​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បណ្តា​ក្រុមហ៊ុន​ជប៉ុន​កំពុង​ផ្សព្វផ្សាយ​បច្ចេកវិជ្ជា​លុបបំបាត់​ឧស្ម័ន​កាបូនិ​ចរបស់​ពួកគេ​នៅឯ​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៃ​ភាគី​នានា​នៃ​អង្គការ​សហប្រជាជាតិ​លើក​ទី ២៦ (COP26) ។ ខណៈ​ការលុបបំបាត់​ឧស្ម័ន​កាបូនិច​គឺជា​បញ្ហា​សកល បច្ចេកវិជ្ជា​ពាក់ព័ន្ធ​អាច​ក្លាយ​ជា​ការផ្តោត​សំខាន់​នៃ​ការនាំ​ចេញ​នាពេល​អនាគត​។ ហេតុ​ដូច្នេះ​ហើយ​ក្រុមហ៊ុន​នានា​កំពុង​ព្យាយាម​ពង្រីក​ឱកាស​​អាជីវកម្ម​ដោយ​ដាក់​បង្ហាញ​បច្ចេកវិជ្ជា​របស់​ពួកគេ​ដល់​ឥស្សរជន​មកពី​ប្រទេស​ផ្សេងៗ​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ COP26 ។​

​នៅឯ​កន្លែង​ប្រជុំ COP26 ប្រទេស​នានា​ដែល​បាន​ចូលរួម​បាន​បង្កើត​ពន្លា​ដើម្បី​បង្ហាញ​គំនិត​ផ្តួចផ្តើម​ការពារ​បរិស្ថាន​របស់​ពួកគេ​។ នៅ​ពន្លា​ជប៉ុន ដែល​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន ក្រុមហ៊ុន​​និង​អង្គការ​ជប៉ុន​ចំនួន ១៦ កំពុង​ផ្សព្វផ្សាយ​បច្ចេកវិជ្ជា​និង​ផលិតផល​របស់​ពួកគេ​។

​នៅក្នុង​កិច្ចប្រជុំ COP26 ឆ្នាំនេះ សិក្ខាសាលា​និង​ព្រឹត្តិការណ៍​អាជីវកម្ម​មួយចំនួន​ក៏​ត្រូវបាន​រៀបចំ​ឡើង​តាម​អ៊ី​ន​ធឺ​ណេតជា​លើក​ដំបូង​ផង​ដែរ ដែល​ធ្វើឱ្យ​វា​អាច​ទៅ​រួច​សម្រាប់​ក្រុមហ៊ុន​ប្រហែល ៣០ ទៀត​ចូលរួម​ពី​ប្រទេស​ជប៉ុន​។​

​បច្ចេកវិជ្ជា​សម្រាប់​ចាប់​យក​និង​ត្រួតពិនិត្យ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​នៅ​ពន្លា​របស់​ជប៉ុន​។​

​ក្រុមហ៊ុន Mitsubishi Heavy Industries, Ltd.​បានបង្ហាញ​បច្ចេកវិជ្ជា​ចាប់​យក​និង​ស្តុក​ទុក​កាបូនឌីអុកស៊ីត​របស់​ខ្លួន​។ បច្ចេកវិជ្ជា​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ប្រមូល​ឧស្ម័ន​កាបូ​និច (CO2) ពី​ផ្សែង​ដែល​បង្កើត​ដោយ​រោងចក្រ​ថាមពល​និង​រោងចក្រ​ផ្សេងទៀត ដោយ​ប្រើ​អង្គធាតុ​រាវ​ពិសេស​ដែល​ស្រូបយក CO2 ហើយ​បន្ទាប់​មក​បង្រួម​និង​រក្សា​ទុក CO2​ដែល​ចាប់បាន​ទៅ​រក្សា​​ទុក​នៅ​ក្រោម​ដី​ឬ​ក្នុង​សមុទ្រ​ជ្រៅ​។ ក្រុមហ៊ុន​បាន​និយាយថា បច្ចេកវិជ្ជា​នេះ​មាន​សមត្ថភាព​ចាប់យក CO2 ជាង ៩០ ភាគ​នៅក្នុង​ផ្សែង​។ បច្ចេកវិជ្ជា​នេះ​ត្រូវបាន​អនុម័ត​ឱ្យ​ប្រើប្រាស់​នៅ​ទីតាំង​ចំនួន ១៣ ជុំវិញ​ពិភពលោក ដោយ​កាន់កាប់​ចំណែក​សកល ៧០ ភាគរយ​។ ក្រុមហ៊ុន MHI មាន​គោលបំណង​យក​កិច្ចប្រជុំ COP26 ធ្វើ​ជា​ឱកាស​ដើម្បី​ពង្រីក​ទីផ្សារ​របស់​ខ្លួន​បន្ថែម​ទៀត​។​

​លោក រូ​វីន ខា​លី​ល ជា​សមាជិក​សភា​នៃ​រដ្ឋ​វ៉ាស៊ីនតោន ដែល​បាន​ទស្សនា​ពន្លា​ជប៉ុន បាន​សម្តែង​ការភ្ញាក់ផ្អើល​ចំពោះ​បច្ចេកវិជ្ជា​ទំនើប​បែបនេះ ដោយ​និយាយថា​វា​អាច​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹង​​ប្រែង​លុបបំបាត់​កាបូន​នៅ​ជុំវិញ​ពិភពលោក​។​

​ក្រុមហ៊ុន Sumitomo Forestry Co. និង​ក្រុមហ៊ុន IHI Corp. បាន​រួមគ្នា​ផ្សព្វផ្សាយ​ប្រព័ន្ធ​របស់​ពួកគេ​ដើម្បី​ត្រួតពិនិត្យ​តំបន់​ដី​ដែល​ងាយ​នឹង​បង្កើត​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដោយ​សង្កេតមើល​​ពួក​វា​ពី​លំហ​និង​នៅលើ​ដី​។ ក្រុមហ៊ុន​ទាំងពីរ​បាន​បង្កើត​ប្រព័ន្ធ​ទី​មួយ​របស់​ពិភពលោក​ដើម្បី​អភិរក្ស​ព្រៃឈើ​ឱ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការត្រួតពិនិត្យ​សំណើម​ដី​និង​ដំណាំ​បន្លែ​ដោយ​ប្រើ​ផ្កាយ​​រណប​អវកាស​និង​មធ្យោបាយ​ផ្សេងទៀត​។ ប្រព័ន្ធ​នេះ​បច្ចុប្បន្ន​កំពុង​ដំណើរកា​រលើ​ផ្ទៃដី ១២៥.០០០ ហិកតា​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ ​ក្រុមហ៊ុន​សង្ឃឹម​ពង្រីក​គំនិត​ផ្តួចផ្តើម​របស់​ពួកគេ​ទៅ​កាន់​ប្រទេស​និង​តំបន់​ផ្សេងទៀត​។​

​ក្រុមហ៊ុន​ដទៃទៀត​ក៏​បង្ហាញ​បច្ចេកវិជ្ជា​ពិសេសៗ​របស់​ពួកគេ​ផងដែរ គឺ ក្រុមហ៊ុន Panasonic Corp. បង្ហាញ​អាគុយ​អ៊ីដ្រូសែន និង ក្រុមហ៊ុន Hitachi, Ltd.​បង្ហាញ​ម៉ូទ័រ​អគ្គិសនីប​ង្កប់​ក្នុង​​កង់​រថយន្ត​៕

បច្ចេកវិជ្ជា​សម្រាប់​ចាប់​យក​និង​ត្រួតពិនិត្យ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​នៅ​ពន្លា​របស់​ជប៉ុន