ដោយៈ សុផល / ភ្នំពេញ​៖ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតមាន​ជា​រៀងរាល់ឆ្នាំ នៅក្នុង​តំបន់ អាស៊ាន ទាមទារ​ឱ្យមាន​ការចូលរួម ពី​វិស័យ​ឯកជន ក្នុង​ការរៀបចំ​កម្មវិធី ប្រកបដោយ​និរន្តរភាព ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​។ តាម​ការប៉ាន់ប្រមាណ បង្ហាញថា អាស៊ាន ត្រូវការ​ថវិកា ប្រមាណ ២១០ ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ រហូតដល់​ឆ្នាំ​២០៣០ សម្រាប់​ការវិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ គុណភាព ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការដឹកជញ្ជូន​តំបន់ ភស្តុភា​រកម្ម និង​ខ្សែសង្វាក់ ផ្គត់ផ្គង់​។​

​ចំពោះ​កម្ពុជា ត្រូវការ​ថវិកា​ប្រមាណ ៤៨​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​អនុវត្ត គម្រោង ចំនួន ៣៣០ ដែល​ត្រូវ​បានកំណត់ នៅក្នុង​ផែនការមេ ប្រព័ន្ធ​ដឹកជញ្ជូន ពហុ​មធ្យោបាយ និង​ការតភ្ជាប់ ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ​។

​ទាំងនេះ ជាការ​លើកឡើង​របស់​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ រដ្ឋមន្ត្រី ដឹកជញ្ជូន​អាស៊ាន ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន លើក​ទី​២៧ ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច អាស៊ាន​-​សហរដ្ឋអាមេរិក (US-ABC) តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​សូមជម្រាបថា កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន លើក​ទី​២៧ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ នៅ​ថ្ងៃទី​១១ និង ១២ ខែវិច្ឆិកា ឆ្នាំ​២០២១៕/V​-PC