ដោយៈ សុផល / ភ្នំពេញ​៖ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សហការ ជាមួយ​ក្រុមយុវជន​ស្ម័គ្រចិត្ត ដើម្បី​ការអភិវឌ្ឍ​សង្គម (YVSD) នា​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១ បានរៀបចំ​សិក្ខាសាលា ក្រោម​ប្រធានបទ “​ការអប់រំ​ខ្ញុំ អនាគត​ខ្ញុំ​” តាមរយៈ ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ហ្សូ​៊​ម (ZOOM) ជូន​ដល់​សិស្សានុសិស្ស វិទ្យាល័យ ទាំង​៤ នៃ​ស្រុក​កោះធំ រួមមាន​ដូចជា វិទ្យាល័យ ហ៊ុន សែន កោះធំ​, វិទ្យាល័យ ហ៊ុន សែន សំពៅ​ពូន​, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែក​តា​ដួង​, វិទ្យាល័យ ហ៊ុន សែន កំពង់​កុង និង​សាធារណជន​។​

​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង ដើម្បី​បំផុសស្មារតី ឱ្យ​សិស្ស យល់​អំពី​តម្លៃ នៃ​ការអប់រំ និង​រៀន​ស្គាល់​ខ្លួនឯង​, ឈ្វេងយល់​យល់​ពី​គន្លឹះ ការត្រៀម និង​បទពិសោធន៍ នៃ​ការសិក្សា របស់​បុគ្គល​គំរូ និង​ឈ្វេងយល់​យល់​ពី​គន្លឹះ ការត្រៀម និង​បទពិសោធន៍ នៃ​ការរៀបចំ​ជីវិត របស់​បុគ្គល​គំរូ ពី​សំណាក់​វាគ្មិន​កិ​ត្ដិ​យស ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព សាស្ដ្រាចារ្យ នៃ​សាកលវិទ្យាល័យ បញ្ញា​សាស្ដ្រ​, លោក​បណ្ឌិត តាន់ មុនី​វណ្ណ អគ្គនាយករង ក្រុមហ៊ុន​ម៉ុង​រិទ្ធី​គ្រុប និង​ជា​អនុប្រធាន សភាពាណិជ្ជកម្ម​កម្ពុជា​, លោកស្រី ប្រសើរ ម៉ូ​លីកា ប្រធាន​នាយកដ្ឋាន បណ្ដុះបណ្ដាល និង​វិ​ក្រឹ​ត​ការ នៃ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​។​

​លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ ថ្លែង​ក្នុង​អង្គសិក្ខាសាលា​ថាៈ គ្រប់គ្នា​តែង​ប្រាថ្នា​ចង់បាន​អនាគត ភ្លឺស្វាង ការ​មាន​មហិច្ឆតា និង​គោលដៅ​ជីវិត ជា​ត្រីវិស័យ ដ៏​ចាំបាច់​សម្រាប់ មនុស្ស​គ្រប់គ្នា​។ ការអប់រំ និង​ការសិក្សា​រៀនសូត្រ ជា​មូលដ្ឋានគ្រឹះ​តែមួយគត់ ក្នុងការ​អភិវឌ្ឍ​ខ្លួន ដើម្បី​ឆ្ពោះទៅ​សម្រេច គោលដៅ​នៃ​ជីវិត​។
​ប៉ុន្តែ​ក៏មាន​សិស្សានុសិស្ស មួយចំនួន បាននិងកំពុង​វង្វេង ឬ​ពុំ​ស្គាល់​អ្វី ជា​ក្តី​សុបិន ឬ​គោលដៅ​របស់ខ្លួន​។ តាមពិតទៅ មាន​កត្តា​ច្រើន ដែល​ធ្វើឱ្យ​ក្មួយៗ មិនអាច សម្រេច​គោលដៅ តែ​កត្តា​ខ្លួនឯង ជា​កត្តា​ចម្បង​បំផុត ព្រោះ​ខ្លួនឯង​ជា​អ្នក​បំផ្លាញ អនាគត​របស់ខ្លួន បំផ្លាញ​ក្តី​សុបិន​របស់ខ្លួន និង​ខ្លួនឯង​ជា​អ្នក​ពង្វក់​ខ្លួនឯង​ឱ្យ​វង្វេង រក​ផ្លូវត្រូវ មិនឃើញ ចេញ​មិន​រួច​។​

​ក្នុងឱកាស​នោះដែរ លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន បាន​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ សម្រាប់​ជា​គតិ ដល់​អង្គពិធី ទាំងមូល ទាក់ទង​នឹង​តម្លៃ​នៃ​ការអប់រំ គោលដៅ ការរក្សា​ទស្សនៈ​ល្អៗ និង​វិជ្ជមាន សម្រាប់​ខ្លួនឯង និង​ចំណុច​គួរ​ប្រុងប្រយ័ត្ន ក្នុងនាម​ជា​យុវជន យុវវ័យ និង​នៅ​ក្មេងខ្ចី​ខ្លី​បញ្ញា និង​បទពិសោធន៍​៕/V​-PC