ប្រែសម្រួលៈវាសនា(បាងកកប៉ុស្តិ៍)៖ តុលាការធម្មនុញ្ញថៃកាលពីថ្ងៃពុធទី១០វិច្ឆិកាបានសំរេចថា អំពើរបស់មេដឹកនាំបាតុកម្ម៣នាក់នៅកន្លែងជួបជុំមួយនៅសកលវិទ្យាល័យធម្មាសាតកាលពីខែសីហាឆ្នាំមុនជាការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
ការសំរេចនេះពាក់ព័ន្ធនឹងការចោទប្រកាន់របស់មេធាវីម្នាក់ដែលបានដាក់បណ្តឹងទៅតុលាការអោយពិចារណាថាតើអំពើរបស់មេធាវីសិទ្ធិមនុស្ស អាណុន ណាមផា, លោកផានូពង់ ចាតណុក និងនាង ផានូសាយ៉ា ស៊ីធីជីរ៉ាវ៉ាតតាណាគុល វារំលោភមត្រាទី៤៩នៃរដ្ឋធម្មនុញ្ញដែរឬអត់។
វគ្គច្បាប់នេះហាមប្រជាជនប្រើសិទ្ធិនិងសេរីភាពរបស់គេដើម្បីផ្តួលរំលំរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។
ភាគច្រើននៃចៅក្រមរបស់តុលាការបានសំរេចថា អំពើរបស់អ្នកទាំង៣បានលាក់បាំងចេតនាក្នុងការប្រើសិទ្ធនិងសេរីភាពរបស់គេដើម្បីបំផ្លាញហើយផ្តួលរំលំរបបប្រជាធិបតេយ្យដែលមានស្តេចជាប្រមុខរដ្ឋ។ចៅក្រមបានបញ្ជាអោយអ្នកទាំង៣និងអ្នកគាំទ្ររបស់គេបញ្ឈប់សកម្មភាពនិងអំពើនេះ។
សូមរំលឹកថា នៅការជួបជុំនៅបរិវេណសកលវិទ្យាល័យធម្មាសាតកាលពីថ្ងៃ១០សីហាឆ្នាំមុន នាង ផានូសាយ៉ា បានអានការទាមទារ១០ចំណុចរួមមានការកែទំរង់របបរាជានិយម។ហេតុការណ៍នេះបានធ្វើអោយមនុស្សជាច្រើនស្រឡាំងកាំងនិងពួកគេចាប់ផ្តើមចោទពួកប្រឆាំងតវ៉ាថា ទៅហួសខ្សែបន្ទាត់ក្រហម។
ថ្លែងក្រោយតុលាការចេញសេចក្តីសំរេច នាង ផានូសាយ៉ាបានបង្ហាញការខកចិត្តនិងថា«វាមិនអាចទទួលយកបាន»។
នាងបាននិយាយថា«ការទាមទារ១០ចំណុចមិនមានបំណងផ្តួលរំលំអីទេ តែកែទំរង់របបរាជានិយមអោយល្អប្រសើរឡើងប៉ុណ្ណោះ។ការស្នើសុំកែប្រែច្បាប់វគ្គទី១១(ច្បាប់ប្រឆាំងការប្រមាថស្តេច)ក៏មិនជាការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញដែរ។យើងនៅតែទទូចអោយយើងអាចបន្តជំរុញការទាមទារ១០ចំណុចនេះ»។
ចំណែកលោកអាណុន និងលោក ផានូពង់មិនបានបង្ហាញខ្លួននៅតុលាការដើម្បីស្តាប់សាលក្រមទេ ដោយសារឥឡូវពួកគេកំពុងនៅក្នុងគុកក្រោយប្រឈមការចោទប្រកាន់ជាច្រើន រួមទាំងការប្រមាថស្តេច។
នាង ផានូសាយ៉ាបាននិយាយថា នាងបារម្ភខ្លាចក្រែងការសំរេចរបស់តុលាការវានឹងប៉ះពាល់ការបញ្ជូនញត្តិមួយទៅសភាដើម្បីសុំការកែប្រែវគ្គច្បាប់ទី១១២។ក្រុមប្រឆាំងតវ៉ានឹងសិក្សាសេចក្តីលម្អិតនៃសាលក្រមនេះមុនប្រកាសចំណាត់ការបន្ទាប់។
ក្នុងពេលេជាមួយគ្នាដើមបណ្តឹងលោកណាតថាផន បាននិយាយថា សាលក្រមនេះនឹងបើកផ្លូវសំរាប់បណ្តឹងព្រហ្មទណ្ឌបន្ថែមទៀតលើពួកអ្នកប្រឆាំងតវ៉ា។ទោះជាយ៉ាងណា ពួកអ្នកសង្កេតការណ៍កត់សំគាល់ថា ប្រសិនបើអ្នកទាំង៣ប្រឈមបណ្តឹងព្រហ្មទណ្ឌពីបទប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ គេត្រូវមានភស្តុតាងរឹងមាំ៕
តុលាការធម្មនុញ្ញកាលពីថ្ងៃពុធបានសំរេចថាអំពើរបស់មេដឹកនាំបាតុកម្ម៣នាក់ ក្នុងការជួបជុំទាមទារកាលពីឆ្នាំមុនជាការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ តែនាងផានូសាយ៉ាដែលជាចុងចម្លើយម្នាក់បាននិយាយថា«ខ្ញុំគ្រាន់តែសុំអោយកែទំរង់ដើម្បីអោយស្ថាប័នព្រះមហាក្សត្របានល្អប្រសើរឡើង»