ដោយៈ ម៉េងឆៃ / ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃចំនួន ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប លើផ្លូវជាតិលេខ៣ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្រសួងសាធារណការ និងដឹកជញ្ជួន បានប្រកាសថា អ្នកបើកយានយន្តគ្រប់ប្រភេទ ត្រូវពិនិត្យមើលល្បឿន នៅពេលចរាចរណ៍លើផ្លូវជាតិលេខ៣ ក្រោយធ្វើរួចនេះ។ កាំម៉ារ៉ាចាប់ល្បឿនឆ្លាតវៃ ទាំង ១០ ទីតាំង ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥គីឡូម៉ែត្រ។ ក្នុងនោះ ពីចោមចៅ ដល់បែកគូស ជាផ្លូវ ៤គន្លង មានចំនួន ៤ទីតាំង និងកំណាត់ផ្លូវពីបែកគូស ទៅទីរួមខេត្តកំពត ជាផ្លូវ ២គន្លង មានចំនួន ៦ទីតាំង។ ចំណែកភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប ២ទីតាំង ត្រូវបានដំឡើង នៅត្រង់ចំណុចវត្តស្លែង និងផ្សារអង្គតាសោម ដែលភ្លើងសញ្ញាចរាចរណ៍ទាំងពីរទីតាំងបំពាក់នូវប្រព័ន្ធ Wireless សម្រាប់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយ និងធ្វើការបញ្ជាដំណើរការតាមទូរសព្ទដៃ ព្រមទាំងបំពាក់នូវប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់អគ្គិសនី។
ក្រសួងសាធារណការ បានបញ្ជាក់ថា ការដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងនេះ ក្នុងគោលបំណង តាមដាន ការពារសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣។ ក្នុងនោះ អគ្គស្នងការនគរបាលជាតិ នឹងគ្រប់គ្រងរាល់សកម្មភាព និងប្រតិបត្តិការរបស់កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំង ទាំងការគ្រប់គ្រងទិន្នន័យ និងការពិន័យបទល្មើសផងដែរ។
អ្វីដែលពិសេសនោះ គឺកាំម៉ារ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្ត្រីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរ។ មុននឹងដាក់ប្រើប្រាស់ផ្លូវការ អាជ្ញាធរពាក់ព័ន្ធ នឹងខិតខំអប់រំផ្សព្វផ្សាយ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងអំពីច្បាប់ចរាចរណ៍ និងការដាក់កាមេរ៉ាចាប់ល្បឿន ហើយអាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរយ៉ាងតិច ១គីឡូម៉ែត្រ មុនដល់ទីតាំងកាំម៉ារ៉ាចាប់ល្បឿនទាំងនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា កាំម៉ារ៉ាចាប់ល្បឿនឆ្លាតវៃ ទាំង ១០ទីតាំង នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ចំណែកភ្លើងស្តុបចរាចរណ៍ទាំងពីរទីតាំង ត្រូវបានដាក់ដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកាតទៅ។
