ដោយៈមុនីរ័ត្ន/ភ្នំពេញៈក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១នេះ បានហៅការសម្រេចរបស់សហរដ្ឋអាម៉េរិកថាជាការប្រើអំណាចយុត្តាធិការហួសព្រំដែនមកលើមន្ត្រីកម្ពុជា ក្រោមការចោទ ប្រកាន់គ្មានមូលដ្ឋានដែលធ្វើឡើងដោយ ហេតុផលភូមិសាស្ត្រនយោបាយ។

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលផ្សព្វផ្សាយដល់បណ្តាញសារព័ត៌មាននិងបណ្តាញសង្គមផ្លូវការរបស់ក្រសួងនេះបានបញ្ជាក់ថា៖

១. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះអំណាច យុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាម៉េរិកមកលើមន្ត្រីកម្ពុជាក្រោមការចោទប្រកាន់គ្មានមូលដ្ឋានដែលធ្វើឡើងដោយហេតុផល ភូមិសាស្ត្រនយោបាយ។

២.យុទ្ធនាការលាបពណ៌និងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយមិនត្រឹមតែបំពានលើច្បាប់អន្តរជាតិនិងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែបានបង្ហាញពីការមាក់ងាយ ទាំងស្រុងដល់ឯករាជ្យភាពនិងជាការជ្រៀតជ្រែក យ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ។

៣.ការដាក់ទណ្ឌកម្មនេះ គឺជាការអនុវត្តផ្ទុយទៅនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស (៤៦/៥)ដែលត្រូវបាន អនុម័តក្នុងខែមីនាឆ្នាំ២០២១ហើយដែលបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តប្រើប្រាស់វិធានការដោយបង្ខិតបង្ខំជា ឯកតោភាគីរបស់មហាអំណាចមួយចំនួន ជាឧបករណ៍ ដាក់សម្ពាធលើប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ សំដៅរារាំងប្រទេសទាំងនោះមិនឱ្យអនុវត្តសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសប្រព័ន្ធនយោបាយសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន។

៤. កម្ពុជាតែងតែបង្ហាញនូវបំណងប្រាថ្នាចង់ឱ្យមានទំនាក់ទំនងកាន់តែរឹងមាំនិងជិតស្និទ្ធជាងនេះ ទោះបីជាមានអតីតកាល ដ៏ឈឺចាប់ជាមួយសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ក្នុងសប្តាហ៍នេះក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការ ” ធ្វើការរួមគ្នាជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានបន្ទាប់ ។ ក៏ប៉ុន្តែទណ្ឌកម្មដែលដាក់ចេញ ដោយមិនស្របច្បាប់នេះ គឺជាការបោះ ជំហានខុសទិសដៅមួយទៀតដែលងាកចេញទាំងស្រុងពីស្មារតីមិត្តភាពនិងកិច្ចខិតខំ ប្រឹងប្រែងជាថ្មី ក្នុង ការជំរុញភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ នៅក្នុងវិស័យមួយចំនួនដូចជា ពាណិជ្ជកម្មនិង ការវិនិយោគ ការប្រយុទ្ធប្រឆាំងភេរវកម្ម បេសកកម្មរក្សាសន្តិភាព ការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ ខ្លួន(POW/MIA) ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ អ្នកស្ម័គ្រចិត្ត Peace Corps ទំនាក់ទំនងប្រជាជននិងប្រជាជននិងបញ្ហាសំខាន់ៗក្នុងតំបន់នៃ ផលប្រយោជន៍រួម៕សរន