​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ នាង ប្រ៊ីត​នី ស្ពៀ បាន​សាទរ “​ថ្ងៃ​ល្អ​ប្រពៃ​បំផុត​មិន​ធ្លាប់​មាន​” បន្ទាប់​ពី​សិទ្ធិ​ឃុំគ្រង​លើ​ទ្រព្យសម្បត្តិ​របស់​នាង​ត្រូវបាន​បញ្ចប់​ហើយ​នាង​បាន​ដណ្តើម​ការគ្រប់គ្រង​​ជីវិត​និង​អាជីព​របស់​នាង​ត្រឡប់​វិញ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត ១៤ ឆ្នាំ​។​

​តារាចម្រៀង​ប៉ុប​វ័យ ៣៩ ឆ្នាំ​រូប​នេះ​បាន​តស៊ូ​ដើម្បី​បញ្ចប់​ការ​ព្រៀម​ព្រៀង​ផ្លូវច្បាប់​ដ៏​ស្មុគស្មាញ​នេះ ដែល​នាង​បាន​ធ្វើឡើង​ជាមួយ​ឪពុក​នាង​នៅ​ឆ្នាំ ២០០៨ ចំ​ពេល​នាង​កំពុង​មាន​បញ្ហា​ទាក់ទង​នឹង​ការប្រើប្រាស់​សារធាតុ​ញៀន​និង​សុខភាព​ផ្លូវចិត្ត​។​

​សិទ្ធិ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​រាប់លាន​នាក់​របស់​តារា​ចម្រៀង​រូប​នេះ​ខឹងសម្បា​ជា​យូរ​មក​ហើយ ប៉ុន្តែ​សម្ពាធ​ក្នុង​ការបញ្ចប់​សិទ្ធិ​នេះ​បាន​ផ្ទុះ​ឡើង​ក្នុង​រយៈពេល ១២ ខែ​ចុងក្រោយ​នេះ ខណៈ​នាង​ស្ពៀ​ដែល​រក្សា​ភាពស្ងប់ស្ងាត់​ពីមុនមក​នោះ​បាន​សម្រេចចិត្ត​ទម្លាយ​រឿង​សោកសៅ​របស់​នាង​ជា​សាធារណៈ​។​

​បន្ទាប់​ពី​ការបញ្ចប់​សិទ្ធិ​នេះ​កាលពី​ថ្ងៃ​សុក្រ​ទី​១២​វិច្ឆិកា នាង​ស្ពៀ​បាន​អបអរសាទរ​នៅលើ​បណ្តាញ​សង្គម​និង​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ដល់​យុទ្ធនាការ​ទាមទារ​សិទ្ធិសេរីភាព​ឱ្យ​ស្ពៀ​ដោយ​ពួកគេ​បាន​​ប្រមូលផ្តុំ​គ្នា​ជា​ថ្មី​ម្តងទៀត​នៅ​ខាងក្រៅ​តុលាការ​ក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​ដើម្បី​អបអរ​។​

​នាង​បាន​បង្ហោះ​សារ​លើ Twitter ថា “​ល្អ​ណាស់​ព្រះ​ជា​ម្ចាស់ ខ្ញុំ​ស្រឡាញ់​អ្នកគាំទ្រ​របស់ខ្ញុំ​ខ្លាំងណាស់ វា​ពិតជា​អស្ចារ្យ​ណាស់​!!! ខ្ញុំ​គិតថា​នឹង​យំ​ពេញ​មួយ​ថ្ងៃ​!!!! ពិត​ជា​ថ្ងៃ​ល្អ​ប្រពៃ​បំផុត​… សូម​អរគុណ​ព្រះ​ជា​ម្ចាស់​…​តើ​ខ្ញុំ​អាច​និយាយថា​អា​មែន​បានទេ​????”៕

​នាង​ស្ពៀអ​ប​អរសា​ទរក្រោយ​ដណ្តើម​សិទ្ធិ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​នាង​ពី​ឪពុក​មកវិញ