ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់ នៅក្នុង​រថយន្ត ក្រោយពី​រថយន្ត​បាន ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង ៣​និង​៣០​នាទី យប់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅតាម​បណ្ដោយ​ផ្លូវ វិមាន​ឈ្នះ​ឈ្នះ ត្រងចំណុច ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​រថយន្ត​ដែល​ឆ្លង​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​ឆាបឆេះ​នេះ ម៉ាក KIA ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-9736 ជនរងគ្រោះ ស្លាប់​ក្នុង​រថយន្ត មិនទាន់​ស្គាល់ អត្តសញ្ញាណ ហើយ​តាម​ការ សន្និដ្ឋាន​ជាទូទៅ ជនរងគ្រោះ ជា​មនុស្ស​ប្រុស ព្រោះថា ភ្លើង​ឆេះ​ស្លាប់​ខ្លោច សល់​តែ​គ្រោងឆ្អឹង​។​

​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ រថយន្ត​បើក​តាម​បណ្ដោយ​ផ្លូវ វិមាន​ឈ្នះ​ឈ្នះ ពី​ទិស​ខាងលិច ទៅខាង​កើត ដល់​ចំណុចកើតហេតុ មាន​ផ្សែងហុយ ភ្លើង​ឆេះ​ខ្មួល រេ​ចង្កូត​ធ្លាក់​ផ្លូវ ស្មានតែ​អ្នកបើកបរ ចេញផុត​ហើយ​រហូតដល់​ភ្លើង​រលត់ ទៅវិញ ទើប​ឃើញ ជនរងគ្រោះ ស្លាប់​ក្នុង​រថយន្ត យ៉ាង​អាណោចអាធ័ម​បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល ដល់​បងប្អូន​ប្រជា ពលរដ្ឋ ព្រមទាំង​សមត្ថកិច្ច ក៏បាន​ចុះទៅ​អន្តរាគមន៍ តែ​អកុសល បុរស​ខាងលើ បាន​បាត់​បង់ជីវិត ផុត​ទៅហើយ ។​

​តាម​ប្រភពព័ត៌មាន​ពី លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់ អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថាៈ តាម​ប្រភព​ដែល ប្រមូលបាន បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ឆាបឆេះ​នេះ បានកើត​ឡើង តាំងពី​វេលា​ម៉ោង​ប្រមាណ ជាង ៣ យប់ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ មកម្ល៉េះ តែ​កម្លាំង​ជំនាញ មិន​ទទួលបាន​ព័ត៌មាន នោះទេ ទើប​រហូតមក​វេលា​ម៉ោង ៦ ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ទើប​កម្លាំង​ជំនាញ ទទួលបាន​ថា មាន​ករណី​ឆេះ​រថយន្ត នៅតាម​បណ្ដោយ​ផ្លូវ វិមាន​ឈ្នះ​ឈ្នះ បានចេញ​រថយន្ត ទៅ​ជួយ​អន្តរាគមន៍ បាញ់​ពន្លត់ តែ​អកុសល ទៅដល់​រថយន្ត​ឆេះ​អស់ និង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ ក្នុង​រថយន្ត បាត់ទៅហើយ នៅសល់តែ​ភ្លើង និង​ផ្សែង​បន្តិចបន្តួច​ប៉ុន​ណោះ​។​

​ក្នុង​ប្រតិការ​នេះ កម្លាំង​ជំនាញ បាន​ប្រើប្រាស់​រថយន្ត បាញ់​ពន្លត់​អស់​ចំនួន ១ គ្រឿង​។ ចំណែក មូលហេតុ កម្លាំង​ជំនាញ កំពុង​ស្រាវជ្រាវ​បន្ត មិនទាន់​អាច​សន្និដ្ឋានបានថា ជា​ករណី​អ្វី​ឲ្យ​ច្បាស់ នៅឡើយ​ទេ តែ​ទោះយ៉ាងណា សមត្ថកិច្ច នៅតែ​ស្រាវជ្រាវ រក​ប្រភព នៃ​ដើមទង ហើយ​និង​សាច់ញាតិ ក្រុមគ្រួសារ នៃ​សព​ឲ្យ​ទាល់តែ​ឃើញ ដើម្បី​ប្រគល់​សព ទៅ​ឲ្យ​ក្រុម​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​-PC