ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ កំណាត់​ផ្លូវ​ប្រវែង​ជាង​៦​គីឡូម៉ែត្រ ទទឹង​១២​ម៉ែត្រ ឆ្លងកាត់​ខណ្ឌ​ចំនួន​៣​ក្នុង​រាជធានី​ភ្នំពេញ ដែលជា​ចំណងដៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ប្រជាពលរដ្ឋ​នៅ​ជាយក្រុង​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ ក្រោយ​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក​។​

​ពិធីបើកការដ្ឋាន​នេះ​ត្រូវបាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នៅ​ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​ជំងឺ​កូ​វីដ​-១៩ ការដ្ឋាន​មួយចំនួន​ត្រូវបាន​ផ្អាក ប៉ុន្តែ​ក្រោយពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បានសម្រេច​បើក​ប្រទេស​ជា​ប្រក្រតី​ឡើងវិញ​នោះ ថ្ងៃនេះ​គឺជា​ការដ្ឋាន​ទី​១​ហើយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​ដំណើរការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​៦ គីឡូម៉ែត្រ​នេះ​ឡើងវិញ​។​

​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​បន្តទៀតថា កំណាត់​ផ្លូវ​១​ខ្សែ​នេះ គឺជា​ចំណងដៃ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ ពិសេស បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់ និង​ខណ្ឌ​ចំនួន​៣ ដែលមាន​ដូចជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​កំបូល និង​ខណ្ឌ​ព្រែក​ព្នៅ​។​

​លោក​ឃួ​ង ស្រេង​បន្តទៀតថា សម្តេច​តេ​ជោ​មិន​ត្រឹមតែ​រំដោះ​ប្រទេសជាតិ​ពី​ចំណុចសូន្យ​និង​ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​រុងរឿង​​ប៉ុណ្ណោះ​ទេ ។ តែ​សម្ដេច​នូវបាន​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ថែមទៀត​។ ជាក់ស្តែង​នៅ​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩​នេះ សម្ដេច​បាន​ខិតខំ​ស្វះស្វែង​គ្រប់​មធ្យោបាយ​ដើម្បី​រក​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អោយបាន​គ្រប់គ្នា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង​នេះ​ផងដែរ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​ទាំង​ដូ​ស​ទី​១ ដូ​ស​ទី​២ និង​ដូ​ស​ជំរុញ ហៅ​ដូ​ស​​ទី​៣​សូម​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​នៅតាម​មណ្ឌល​សុខភាព​នានា​នៅក្នុង​ខណ្ឌ​របស់ខ្លួន ហើយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ក៏ត្រូវ​តែ​ជួយ​សម្រួល​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​បានទទួល​ការចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​ក្នុងឱកាស​នោះដែរ​លោក ហែម ដា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មានប្រសាសន៍​លើកឡើងថា
​កំណាត់​ផ្លូវ​១​ខ្សែ​ដែល​បាន​បើក​ការដ្ឋាន​ជួសជុល​ខាងលើនេះ​មាន​ប្រវែង ៦,៤៩០​ម៉ែត្រ នៅក្នុង​ភូមិសាស្ត្រ​​អន្តរ​ខណ្ឌ​គឺ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​ស្ងោរ ខណ្ឌ​កំបូល និង សង្កាត់​ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ ដោយ​គិត​ចាប់ពី​មហាវិថី ឈ្នះ​ឈ្នះ ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដល់​ផ្លូវ​លេខ​៤២ ភូមិ​ន្នំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ជា​ផ្លូវដី (​កាលពីមុន​ស្ថិតក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)​។

​លោក​អភិបាលខណ្ឌ​បន្តថា នៅក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០ ដោយ​បញ្ញា​ជំនន់​ទឹកភ្លៀង​បានធ្វើអោយ​កំណាត់​ផ្លូវ​នេះ​ទទួលរង​ការខូចខាត​ធ្ងន់​។​ដោយ​មើលឃើញ​ពី​ទុក​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​លើក ផែនការ​ជួសជុល​ផ្លូវ​នេះ​ក្នុង​គម្រោង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ ២០២០ ប៉ុន្តែ​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គម្រោង​ភាគច្រើន ត្រូវបាន​ផ្អាក ដោយ​បង្វែរ​ថវិកា​ទៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​វិញ​។ សម្រាប់​ឆ្នាំ​២០២១​​នេះ​ លោក​ឃួ​ង ស្រេង ក៏បាន​សម្រេច​ជាគោលការណ៍ បើក​ការ​រដ្ឋា​ន ជួសជុល​ផ្លូវ​ខាងលើនេះ ឡើង​វី​ញ​ជូន​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ ដែល មាន​សាច់​ផ្លូវ​ទំហំ​១២ ម៉ែត្រ និង​ដាក់​ប្រព័ន្ធ​លូ​សងខាង​ផ្លូវ​ផងដែរ ៕​