ដោយៈសុខុម/ស្ទឹងត្រែងៈដោយសារការខិតខំជាបន្តបន្ទាប់សមត្ថកិច្ចខេត្តស្ទឹងត្រែងបានចាប់ខ្លួនអ្នកទោសជនជាតិឡាវម្នាក់ទៀតមកវិញរួចបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី១២ខែ​វិច្ឆិកាឆ្នាំ២០២១។គិតត្រឹមចេញទី១២ខែវិច្ឆិកាអ្នកទោសចំនួនប្រាំពីរនាក់ដែលទម្លុះជញ្ជាំងពន្ធនាគាររួចរត់គេចខ្លួននោះត្រូវសមត្ថកិច្ចតាមចាប់បានបួននាក់មកវិញហើយ។

ឈ្មោះចាក់លីចឺតាលី។ការចាប់ខ្លួនបានធ្វើឡើងនៅភូមិសាស្រ្តភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបូរីអូរស្វាយខេត្តស្ទឹងត្រែង(រូបថតសមត្ថកិច្ច)

សមត្ថកិច្ចបានបញ្ជាក់ថាទណ្ឌិតដែលចាប់ខ្លួនបានទីបួននេះត្រូវបានចោទប្រកាន់និងផ្តន្ទាទោសអស់មួយជីវិតឈ្មោះចាក់លីចឺតាលី។ការចាប់ខ្លួនបានធ្វើឡើងនៅភូមិសាស្រ្តភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបូរីអូរស្វាយខេត្តស្ទឹងត្រែងខណៈអ្នកទោស រូបនេះបានលួចទូកប្រជាពលរដ្ឋក្នុងគោលបំណងធ្វើដំណើរទៅកាន់ប្រទេសឡាវកាលពីយប់ថ្ងៃទី ១១ ខែវិច្ឆិកា។

គួររំលឹកថាកាលពីថ្ងៃទី១០វិច្ឆិកានេះសមត្ថកិច្ចបានស្វែងចាប់ខ្លួនអ្នកទោសឈ្មោះវ៉ាន់តូ ជនជាតិខ្មែរនិងឈ្មោះភីតងិន ជាជនជាតិឡាវ។ ដោយឡែកកាលពេលព្រលប់ថ្ងៃទី ៩ខែវិច្ឆិកាសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ឈ្មោះទូច វ៉ាត់ ជនជាតិខ្មែរ។

សរុបមកអ្នកទោសចំនួនប្រាំពីរនាក់ដែលទម្លុះគុករត់សមត្ថកិច្ចចាប់ខ្លួនបានចំនួនបួននាក់ហើយ។អ្នកទោសដែកទម្លុះគុករត់ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សូមបញ្ជាក់ថាកាលពីទៀបភ្លឺថ្ងៃទី៨ខែវិច្ឆិកាកន្លងទៅអ្នកទោសចំនួនប្រាំពីរនាក់ជាប់ចោទពីបទជួញដូរគ្រឿងញៀននិងបទល្មើសមួយចំនួនទៀតបានប្រើឧបករណ៍ចបត្រសេះនិងយកភួយរុំដុំឈើដើម្បីកុំឲ្យឮសំឡេងទម្លុះជញ្ជាំងពន្ធនាគារដែលស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងរួចរត់ខ្លួន។
ពេលនេះសមត្ថកិច្ចកំពុងតាមស្វែងរកអ្នកទោសបីាក់ទៀតដែលនៅសេសសល់៕សរន