ដ្រូ​ន​នឹង​ដឹក​អាហារ​ដែល​អតិថិជន​កុម្ម៉ង់ នៅ​ទីក្រុង​សៀង​ហៃ​

1420
ចែករម្លែក

​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​ឧសភា ក្រុមហ៊ុន​បញ្ជា​ទិញ​អាហារ​មួយ​នៅ​សៀង​ហៃ​បានប្រកាសថា ខ្លួន​បានទទួល​អាជ្ញា​បណ្ណដើ​ម្បី​ដឹកជញ្ជូន​អាហារ ដោយ​ប្រើ​ដ្រូ​ន​ជា​លើកដំបូង​នៅក្នុង​ប្រទេស​ចិន​។​

​រហូតមកទល់​ពេលនេះ អាជ្ញាធរ​បានអនុម័ត​យល់ព្រម​លើផ្លូវ​ដឹកជញ្ជូន​តាម​ដ្រូ​ន​ចំនួន ១៧ ខ្សែ​នៅលើ​តំបន់ឧស្សាហកម្ម​មួយ​នៅ​ក្រុង​សៀង​ហៃ​។ អតិថិជន​នឹង​អាច​បញ្ជា​ទិញ​អាហារ​ពី​ហាង​ចំនួន ១០០ តាមរយៈ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​។ បុគ្គលិក​ភោជនីយដ្ឋាន​នឹង​ទទួលខុសត្រូវ​ចំពោះ​ការដាក់​អាហារ​កុម្ម៉ង់​នៅ​ខាងក្នុង​ដ្រូ​ន នៅ​កន្លែង​ហោះហើរ​ជាក់លាក់​មួយ​សម្រាប់​ដ្រូ​ន​។ នៅពេលដែល​ដ្រូ​ន​បើក​ទៅដល់​ចំណុច​ចែកចាយ​ដែល​បានកំណត់ បុគ្គលិក​នៅ​ទីតាំង​ទាំងនោះ​នឹង​ទទួលខុសត្រូវ​ក្នុង​ការដឹក​អាហារ​ដែល​កុម្ម៉ង់​រួច​ឱ្យទៅ​ដល់ដៃ​អតិថិជន​។​

​ថ្វីបើ​កម្លាំង​ពលកម្ម​មនុស្ស​នៅតែ​ត្រូវការ​ក៏ដោយ ក៏ប៉ុន្តែ​ការដឹកជញ្ជូន​អាហារ​ដោយ​ប្រើ​ដ្រូ​ន ត្រូវគេ​រំពឹងថា​នឹង​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​យ៉ាងច្រើន​។ ដ្រូ​ន​នឹងត្រូវ​ប្រើ​ដើម្បី​ដឹកជញ្ជូន​អាហារ​ប្រហែល ៧០ ភាគរយ​នៃ​ការបញ្ជាទិញ​ពី​ភោជនីយដ្ឋាន​ទាំងអស់​ដោយ​ប្រើពេល​ដឹក​ប្រហែល ២០ នាទី គឺ​ចំណេញ ១០ នាទី​ពី​រយៈពេល​ដឹកជញ្ជូន​ធម្មតា ៣០ នាទី​។

​អំឡុង​សន្និសីទ​ប្រព័ន្ធ​គ្មាន​មនុស្ស​បើក​ជាស​កល​នៅ​ប្រទេស​ចិន​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​បានប្រកាសថា ដ្រូ​ន​ម៉ូ​ដែល E7 របស់ខ្លួន​អាច​ផ្ទុក​អាហារ​បាន​ដល់​ទៅ ៦ គីឡូក្រាម​និង​ហោះហើរ​ក្នុង​ល្បឿន​អតិបរមា ៦៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ វា​ក៏​អាចធ្វើ​ដំណើរ​រហូតដល់ ២០ គីឡូម៉ែត្រ​ផងដែរ នៅពេល​ដឹក​ពេញ​៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន​នឹង​ដឹកជញ្ជូន​អាហារ​តាម​ការបញ្ជាទិញ​ពី​អតិថិជន​នៅ​សៀង​ហៃ

ទីតាំងផ្សាយពាណិជ្ជកម្ម