ដោយៈ សុផល / ភ្នំពេញៈ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​-​ចិន លើក​ទី​២០ ត្រូវបាន​ដឹកនាំ ដោយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង​សម​ភាគី​ចិន លោក ZHAO CHONGJIU អនុរដ្ឋមន្ត្រី ក្រសួង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ប្រព័ន្ធ វីដេអូ​ពី​ចម្ងាយ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន លោក LIM JOCK HOI និង​អគ្គលេខាធិការ អាស៊ាន និង​គណៈប្រតិភូ អមដំណើរ​។​

​ថ្លែង​នៅក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​កត់ សម្គាល់ថាៈ ឆ្នាំនេះ គឺជា​ខួប​លើក​ទី​២០ នៃ​កិច្ចសហប្រតិបត្តិការ​ដឹក​ជញ្ជូន អាស៊ាន​-​ចិន ។ ប្រទេស​ចិន បាន​ក្លាយជា ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ កាន់តែខ្លាំង​ឡើង សម្រាប់​អាស៊ាន ក្នុង​ទិដ្ឋភាព​ជាច្រើន ជាពិសេស ក្នុង​ទិដ្ឋភាព​ពាណិជ្ជកម្ម ដែល​ក្នុងនោះ ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង បាន​ឈានដល់​ដំណាក់ កាល ជា​ប្រវត្តិសាស្ត្រ​មួយ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ និង​ក្តី​គោរព តាមរយៈ​លោក ZHAO CHONGJIU ជូន​ចំពោះ​លោក Li XIAOPENG រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​ថាៈ ក្នុងអំឡុងពេល​ជំងឺ​រា​ត ត្បា​ត​កូ​វីដ​-១៩ នាពេលនេះ រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានផ្តល់ ការគាំទ្រ​យ៉ាងខ្លាំង ដល់​អាស៊ាន ក្នុងនោះ​រួមមាន​៖ ការផ្តល់​វ៉ាក់សាំង​បង្ការ​មេរោគ កូ​វីដ​-១៩ និង​ជំនួយ​បច្ចេកទេស ផ្នែក​សុខាភិបាល ផងដែរ​។ ជាងនេះទៅទៀត ប្រទេស​ចិន បាន​ប្តេជ្ញា​ផ្តល់​ការគាំទ្រ ដល់​អាស៊ាន នៅក្នុង​ការស្តារ សេដ្ឋកិច្ច ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។ ក្នុងនាម​រដ្ឋ​សមាជិក​អាស៊ាន លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​ប្តេជ្ញាចិត្ត ផ្តល់​ការគាំទ្រ​របស់ខ្លួន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​ថាៈ ក្នុង​វិស័យ​ដឹកជញ្ជូន ទំនាក់ទំនង រវាង​អាស៊ាន និង​ចិន កាន់​តែមាន​ភាពរឹងមាំ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ កន្លងមកនេះ តាមរយៈ​ការអនុវត្ត​កម្មវិធី និង​គម្រោង​ជាច្រើន ប្រកបដោយ​ជោគជ័យ​ក្រោម​ផែនការ សកម្មភាព សម្រាប់​កិច្ច​សហប្រតិបត្តិ ការ ដឹកជញ្ជូន​អាស៊ាន​-​ចិន​។ ក្នុងនាម​ជា​ដៃគូ យូរអង្វែង ប្រទេស​ចិន បាន​គាំទ្រ​យ៉ាងសកម្ម លើ​ការអភិវឌ្ឍ និង​ការផ្តល់​ហិរញ្ញ ប្ប​ទាន ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន និង​បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ ត​ភ្ជាប់ ក្នុង​វិស័យ​ទាំងឡាយ ដូចជា ផ្លូវដែក ផ្លូវ​ហាយ​វេ កំពង់ផែ និង​អាកាស យានដ្ឋាន ដែល​បា​នព​ន្លឿ​ន ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ក្នុង​តំបន់​។​

​លោក​បាន​បន្ថែមថាៈ រដ្ឋ​ជា​សមាជិក​អាស៊ាន គាំទ្រ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដែល​ដឹកនាំ ដោយ ប្រទេស​ចិន ដូចជា ខ្សែក្រវាត់​និង​ផ្លូវ មូលនិធិ​ផ្លូវ​សូត្រ ផ្លូវ​សូត្រ​សមុទ្រ សតវត្សរ៍​ទី​២១ និង​ធនាគារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន (AIIB) ដែល​ផ្តល់ ការគាំទ្រ និង​កៀងគរ​មូលនិធិ សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់​ជាច្រើន ដែល​អាច​ជំរុញ ដល់​ទំនាក់ទំនង​ផ្ទាល់ និង​ការតភ្ជាប់ រវាង​ប្រជាជន និង​ប្រជាជន សំដៅ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​យើង រៀងៗ​ខ្លួន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​ការកោតសរសើរ យ៉ាង​ជ្រាលជ្រៅ ចំពោះ​មិត្ត​ចិន ដែល​បានផ្តល់​ការគាំទ្រ លើ​ការកសាង​សមត្ថភាព របស់​មន្ត្រី​ក្រសួង សាធារណការ និង​ដឹកជញ្ជូន កម្ពុជា តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ជាមួយ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន​របស់​ក្រសួង​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​ផងដែរ អំពី​ផែនការ​អនុម័ត​សេចក្តីព្រាង កម្មវិធី សកម្មភាព ឆ្នាំ ២០២១-២០២៥ នៃ​ផែនការ​យុទ្ធសាស្ត្រ កែសម្រួល សម្រាប់ កិច្ចសហប្រតិបត្តិការ ដឹកជញ្ជូន​អាស៊ាន​-​ចិន ក្នុង​គោលបំណង ដើម្បី​ជំរុញ​គម្រោង កិច្ចសហប្រតិបត្តិការ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ការរៀបចំ​កិច្ច​សម្រួល ដឹកជញ្ជូន កិច្ចសហប្រតិបត្តិការ​សមុទ្រ ការបណ្តុះបណ្តាល​បុគ្គលិក និង​ការផ្លាស់ប្តូរ បច្ចេកទេស​។​

​ថ្លែង​នៅក្នុង​សុន្ទរកថា​បិទ លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថាៈ អាស៊ាន បាន​ពិនិត្យ និង​អនុម័ត ឯកសារ​សំខាន់ៗ ដែល​ត្រូវ​បានលើកឡើង នៅក្នុង​របៀបវារៈ នៃ​កិច្ចប្រជុំ ថ្ងៃនេះ និង​បានបង្ហាញ ជំនឿ​ថា ផែនការ​នេះ នឹង​ត្រូវបាន​អនុវត្ត ដោយ​ជោគជ័យ និង​ទាន់ពេលវេលា ជាមួយនឹង​កិច្ចខិតខំ ប្រឹងប្រែង​រួមគ្នា និង​កិច្ចសហប្រតិបត្តិការ ដ៏​រឹងមាំ​របស់​យើង​៕/V​-PC