ដោយ: ម៉េងឆៃ / ភ្នំពេញ: ក្រសួងធម្មការ និងសាសនានៅថ្ងៃទី១១ ខែវិច្ឆិកា បានសម្រេចបើកដំណើរការឡើងវិញ ពិធីសាសនាការជួបជុំ និងកម្មវិធីផ្សេងៗ បែបសាសនា។ ការសម្រេចនេះ បានធ្វើឡើង តាមចំណាររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២១។

សេចក្តីប្រកាសលើកឡើងថា ការបើកដំណើរការឡើងវិញ នូវពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗ បែបសាសនា ត្រូវអនុវត្តតាមការណែនាំបីចំណុច៖១.-ត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការបើកដំណើរការឡើងវិញនូវពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗ បែបសាសនា តាមវត្ត វិហារ ស៊ូរ៉ាវ ស្នាក់ការថ្វាយបង្គំ និងកន្លែងប្រតិបត្តិសាសនា។ ២-ត្រូវរៀបចំត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់ព្រះសង្ឃ និងសាសនិកគ្រប់និកាយសាសនាទាំងអស់ព្រមទាំងអ្នក ចេញ-ចូលក្នុងបរិវេណពិធីមិនឲ្យលើសពីចំនួនកំណត់របស់រដ្ឋបាលរាជធានីខេត្តដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។៣-គ្រប់វត្តនិងគ្រប់កន្លែងប្រតិបត្តិផ្នែកពាហិរសាសនាត្រូវអនុវត្តនូវវិធានការការពារនានារបស់ក្រសួង សុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង ៣កុំ»។

មែនទែនទៅ មានអាយុពេល ១១ថ្ងៃហើយ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកម្ពុជាបានបើកប្រទេសឡើង វិញ អនុញ្ញាតឲ្យដំណើរការលើកគ្រប់វិស័យ លើកលែងតែខារ៉ាអូខែ រង្គសាល និងឌីស្កូថេក។ រយៈពេលនេះនៅទូទាំង ប្រទេស មិនមានផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំទេ ទោះបីជារៀងរាល់ថ្ងៃកូវីដនៅបន្តឆ្លង ជាង ៦០នាក់ និងស្លាប់ ៥-៦នាក់ ក្នុងមួយថ្ងៃៗ ក៏ដោយ។

ដំណើរការសាលារៀនគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី១វិច្ឆិកា ផ្សារ កន្លែងធ្វើការរដ្ឋ និងឯកជនរួមទាំងកន្លែងកម្សាន្ត នានា ពិសេសហាងផឹកស៊ី ក្លិបហាត់ប្រាណ ជាដើម ក៏បានបើកដំណើរការឡើងវិញ ពេញបន្ទុក។តែមិនមានករណី ឆ្លងរាលដាល រហូតដល់ត្រូវបិទសាលារៀន បិទផ្សារ បិទកន្លែងធ្វើការ រោងចក្រសហគ្រាស កន្លែងកម្សាន្តនានា រួមទាំងហាងផឹកស៊ី ភោជនីយដ្ឋាន ក្លិបហាត់ប្រាណ ក៏មិនបិទ ព្រោះតែមិនមានអ្នកឆ្លងកូវីដសោះឡើយ។

និយាយដូច្នេះមិនមែនថា អស់មានអ្វីខ្វល់នោះទេ។ ទោះជារាជរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញចាប់តាំងពី ថ្ងៃទី១វិច្ឆិកា តែម្នាក់ៗ ក៏បានបន្តរស់ក្នុងគន្លងថ្មី ពោលគឺបន្តអនុវត្តនូវវិធានការការពារ និងទប់ស្កាត់កូវីដ តាមរយៈ ៣កុំ និង៣ការពារ ពិសេសពាក់ម៉ាស លាងដៃអាល់កុល និងរក្សាគម្លាតសុវត្ថិភាពជាប់ជានិច្ច។

