ភ្នំពេញៈទូលព្រះបង្គំសូមសរសេរថ្វាយនូវខ្លឹមសារនេះ ក្នុងគោលបំណងថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះហឫទ័យប្រទានឱកាសដ៏វិសេសវិសាលដល់ទូលបង្គំក្នុងការចូលទស្សនា សារមន្ទីរសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសារមន្ទីរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្ថិតនៅក្នុងបរិវេណនៃព្រះបរមរាជវាំង។ ទស្សនកិច្ចនេះគឺជាបទពិសោធន៍ដ៏ថ្លៃថ្លាសម្រាប់ទូលបង្គំ។

ទូលបង្គំបានឃើញសមុច្ច័យដែលសម្តេចព្រះបរមរតនកោដ្ឋ ទ្រង់ព្រះលិខិតផ្ទាល់ដែលពិតជាគួរឲ្យចាប់អារម្មណ៍ចំពោះ ទូលបង្គំ នៅក្នុងនោះក៏មានភ្ជាប់មកជាមួយនូវលិខិតសរសេរដោយដៃរបស់លោកជំទាវ ចេកគី ឃេណឺឌីនៅក្នុង ឆ្នាំ១៩៦៧ មានសេចក្តីថា៖ ថ្វាយជូនព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំម្ចាស់ ចាកឃ្លីន ឃេណឺឌី ខែវិច្ឆិកា ឆ្នាំ១៩៦៧។ លោកជំទាវ ចាកឃ្លីន ឃេណឺឌីគឺជាភរិយារបស់ប្រធានាធិបតី សហរដ្ឋអាម៉េរិក ចន អេហ្វ. ឃេណឺឌី និងជាស្ត្រីទីមួយរបស់សហរដ្ឋអាម៉េរិក នៅរវាងឆ្នាំ១៩៦១ដល់ឆ្នាំ១៩៦៣។

ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថតៈដោយ ឆាង សុខាព្រះបរមរាជវាំងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១
បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា