ដោយៈ ប.ខុន / ភ្នំពេញៈ របបខ្យល់មូសុងឦសាន បានចាប់ផ្តើមរុញចុះ មកជាបន្តបន្ទាប់ តែធាតុអាកាសត្រជាក់ នៅមិនទាន់មកដល់ទេ ដោយសារខ្យល់ក្តៅ (សម្ពាធទាប) នៅមានឥទ្ធិ ពលខ្លាំង ធ្វើឱ្យមានភ្លៀង ធ្លាក់រាយប៉ាយ បន្តជាថ្មី ចាប់ពីព្រលប់ថ្ងៃនេះ (១១វិច្ឆិកា) រហូតដល់ដើមសប្តាហ៍ក្រោយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ថាៈ របបខ្យល់មូសុង ឦសាន បានចាប់ផ្តើមធ្លាក់មកហើយ តែអាកាសធាតុ នៅមិនទាន់ត្រជាក់នៅ ឡើយទេ ដោយសារ ខ្យល់ក្តៅ (សម្ពាធទាប) នៅមានឥទ្ធិពលខ្លាំង រុញទៅរុញមក នាំឱ្យមានភ្លៀង ធ្លាក់បន្តច្រើនថ្ងៃទៀត។
អ្នកនាំពាក្យ ក្រសួងជំនាញ ខាងលើ បានបញ្ជាក់ថាៈ អាកាសធាតុឆ្នាំនេះ អាចត្រជាក់ មានរយៈពេលច្រើនថ្ងៃ ក្នុងពេលចុះត្រជាក់ម្តងៗ។ ធាតុអាកាសត្រជាក់នឹងមកដល់នៅ ពាក់កណ្តាលខែធ្នូ។ នៅអំឡុងពេលត្រជាក់ សីតុណ្ហភាព ចុះមិនខុសពីឆ្នាំមុនៗទេ តែរយៈពេលត្រជាក់ មានច្រើនថ្ងៃ និងសីតុណ្ហភាព កើនឡើងវិញតិចតួច ហើយក៏ចុះត្រជាក់ វិញ ជាថ្មីទៀត។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ ខ្យល់មូសុងឦសាន ដែលបានបក់ចុះ មកប៉ះជាមួយនឹងសម្ពាធទាប រុញមកពីសមុទ្រប៉ាស៊ីហ្វិក បង្កឱ្យមានភ្លៀង ធ្លាក់រាយប៉ាយជាថ្មី ចាប់ពីព្រលប់ថ្ងៃនេះ (១១វិច្ឆិកា) រហូតដល់ដើមសប្តាហ៍ក្រោយ ដោយអាចនឹងមានភ្លៀង ធ្លាក់រុញទៅដល់តំបន់ខ្ពង់រាបទៀតផង តែមានកម្រិតមិនច្រើន ដូចជានៅតំបន់ទំនា បខាងត្បូង និងបណ្តាខេត្ត នៅជាប់ព្រំដែន កម្ពុជា-វៀតណាម នោះទេ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាព អាកាសធាតុ សម្រាប់ពីថ្ងៃទី១០ ដល់ទី១៦ ខែវិច្ឆិកាថាៈ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ប្រសព្វនឹងជ្រលង សម្ពាធទាប ប៉ាស៊ីហ្វិក បង្កឱ្យមានភ្លៀង ធ្លាក់រាយប៉ាយ ពីតិចទៅច្រើន ជាមួយ ផ្គរ រន្ទះ នៅតំបន់ទំនាបភាគខាងកើត និងភាគខាងត្បូង នៃប្រទេស។
ស្ថានភាពបែបខាងលើនេះ នៅក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថាៈ ធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អង្សាសេ និង សីតុណ្ហភាព អតិបរមា មានពី ២៧ ទៅ ២៩ អង្សាសេ អាចមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតពី ខ្សោយទៅច្រើន ជាពិសេសនៅខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ។
សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមាពី ២០ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ជាពិសេសនៅខេត្តក្រចេះ ត្បូងឃ្មុំ និង កំពង់ចាម ។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ អាចនឹងមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ៕/V