ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ នគរបាល បាន​ឃាត់ខ្លួន​មុខសញ្ញា នាំ​ពលករ​ខ្មែរ ឆ្លងដែន ល្មើសច្បាប់ ចំនួន ២ នាក់ នៅក្នុង​ភូមិសាស្ត្រ ខេត្តបាត់ដំបង​។​

​នគរបាល​ជំនាញ បានបញ្ជាក់​ថាៈ អនុវត្តតាម​ការណែនាំ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល ខេត្តបាត់ដំបង ស្តីពី​ការការពារ​សន្តិសុខ តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ នៅ​ថ្ងៃទី ៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២១ នេះ កម្លាំង​អង្គភាព​ចម្រុះ បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន មេខ្យល់ ចំនួន ២ នាក់ ដែល​បម្រុង​នាំ​ពលករ ឆ្លងដែន​ល្មើសច្បាប់ ១ ករណី នៅ​ទីតាំង​ភូមិសាស្ត្រ ភូមិ​ដំណាក់​អំពិល ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​ជនសង្ស័យ​ដែល​នាំ​មនុស្ស​ឆ្លងដែន ខាងលើ ជា​មេខ្យល់​អ្នក​នាំ​ផ្លូវ​ផង និង​ជា​អ្នករត់ម៉ូតូឌុប​ផង ដែល​ទាំង ២ នាក់ មានឈ្មោះ នី ង៉ែត ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ញ៉ឹក ណ​យ ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខណៈ​ប្រុង​ឆ្លងដែន នាំ​ពលករ ចំនួន ៣ នាក់ ចូលទៅក្នុង​ទឹកដី​ថៃ ហើយ​ក៏បាន​ត្រូវ​សមត្ថកិច្ច ស្រាវជ្រាវ​ចុះ​ឃាត់ខ្លួន​តែម្តង​។ ពលករ​ទាំង ៣ នាក់​នោះ រស់នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពត ។​

​ក្រោយ​បង្ក្រាប​ទប់ស្កាត់បាន កម្លាំង​ការពារ​គោលដៅ​តំបន់​ព្រំដែន បាន​សាកសួរ ដើម្បី​ស្រាវ ជ្រាវ​បន្ថែម ព្រមទាំង​ធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ ហើយ​បន្ត​នីតិវិធី ប្រគល់​មុខសញ្ញា មេខ្យល់ ទាំងអស់ ទៅ​ឲ្យ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ភ្នំព្រឹក ដើម្បី​ចាត់ការ តាមផ្លូវ​ច្បាប់​៕/V​