ក្រសួងសាធារណការ បានបញ្ជាក់ថា ល្បឿនកំណត់អតិបរមា នៅទីប្រជុំជន គឺ ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងក្រៅទីប្រជុំជន គឺល្បឿន ៨០ គីឡួម៉ែត្រ ក្នុងមួយម៉ោង។ ករណីបំពានល្បឿន ដែលបានកំណត់ នោះអ្នកបើកបរ នឹងត្រូវផាកពិន័យ ៤ប្រភេទ គឺ១-លើសល្បឿន ចាប់ពី ១-១៩ គ.ម /ម៉ោង ត្រូវពិន័យ ១២ម៉ឺនរៀល ២-លើសល្បឿន ចាប់ពី២០-២៩គ.ម/ម៉ោង ត្រូវពិន័យ ១៥ម៉ឺនរៀល ៣-លើសល្បឿន ចាប់ពី ៣០-៣៩ គ.ម /ម៉ោង ត្រូវពិន័យ ១៨ម៉ឺនរៀល និង៤-លើសល្បឿនចាប់ពី ៤០គ.ម /ម៉ោងឡើងទៅ ត្រូវពិន័យ ៣០ម៉ឺនរៀល។
ដូច្នេះដើម្បីជីវិតអ្នក និងអ្នកដទៃ កុំបើកបរលើសល្បឿនកំណត់ ជាពិសេសអ្នកធ្វើដំណើរ ទៅលេងខេត្តកែប ឬខេត្តកំពត ត្រូវតែគោរច្បាប់ចរាចរណ៍ និងបើកបរក្នុងល្បឿន ដែលច្បាប់បានកំណត់ នោះគឺនៅក្នុងទីប្រជុំជន មិនត្រូវលើស ៤០គ.ម ក្នុង ១ម៉ោង ហើយនៅក្រៅទីប្រជុំជន ត្រូវបើកបរ ក្នុងល្បឿន មិនលើសពី ៨០គ.ម ក្នុង ១ម៉ោង។ បើមិនដូច្នេះទេ អ្នកអាចបង្កគ្រោះថ្នាក់ចរាចរណ៍ និងត្រូវរងការផាកពិន័យតាមបទល្មើសល្បឿន ដែលបានលើកឡើង បើសិនជាល្មើសបើកបរ ក្នុងល្បឿន ហួសកំណត់។
ម្យ៉ាងទៀត កាំម៉ារ៉ាសុវត្ថិភាពចាប់ល្បឿនបើកបរ គ្រាន់តែមួយផ្នែក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចទប់ស្កាត់អ្នកបើកបរ មិនឲ្យបើកបរលឿន លើសពី ៨០គ.ម ក្នុង ១ម៉ោង។ តែអ្វីដែលសំខាន់ និងចាំបាច់បំផុត អ្នកបើកបរយានយន្តគ្រប់ប្រភេទ មិនថា ម៉ូតូ ឡាននោះទេ ត្រូវតែចូលរួមគោរពច្បាប់ និងបើកបរដោយការប្រុងប្រយ័ត្ន។ ក្នុងនោះ សំខាន់ជាងគេ រថយន្តធុនធំ ដឹកទំនិញ ឬរថយន្តកុងតឺន័រ ត្រូវតែកុំផ្ទុកលើសទម្ងន់ និងកុំបើកបរលឿនៗ ល្មើសល្បឿនកំណត់ ដែលលឿនបំផុតត្រឹមតែ ៨០គ.ម ក្នុង ១ម៉ោងប៉ុណ្ណោះ។
ម្យ៉ាងទៀត ផ្លូវស្អាត ទើបតែធ្វើរួចថ្មី ពង្រីកធំជាងមុន អាចផ្លូវល្អ អ្នកបើកបរបើកលឿន ហើយខ្វះការប្រុងប្រយ័ត្ន ក៏អាចបង្កគ្រោះថ្នាក់ដែរ។ អ្នកស្រុកឆ្លងផ្លូវ ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ពិសេសម៉ូតូ កង់ និងថ្មើរជើង នៅពេលឆ្លងផ្លូវចូលផ្ទះ ដាច់ខាតត្រូវតែប្រុងប្រយ័ត្នជាងមុន ហើយមើលឆ្វេងមើលស្តាំ ឲ្យប្រាកដថា មិនមានឡាន មិនមានម៉ូតូមកទេ ចាំឆ្លង។ បើក្មេងៗ សិស្សសាលា ក៏រឹតតែតោងឲ្យឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន រួមទាំងអាជ្ញាធរសមត្ថកិច្ច បង្កើនការប្រុងប្រយ័ត្ន។ អាចមនុស្សចាស់ នាំក្មេងៗ និងសិស្សសាលា ឆ្លងផ្លូវ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
សូមចូលរួមទាំងអស់គ្នា ទាំងអ្នកបើកបរ ទាំងអ្នកដំណើរតាមផ្លូវ និងទាំងអ្នកឆ្លងផ្លូវ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ក្នុងពេលដែលផ្លូវធ្វើល្អស្អាត ធំជាងមុន ដែលអាចនឹងកើតមានគ្រោះថ្នាក់ បើសិនជាធ្វេសប្រហែស ឬភ្លេចខ្លួន ជាន់ហ្គ្រែនោះ មិនត្រឹមតែត្រូវប៉ូលិសហៅឃាត់ផាក ដោយសារតែលើសល្បឿនកំណត់ទេ តែក៏អាចបង្កគ្រោះថ្នាក់ជាយថាហេតុផងដែរ៕សរន