ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សរសេរ​លើ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា នេះ​ថាៈ ” ១៨ ឆ្នាំ​ហើយ ដែល ”​របាំ​ព្រះរាជ​ទ្រព្យ​” របស់​ខ្មែរ​យើង បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​អរូបី នៃ​មនុស្សជាតិ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣ នាទី​ក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី ។​ ​របាំ​ព្រះរាជ​ទ្រព្យ គឺជា​សម្បត្តិ​បេតិកភណ្ឌ ដ៏​មានតម្លៃ និង​មិនអាច​កាត់ថ្លៃ បានតែ​មួយគត់ របស់​ខ្មែរ​យើង ដែល​បាន​ថែរក្សា នូវ​នាដកម្ម​បុរាណ ដ៏​ល្អ​មួយ​នេះ អស់​រយៈពេល​ជា​យូរលង់ ណាស់​មកហើយ សម្រាប់​ជា​ប្រយោជន៍ ដល់​មនុស្សជាតិ​គ្រប់រូប ” ។

​លោក ស សុខា បានបញ្ជាក់​ថាៈ របាំ​ព្រះរាជ​ទ្រព្យ ជា​ទម្រង់​របាំ​សក្ការៈ ល្បីល្បាញ ខាង​កាយវិការ​ទន់ភ្លន់ គួរឱ្យ​ចង់​គយគន់ និង មាន​ទ្រង់គ្រឿង ចាំង​ភ្លឺ​ផ្លេកៗ​។ របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ ជា​ប្រភេទ​របាំ ដែល​នាដករ ប្រើ​ចលនា​កាយវិកា ក្បាច់ និង​មនោ​ស​ញ្ចោ​ត​នា យ៉ាង​ប៉ិនប្រសប់ ទៅតាម​ការវិវត្ត នៃ​សាច់រឿង រៀបរាប់​បញ្ជាក់ ដោយ​ទំនុកច្រៀង នៃ​ក្រុម​ចម្រៀង​ជា​ពួក នឹងត្រូវ​បាន​ប្រគំ​ដោយ វង់ភ្លេង​ពិណពាទ្យ ដែលមាន​តួនាទី​ប្រគំ​ជូន​របាំ​នេះ ។ កូន​ខ្មែរ​គ្រប់ៗ​រូប ពិត​ជាមាន​មោទកភាព​ក្រៃលែង ដែល​របាំង​ព្រះរាជ​ទ្រព្យ ក៏ដូចជា វត្ថុ​ផ្សេងៗ​របស់​ខ្មែរ ត្រូវបាន​ចុះបញ្ជី​ជា សម្បត្តិ​បេតិកភណ្ឌ ពិភពលោក ជា​បន្តបន្ទាប់ ។​

​លោក ស សុខា បានលើកឡើង​ថាៈ ក្នុងនាម​កូន​ខ្មែរ​មួយរូប ប្តេជ្ញា​ចូលរួម​ថែរក្សា ការពារ និង​អភិរក្ស​របាំ​ព្រះរាជ​ទ្រព្យ ក៏ដូចជា សម្បត្តិ​បេតិកភណ្ឌ ពិភពលោក ផ្សេងៗ​ទៀត របស់​កម្ពុជា ឲ្យ​បាន​គង់វង្ស យូរអង្វែង តរៀង​ទៅ​៕/V​