ម្យ៉ាងដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីអាយុ ៥ឆ្នាំឡើង ក៏បានដល់ជាង ១៤លាននាក់ហើយក្នុងចំណោម ប្រជាពលរដ្ឋកម្ពុជាសរុប ១៦លាននាក់។ ដំណើរការចាក់វ៉ាក់សាំង ក៏នៅតែបន្ត មិនថា ដូសទី១ ដូសទី២ ឬក៏ដូសទី៣ ដែលជាដូសជំរុញនោះទេ។

ចូរកុំភ្លេចថា វ៉ាក់សាំង អាចការពារអ្នកមិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រហូតត្រូវចូលសម្រាកពេទ្យនោះទេបើសិនជាឆ្លងកូវីដ ១៩។ ម្យ៉ាងរៀងរាល់ថ្ងៃ ចំនួនអ្នកឆ្លងកូវីដ ហើយស្លាប់ គឺមានលើសពី ៧០ ទៅ៨០ភាគរយដែលជាអ្នកមិនបានចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩។

ជារួមក្នុងពេលបើកប្រទេសឡើងវិញ ក៏ដូចជាការបើកដំណើរការឡើងវិញ ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗ បែបសាសនានាពេលនេះ ក៏នៅតែទាមទារឲ្យម្នាក់ៗ ត្រូវអនុវត្តឲ្យបានហ្មត់ចត់នូវវិធានការការពារ និងទប់ស្កាត់កូវីដ១៩ គឺ ៣កុំ និង៣ការពារ។ ក្នុងនោះ ត្រូវតែពាក់ម៉ាសជាប់ជានិច្ច លាងសម្អាតដៃឲ្យញឹកញាប់និងរក្សាគម្លាតសុវត្ថិភាពយ៉ាង តិចមួយម៉ែត្រកន្លះ ជាដើម។

ម្យ៉ាងទៀត មិនថា នៅតាមវត្តអារាម ព្រះពុទ្ធសាសនា ឬក៏នៅតាមវិហារសាសនាឥស្លាម សាសនាយីស៊ូឬក៏សាសនា ណាណានោះទេ គឺកន្លងមក សុទ្ធតែមានករណីឆ្លងកូវីដ ហើយក៏មានព្រះសង្ឃសុគត និងអ្នកស្លាប់ដោយសារកូវីដ រួចមកហើយនៅប្រទេសយើង។ដូច្នេះបទពិសោធន៍តាមវត្តតាមវិហារសាសនានិងកន្លែងគោរពប្រតិបត្តិសាសនាទាំងអស់ ច្បាស់ជាមានបទពិសោធ ហើយចាត់វិធានការតាមការណែនាំរបស់អាជ្ញាធរសមត្ថកិច្ច ក្រសួងសុខាភិបាលក៏ដូចជា ក្រសួងធម្មការ និងសាសនា ធ្វើយ៉ាងណា កុំឲ្យកូវីដ ឆ្លងចូលវត្ត ចូលវិហារសាសនានិងកន្លែងប្រតិបត្តិសាសនា ជាថ្មីទៀត។

រហូតដល់ពេលនេះទោះជាក្នុងប្រទេសយើងកូវីដហាក់ដូចជាធូរស្បើយតែមិនទាន់មានសុវត្ថិភាពទាំងស្រុងនៅឡើយទេ។ នៅលើពិភពលោក ក៏ដូចគ្នា ពិសេសនៅអឺរ៉ុប ប្រទេសខ្លះ ចាប់ផ្តើមឆ្លងក្នុងរលកទី៤បើទោះជាបានចាក់វ៉ាក់សាំង បានច្រើន និងបានគ្រប់ដូសក៏ដោយ។ យើងត្រូវបន្តប្រុងប្រយ័ត្នតទៅទៀត ដើម្បីយកឈ្នះកូវីដ ហើយបន្តបើកប្រទេស ដោយមិនមានរលកឆ្លងកូវីដថ្មីទៀត ខណៈដែលការទទួលអ្នកទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួច នឹងចាប់ផ្តើម នៅថ្ងៃទី៣០វិច្ឆិកាខាងមុខនេះ៕សរន