​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ការផ្សាយ​ផ្ទាល់​របស់​អង្គការ​ណា​សា​បានបង្ហាញ អវកាសយានិក​បួន​នាក់​ត្រឡប់​មក​ផែនដី​វិញ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​វិច្ឆិកា (​ថ្ងៃ​អង្គារ​នៅ​កម្ពុជា​)​តាម​យាន​អ​វ​​កាស​របស់​ក្រុមហ៊ុន SpaceX បន្ទាប់ពី​ចំណាយ​ពេល​ប្រាំមួយ​ខែ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដោយ​កត់សម្គាល់​ពី​ទីបញ្ចប់​នៃ​បេសកកម្ម​ដ៏​មមាញឹក​។​

​អវកាសយានិក​អន្តរជាតិ​បាន​ធ្វើ​ការពិសោធន៍​រាប់ពាន់​នៅលើ​ដង​តារាវិថី​និង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​នៅលើ​ស្ថានីយ ISS ក្នុងអំឡុងពេល​បេសកកម្ម “Crew-2” របស់​ពួកគេ​។​

​ចុះ​មក​ផែនដី​វិញ​តាមរយៈ​ឆត្រយោង​ធំ​ចំនួន​បួន យាន​អវកាស Dragon របស់​ពួកគេ​រហស្សនាម “​ខំប្រឹង​ខ្នះខ្នែង​” បាន​ធ្លាក់​ក្នុង​ឈូង​សមុទ្រ​ម៉ិក​ស៊ិកនៅ​ម៉ោង ១០៖៣៣ ថ្ងៃ​ចន្ទ​(​ព្រឹក​ថ្ងៃ​អង្គារ​នៅ​​កម្ពុជា​) មុន​ពេល​វា​ត្រូវ​បាន​លើកដាក់​លើ​នាវា​។​

​អវកាសយានិក​ណា​សា ឈ្មោះ មេហ្គា​ន ម៉ា​អា​ធឺ និង​សេន គីម​ប្រូ លោក​អាគី​ហ៊ី​កូ ហូ​ស៊ី​ហ៊ី​ដេ មក​ពី​ជប៉ុន និង​ជនជាតិ​បារាំង​ឈ្មោះ ថូ​ម៉ាស ប៉េ​ស្កេ មក​ពី​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ត្រូវបាន​យកចេញ​ពី​យាន​​ហើយ​ដាក់​នៅ​លើ​រទេះរុញ​ជា​វិធានការ​ប្រុងប្រយ័ត្ន ព្រោះ​រាងកាយ​របស់​មនុស្ស​ត្រូវ​កែសម្រួល​ឡើងវិញ​ទៅ​នឹង​ទំនាញផែនដី បន្ទាប់ពី​នៅ​លើ​លំហ​រយៈពេល​វែង​។

​លោក​គីម​ប្រូ​បាន​និយាយ​នៅ​លើ​ការផ្សាយ​ផ្ទាល់​របស់​ណា​សា​បន្ទាប់​ពី​យាន Dragon ចុះ​មក​វិញ​ថា “​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បាន​ត្រឡប់​មក​ភពផែនដី​វិញ​”​។​

​សកម្មភាព​របស់​អវកាសយានិក​នៃ​បេសកកម្ម Crew-2​រួម​មាន​ការកត់ត្រា​ផ្ទៃផែនដី​រហូតដល់​ការកត់ត្រា​ការផ្លាស់ប្តូរ​បង្កឡើង​ដោយ​មនុស្ស​និង​ព្រឹត្តិការណ៍​ធម្មជាតិ​ការដាំ​ម្ទេស​លើ​ទី​អវកាស​និង​​ការសិក្សា​អំពី​ពពួក​ដង្កូវ​ដើម្បី​យល់ដឹង​កាន់តែច្បាស់​ពី​ការប្រែប្រួល​សុខភាព​មនុស្ស​នៅក្នុង​លំហ​។​

​លោក​ប៉េស្កេ​បាន​បង្ហោះ​សារលើ Twitter មុន​ពេល​ដំណើរ​ត្រឡប់ទៅផ្ទះ​វិញ​ថា “​មោទនភាព​ណាស់​ដែល​បាន​តំណាងឱ្យ​ប្រទេស​បារាំង​ម្តងទៀត​នៅក្នុង​លំហ​! ទីសំចត​បន្ទាប់ ឋាន​ព្រះ​ចន្ទ​?”៕

អវកាសយានិក​ទាំង​បួន​ត្រឡប់​មក​ដល់​ផែនដី​វិញ​តាមរយៈ​យាន Dragon នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​