ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ លោក​សា​វិ​ន ហ្វី​លី​ព តារា​សម្តែង​ជំនាញ​កំពុងមាន​ទីផ្សារ និង លោក​លី ណូ​រ៉ា តារា​វ័យក្មេង​ពូកែ​ចូល​តួ​កាច​ធ្វើ​ឱ្យគេ​ស្អប់ បានបង្ហាញ​ភាព​ភ្ញាក់ផ្អើល​ពេញ​សង្គម​សិល្បៈ ដោយ​ស្រាប់តែ​ត្រូវ ឧ​ញ៉ា​មានឈ្មោះ​ខាង​រកស៊ី​ដី​ដ៏​ជោគជ័យ​សម្រេច​ផ្តល់ឱ្យ​តារា​ប្រុស​ទាំងពីរ​ក្លាយជា​អ្នកតំណាង​របស់​ក្រុមហ៊ុន ដែល​ចាយ​ទុន​ច្រើន​លាន​ដុល្លារ​។
​ ​
​តារា​សម្តែង​ទាំងពីរ​ដួង​នេះ​បានក្លាយ​ជា​ទូត​សុ​ឆន្ទៈ ក្រោយ​មាន​ទំនុកចិត្ត​ពី​លោក​ឧកញ៉ា លោក ឃិត ឈឿន អគ្គនាយក​ក្រុមហ៊ុន ខេ​ស៊ី​គ្រុប ជ្រើសរើស​លោក សា​វិ​ន ហ្វី​លី​ព និង លោក លី ណូ​រ៉ា ជា ទូត​សុ​ឆន្ទៈ ក្នុង​គម្រោង​ស្តីពី​ការអភិវឌ្ឍន៍​គម្រោង​មរតក​បរសេដ្ឋ ដែល​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ វិច្ឆិកា ឆ្នាំ​២០២១ នៅ​ផ្សារ ខេ​ស៊ី ។​

​លោក សា​វិ​ន ហ្វី​លី​ព តារា​សម្តែង​នៅតែ​ទទួលបាន​ការគាំទ្រ​និយាយថា ការឈាន​ជើង ចូលមក​កាន់​ការងារ​ជា​ទូត​សុ​ឆន្ទៈ​នេះ កើតឡើង​ដោយសារតែ​លោក​មើលឃើញថា​ថៅកែ​ដី ឬ​ម្ចាស់​គម្រោង​មាន​ភាពច្បាស់លាស់​។ គម្រោង​មរតក​បរសេដ្ឋ​នេះ មាន​វិសាលភាព​សំខាន់ៗ​ណាស់​សម្រាប់​ទុក​លម្ហែកាយ​ពេល​ចូលនិវត្តន៍​។ លោក​យល់ថា ខ្លួន​ក៏មាន​វ័យ​ច្រើន ហើយ​កាន់​តែមាន​ទំនោរ​ចិត្ត​ចង់​រស់នៅ​កន្លែង ដែលមាន​ទេសភាព មាន​ដងភ្នំ​ខ្យល់​បរិ​សុ​ទ្ឋ​។​

​ចំណែក តារា​សម្តែង លី ណូ​រ៉ា បានឱ្យដឹងថា អ្វីដែល​លោក​មើលឃើញ​គឺ​វិសាលភាព​នៃ​គម្រោង ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ​។ លោក​ជា​តារា​សម្តែង​រមែង​ចេញដំណើរ​ជាមួយ​អ្នកដឹកនាំ ហើយ​ជួប​ទីតាំង​អស់ហើយ បែរជា​រំលង​ទីនេះ​។ ពេលមកដល់​ដំបូង​ធម្មតាៗ ដល់​មក​លើក​ទី​ពីរ​ឬ​បន្ទាប់​ឃើញថា ស្អាត​នោះ​ស្អាត​ដូច​បុប្ផា​លាក់ខ្លួន ។​មាន​សម្រស់​ធម្មជាតិ​ភ្នំ​ខៀវស្រងាត់​ព័ទ្ធជុំវិញ​។ ទីកន្លែង​មួយ​នេះ​ស្រស់ស្អាត ដែល​បាន​ទាក់ទាញ ផលិតកម្ម​ធំៗ​សម្រាប់​ថត​រឿង ឬ​បទ​ចម្រៀង​។ ពិសេស​បាន​លោកពូ​ឃិត ឈឿន ជា​ម្ចាស់​ដី​ពិតប្រាកដ ដែល​បាន​ជឿទុកចិត្ត​ផ្តល់​សិទ្ឋិ​អោយ​ពួកយើង ជំនាន់​ក្រោយ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​។​កន្លង មក​យើង​ធ្វើ​គឺ​ធ្វើ មិន​សន្យា​ខ្យល់​ទេ​។ លោក​ខ្លួនឯង​ផ្ទាល់​ជា​អ្នក​ចុះ​មើល​គម្រោង​បែងចែក​អ្នកណា​ធ្វើ​អ្វី គឺ​ដៅ​ច្បាស់លាស់​រៀងៗ​ខ្លួន​។ ចាត់ចែង​ធនធានមនុស្ស ផ្នែក​ច្បាប់ គណនី ធ្វើ​គឺ​ធ្វើ​មិន​ភូតកុហក់​។​ឆាប់ៗ​នេះ​យើង​មាន​កាហ្វេ​ជើងភ្នំ ជា​រមណីយដ្ឋាន​មួយ​ដ៏​ទាក់ទាញ​ប្រកបដោយ​ទេសភាព​។​

​លោក​បន្តថា លោក​រីករាយ​ដែល​បានប្រែក្លាយ​កន្លែង​ដែលជា​វាល​សង្គ្រាម​គេ​ទុកចោល ក្លាយជា​តំបន់​ទេសចរណ៍ មុខមាត់​ថ្មី​ជួយ​សង្គម ក្នុងនាម​ជា​ពលរដ្ឋ​ជា​សិល្បៈ​ម្នាក់ លោក​ពិតជា​រីករាយ​ដែល​បាន​ជួយ​លើកស្ទួយ​នេះ​៕ សរន​-PC