ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ប្រចាំរាជធានី​ភ្នំពេញ បាន​នាំយក​ផលិតផល​ក្លែងក្លាយ មាន​សារធាតុពុល និង​ទំនិញ​ខូចគុណភាព​សរុប​ប្រមាណ ៤៩​តោន ៩៨៦​គីឡូក្រាម ដែល​មន្ត្រី​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ​បង្ក្រាបបាន ក្នុង​រយៈពេល​កន្លងមក ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ យកទៅ​ដុត​កម្ទេចចោល នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ​។

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បានឱ្យដឹង​កាលពី​ថ្ងៃទី​៦​ខែវិច្ឆិកា ឆ្នាំ ២០២១ ថា ពិធី​នេះ ធ្វើឡើង​ដោយបាន​ការឯកភាព​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ក្នុង​ពិធី​ខា​លើ មានការ​ចូលរួម​ពី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌដង្កោ​ផងដែរ​។ ចំណែក ទំនិញ​ទាំងនោះ​មានដូចជា​៖
– ផលិតផល​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ចំនួន ៤៥ ៣៥៣​លីត្រ​។
– ស្រាស និង​ស្រា​ទំពាំងបាយជូ ដែល​រឹបអូស​បាន​ក្នុងករណី​ពុល​ស្រា បណ្តាលឱ្យ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស​៣​នាក់ នៅ​រាជធានី​ភ្នំពេញ ចំនួន​៣៤៧​យួរ និង​៧៦ ប៊ីដុង ស្មើ ៤ ២៧៥ លីត្រ​។
– ផលិតផល​ម្ហូបអាហារ​ខូចគុណភាព ដែល​រឹបអូស​បាន​ពី​បណ្តា​ទីផ្សារ​និង​ឃ្លាំង​ស្តុក​ទំនិញ ចំនួន ៣៥៨​គីឡូក្រាម​។

​សូម​ជម្រាប​ដែរ​ថា មន្ត្រី ក​.​ប​.​ប​. ក្រោយពី​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​បណ្ដា​ផ្សារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបន្ទាយមានជ័យ ក៏បាន​រកឃើញ​នូវ​ទំនិញ មួយចំនួន ដូចជា​៖ ភេសជ្ជ​កំប៉ុង នំ​និង​ស្ករ​គ្រាប់ ម្សៅ​ទឹកដោះគោ និង​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ ដែល​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេត ប្រេ​ី​ប្រាស់ សរុប​ចំនួន ១២៧.៧០​គីឡូក្រាម​។
​បន្ទាប់ ពី​រកឃើញ​ទំនិញ​ខាងលើ មន្ត្រី​ជំនាញ​បាន​ដកហូត​យកមក​រក្សាទុក​ដើម្បី​ធ្វើការ​កម្ទេចចោល​។ រីឯ​ម្ចាស់​ទំនិញ​ត្រូវបាន​មន្ត្រី​មាន​សមត្ថកិច្ច​ធ្វើការ​ពិន័យ​អន្តរការណ៍ និង​ណែនាំ​ឱ្យ​បញ្ឈប់​ការដាក់​តាំង​លក់ទំនិញ​មិន​អនុលោម​ដែល​ធ្វើឱ្យប៉ះពាល់​សុ​ខុ​ភាព​សាធារណៈ​៕​