ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោក លី សារី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងជាតំណាងភាគីកម្ពុជា បានអញ្ជើញ ចូលរួមប្រជុំ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ជាមួយទីភ្នាក់ងារ សហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជិតខាងរបស់ ព្រះរាជាណាចក្រថៃ (NEDA) តំណាងភាគីថៃ ដើម្បីប្រជុំពិភាក្សាពី គម្រោងបំពាក់ម៉ាស៊ីន X-Ray នៅច្រកទ្វារអន្តរជាតិ ស្ទឹងបត់ – បានណងអៀន ។
លោក លី សារី បានអោយដឹង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថាៈ កិច្ចប្រជុំនោះ ធ្វើនៅបន្ទប់ការិយាល័យ ធ្វើការរបស់លោក (លី សារី) នាសាលាខេត្តបន្ទាយមានជ័យ និងពីបន្ទប់ការិយាល័យ ធ្វើការនៃទីភ្នាក់ងាេ NEDA នារាជធានីបាងកក ។
យោងកិច្ចប្រជុំនោះ បានអោយដឹងថាៈ គម្រោងសាងសង់ ច្រកទ្វារអន្តរជាតិ ស្ទឹងបត់ និងផ្លូវតភ្ជាប់ ទៅផ្លូវជាតិលេខ៥ គ្រោងនឹងបំពាក់នូវម៉ាស៊ីន X-Ray សម្រាប់ត្រួតពិនិត្យ ទំនិញដឹកជញ្ជូន ឆ្លងកាត់ច្រកទ្វារអន្តរជាតិ ស្ទឹងបត់ ដែលមានសមត្ថភាព ត្រួតពិនិត្យទំនិញ និងសម្ភារៈវត្ថុនានា ឲ្យស្របតាមការវិវត្ត នៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន និងស្តង់ដារបច្ចេក ទេស រួមជាមួយនឹងបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន ។
ការបំពាក់នោះ ត្រូវធ្វើហើយស្រេច មុនច្រកព្រំដែនអន្តរជាតិថ្មី សម្រាប់ការដឹកជញ្ជូនធុនធ្ងន់ តាមផ្លូវគោកនេះ នឹងបើកអោយដំណើរការ ក្នុងពេលខាងមុខ៕/V