ដោយៈ សុផល / ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ាន លើកទី២៧ ជាមួយក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួម ពីលោក ឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រង ប្រចាំ តំបន់ នៃក្រុមប្រឹក្សា ធុរកិច្ច អាស៊ាន-សហរដ្ឋអាមេរិក (US-ABC) លោក លោកស្រីរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន អគ្គលេខាធិការ អាស៊ាន សមាជិក US-ABC និងគណៈប្រតិភូអមដំណើរ។
ថ្លែងក្នុងសុន្ទរកថាបើក លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីបញ្ហាប្រឈមដ៏ធំបំផុត ដែលបង្កើត ឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ មិនត្រឹមតែសម្រាប់តំបន់អាស៊ាន និងសហរដ្ឋអាមេរិក ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ផ្សេងទៀត ជុំវិញពិភពលោក ផងដែរ។
លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថាៈ តាមរយៈ វិធានការឆ្លើយតប ប្រកបដោយ ប្រសិទ្ធភាព ពិភពលោក បានដើរលើគន្លងផ្លូវ ឆ្ពោះទៅរកការងើបឡើងវិញ នៃសេដ្ឋកិច្ចសង្គម ហើយបច្ចុប្បន្ននេះ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន កំពុងធ្វើការឆ្ពោះ ទៅរកការស្តារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីធានាការតភ្ជាប់ប្រកបដោយ និរន្តរភាព និងភាពធន់។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ អំពីលទ្ធផល សំខាន់ៗ នៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី២៧ និងបញ្ហាអាទិភាព សំខាន់ៗ រួមមានៈ ការបញ្ចប់ពិធីសារ ដើម្បីអនុវត្តកញ្ចប់សន្យាទី១២ ស្តីពីសេវាកម្ម ដឹកជញ្ជូន តាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ការបញ្ចប់ការចរចាកិច្ចព្រមព្រៀង ដឹកជញ្ជូនផ្លូវអាកាស គ្រប់ជ្រុងជ្រោយ អាស៊ាន -សហភាព អឺរ៉ុប ការដាក់ឱ្យដំណើរការ ការអនុវត្តពិធីសារទី៧ ស្តីពីប្រព័ន្ធដឹកជញ្ជូន ឆ្លងកាត់គយអាស៊ាន នៃកិច្ចព្រមព្រៀងក្របខណ្ឌ អាស៊ាន ស្តីពីកិច្ចសម្រួលដឹក ជញ្ជូនទំនិញឆ្លងកាត់ និងការអនុម័ត សេចក្តីប្រកាសភ្នំពេញ ស្តីពីការដឹកជញ្ជូន ក្នុងទីក្រុងប្រកបដោយនិរន្តរភាព ដែលជួយពង្រឹងបន្ថែម ដល់ការរួមបញ្ចូលគ្នា នៃការដឹកជញ្ជូន ក្នុងទីក្រុង ប្រកបដោយនិរន្តរភាព និងការធ្វើផែនការប្រើប្រាស់ដី ក្នុងតំបន់អាស៊ាន៕/V-PC