ដោយ៖តារារិទ្ធ/ភ្នំពេញ៖ស្ពានឆ្លងកាត់ទន្លេស្ទឹងត្រង់-ក្រូចឆ្មាររួមនឹងសមិទ្ធផលផ្សេងៗទៀតគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះក្រោមអធិបតី ភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ស្ពានឆ្លងកាត់ទន្លេស្ទឹងត្រង់-ក្រូចឆ្មារត្រូវបានបញ្ចប់ការសាងសង់កាលពីខែមេសាឆ្នាំ២០២១។បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាននេះជាផ្លូវការនៅពេលវេលាសមស្របណាមួយហើយនឹងបើកការ ដ្ឋានសាងសង់ផ្លូវលេខ ៧១C ដែលតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារនេះ ទៅចំការលើនិងទៅកាន់ផ្លូវលេខ៧។

សូមបញ្ជាក់ថាស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាពលរដ្ឋខេត្តកំពង់ ចាមនិងខេត្តត្បូងឃ្មុំ ឲ្យបានងាយស្រួលនិងឆាប់រហ័សដោយនៅត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមឆ្លងកាត់ ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពាននេះមានប្រវែងជាង ១គីឡូម៉ែត្រ ទទឹង១៣ម៉ែត្រកន្លះបានបើកការដ្ឋាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋភិបាលចិន ៕​