ដោយៈសុផល/ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងលោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជានាយកគម្រោងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(ទីភ្នាក់ងារ NEDA,ណេដា) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាជ្ញាធរ គយថៃ អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញក្រសួង ទីប្រឹក្សាគម្រោង និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងដោយទីភ្នាក់ងារ NEDA សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្នុងគោលបំណង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងនីតិវិធីនិងបច្ចេកវិទ្យាត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដោយមានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សាគម្រោងទាក់ទងនឹងវឌ្ឍនភាពនៃគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ផងដែរ។
សូមជម្រាបជូនថា៖ គម្រោងនេះនឹងមានការបំពាក់គ្រឿងម៉ាស៊ីនបរិក្ខារត្រួតពិនិត្យកាំរស្មើអិច (X-RAY) ហើយត្រូវធានាថាអាជ្ញាធរគយកម្ពុជា និងថៃប្រើប្រាស់គ្រឿងម៉ាស៊ីនបរិក្ខារស្កេនទំនិញដែលមានយថាប្រភេទបច្ចេកទេសនិងស្តង់ដាដូចគ្នាដើម្បីធានាឱ្យប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរអាចដំណើរទៅដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកនាយកគម្រោង បានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ជាពិសេស អាជ្ញាធរគយនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរគយនៃព្រះរាជាណាចក្រថៃសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាថាការបំពាក់ព័ន្ធគ្រឿងម៉ាស៊ីនបរិក្ខារស្កេនទំនិញនៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ។មានន័យថាប្រភេទបច្ចេកទេស និងស្តង់ដាតែមួយ ដើម្បីកុំឱ្យការងារត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែនមានភាពយឺតយ៉ាវនិងបង្កភាពស្មុគស្មាញបន្ថែមទៀតដល់ការដឹកជញ្ជូន៕សរន