​ដោយៈ​ប​.​ខុន​/ ភ្នំពេញៈទីលាន​អនាម័យ​សម្រាប់​ទុកដាក់​សំរាម​របស់​ក្រុងព្រះសីហនុ​នៅ​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់ បាន​បើក​ដំណើរការ​ចាក់សំរាម​ជា​មធ្យម​ពី​៣០០​ទៅ​៣៥០​តោន​ក្នុង​មួយថ្ងៃ​ជាទី​លាន​ដែលមាន​ផ្ទៃដី​សរុប​៥០​ហិកតា និង​មាន​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ​។​

​លោក ហិប សុខា​ន់​ណា​រ៉ូ នាយក​គ្រប់គ្រង​ទីលាន​ទុកដាក់​សំរាម​សំណល់​ទីប្រជុំជន​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ ឱ្យ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១២​ខែវិច្ឆិកា ឆ្នាំ​២០២១​ថា ទីលាន​អនាម័យ​សម្រាប់​ទុកដាក់​សំរាម​នៅ​ភូមិ​អូរ​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ បានចាប់ផ្តើម​ដំណើរការ​ជា​ទុកដាក់​សំរាម​ផ្លូវការ​ហើយ​កាលពី​ថ្ងៃទី​៥​ខែ​វិ​ច្ឆិ កា​កន្លងទៅនេះ​បន្ទាប់ពី​បាន​សាង សង់​រួច​តាម​លក្ខណៈ​បច្ចេកទេស​ដោយ​ក្រសួង​សាធារណការ​។​

​នាយក​គ្រប់គ្រង​ទីលាន​បានឱ្យដឹង​ទៀតថា​ទីលាន​នេះ​មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ​មាន​ផ្ទៃដី​សរុប​ប្រមាណ ៥០​ហិកតា​ដោយនៅ​ជំហាន​ដំបូង​នេះ​បានធ្វើ​ការអភិវឌ្ឍ​នៅលើ​ផ្ទៃដី​ចំនួន​១៧​ហិកតា​និង​បានធ្វើ​រណ្តៅ​អនាម័យ​រួច​តាម​បច្ចេកទេស​លើ​ផ្ទៃដី​ទំហំ​៥​ហិកតា​ដែល​កំពុងដំណើរការ​ទុកដាក់​សំរាម​ដឹក​មកពី​ទីប្រជុំជន​និង​ក្រុងព្រះសីហនុ​។​

​លោក​ឱ្យដឹង​បន្ថែមថា ទីលាន​ទុកដាក់​សំរាម​នេះ​នៅក្នុង​គម្រោង​បាន​ប៉ាន់ប្រមាណ​ថា​អាច​ទុកដាក់​សំរាម​ដូច​សព្វថ្ងៃ​បាន​រយៈ ពេល​ប្រាំ​ឆ្នាំ​ទើប​ពេញ​។​តែ​ជាក់ស្តែង​អាច​មិន​ដល់​៥​ឆ្នាំ​ទេ​ត្រូវ​ពេញ​ហើយ​បើ​សំរាម​មិនត្រូវ​បានធ្វើ​ការកែច្នៃ​ដូច​ពេលនេះ​។​នៅពេលនេះ​យើង​បាន​លើកទឹកចិត្ត​ដល់​អ្នក​រើស​សំរាម​ដែល​បាន​ជួយ​ញែក​សំរាម​ទៅតាម​ប្រភេទ​សំរាម​។​សំរាម​ដឹក​ចូលមក​ទុកដាក់​នៅក្នុង​ទីលាន​អនាម័យ​នេះ​ក្នុង​មួយ​ថ្ងៃជា​មធ្យម​មាន​ចំនួន​ពី​៣០០​ទៅ​៣៥០​តោន​ថ្ងៃ​ខាងមុខ​ចាំបាច់​ត្រូវ​រក​ដៃគូ​ធ្វើការ​កែច្នៃ​សំរាម​នេះ ។​
គួរ​និយាយ​ឱ្យដឹងថា​ទីលាន​ចាក់សំរាម​នេះ​កន្លងទៅ​ត្រូវបាន​ក្រុមហ៊ុន​ដឹក​សំរាម​មកចាក់​គរ​ចោល​ពាសវាល​ពាសកាល​និង​នៅក្នុង​កន្លែង​ដែល​ត្រូវបាន​កំណត់ឱ្យ​ចាក់សំរាម​នេះ​។​ទីលាន​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រសួង​សាធារណការ​ប្រើប្រាស់​ថវិកា​ជាតិ​។​ក្រុងព្រះសីហនុ​ពេលនេះ​មាន​កន្លែង​ទុកដាក់​សំរាម​តាម​លក្ខណ​បច្ចេកទេស​ហើយ​។​ការប្រមូល​សំរាម​នៅក្នុង​ទីក្រុង​ព្រះសីហនុ​ក៏មាន​ភាពល្អប្រសើរ​ជាង​កាលពី​ពីរ​ឆ្នាំមុន​ដែរ​បន្ទាប់ពី​រដ្ឋបាលខេត្ត​នេះ​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ដឹក​សំរាម​និង​ចលនា​ឱ្យ​ពល រដ្ឋ​រស់នៅក្នុង​ទីក្រុង​ជួយ​ទឹក​ដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​រួចមក​៕​សរន​.mara