កម្មវិធី របស់ទីភ្នាក់ងារ USAID នៅកម្ពុជាតំណាងឱ្យការប្តេជ្ញាចិត្តយូរអង្វែង របស់យើង ចំពោះប្រជាជនកម្ពុជា ភាពស៊ីជម្រៅ និងទំហំ នៃភាពជាដៃគូរវាងកម្ពុជា និង អាមេរិក»។
ក្នុងពេលដែលជំងឺកូវីដ១៩ ចោទជាបញ្ហាប្រឈម រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ១៥ លានដុល្លារ ជាជំនួយគាំទ្រដោយផ្ទាល់សម្រាប់បន្ធូរបន្ថយផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ នៅកម្ពុជា ដោយរួមមានធនធានសម្រាប់ជួយឱ្យប្រជាជន កម្ពុជាទទួលបានការវ៉ាក់សាំងបានឆាប់ និងប្រកបដោយសុវត្ថិភាព។ លើសពីនេះទៀត រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់វ៉ាក់សាំង Johnson & Johnson ជាងមួយលានដូស ជូនដល់រដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការ COVAX ។
គោលដៅ របស់ទីភ្នាក់ងារ USAID នៅកម្ពុជាគឺប្រទេសកម្ពុជាមួយដែលមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ ដែលស្តាប់ និងគោរពសម្លេង នៃក្រុមមនុស្សទាំងអស់ ហើយអធិបតេយ្យ ភាព របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការពារ។ តាមរយៈកម្មវិធីជំនួយរបស់យើង ទីភ្នាក់ងារ USAID មានបំណងជួយដល់ការអភិវឌ្ឍ នៃសង្គម និងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដោយទន្ទឹមនឹង នោះ រក្សាលំហដែលបានការពារដោយរដ្ឋធម្មនុញ្ញ ក្នុងផ្នែកនយោបាយ សារព័ត៌មាន និងសេរីភាពពលរដ្ឋ ដែលថារាល់មនុស្សគ្រប់រូប ដោយមិនគិតពីអត្តសញ្ញាណឡើយ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការកែប្រែប្រទេសកម្ពុជា៕