​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រហូតមកទល់​ពេលនេះ អ្វី​ដែល​គេ​ហៅថា “​ឡាន​ហោះ​” ភាគច្រើន​គឺ​គ្រាន់តែ​ជា​ដ្រូ​ន​មាឌធំ​កែកុន​តិចតួច ហើយ​ស្ទើរ​មិន​គួរ​ហៅ​ថា “​ឡាន​ហោះ​” នោះទេ​។​នៅពេល​យើង​​និយាយ​អំពី​ឡាន​ហោះ យើង​រំពឹង​ឃើញ​ឡាន​ចេញ​ពី​រឿង The Fifth Element របស់លោក លូក បេស​សុន ឆ្នាំ ១៩៩៧ ឬ​យ៉ាងហោចណាស់​ស្រដៀង​ឡាន Thunderhawk ក្នុង​គំនូរជីវចល M.A.S.K ។​

​ប៉ុន្តែ​មិនមែន​ក្តីសង្ឃឹម​ទាំងអស់​ត្រូវ​បាត់បង់​នោះ​ទេ ព្រោះ​មាន​ឡាន​ហោះ Klein Vision AirCar មួយ​ដែរ ដែល​មាន​រាង​ដូច​ឡាន​។ ឡាន​ហោះ Klein Vision AirCar បាន​ចូលរួម​ជាមួយ​ឡាន​ហោះ Pal-V Liberty, AeroMobile និង SkyRunner ក្នុងចំណោម​ឡាន​ហោះ “​ពិតៗ​” មួយចំនួន​តូច ពោលគឺ​វា​មើល​ទៅ​ដូច​រថយន្ត​ធម្មតា ប៉ុន្តែ​ក៏​អាច​ហោះហើរ​បាន​ដែរ​។​

​ឡាន​ហោះ Klein Vision AirCar មិន​ត្រឹមតែ​មើល​ទៅ​ស្រដៀង​នឹង​រថយន្ត​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជិត​សម្រេច​នូវ​ក្តី​សុ​បិនឡាន​ហោះ​របស់​មនុស្សជាតិ​ផងដែរ​។​

​ឡាន​ហោះ AirCar បាន​បង្កើត​ព្រឹត្តិការណ៍​ថ្មី​មួយ​នា​ពេល​ថ្មីៗ​នេះ ដោយ​ធ្វើ​ការហោះហើរ​ឆ្លង​ទីក្រុង​រយៈពេល ៣៥ នាទី​។ វា​បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ទីក្រុង​នី​ត្រា​ហើយ​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប្រា​ទី​ស្លា​វ៉ា​របស់​ស្លូ​វ៉ាគី​នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១​។ នេះ​ជា​ការបោះ​ជំហាន​ខិត​កាន់តែ​ជិត​ឆ្ពោះទៅរក​ការផលិត​ទ្រង់ទ្រាយ​ធំ​។​

​ខណៈ​វា​មិន​ដូច​ឡាន​ហោះ​ក្នុង​រឿង The Fifth Element ប៉ុន្តែ​ឡាន​ហោះ AirCar នៅទីនេះ​គឺ​ស្រដៀង​ខ្លាំង​មែនទែន​ទៅ​នឹង​ឡាន Thunderhawk នៃ​គំនូរជីវចល M.A.S.K ហើយ​ផ្នែក​ដ៏​ល្អ​បំផុត​គឺ​វា​បាន​ក្លាយជា​ការពិត​ហើយ​។ នៅសល់​តែ​រឿង​មួយគត់​ប៉ុណ្ណោះ គឺ​វា​មិនទាន់​អាច​ហោះ​ចេញពី​ផ្លូវ​គ្រប់​សណ្ឋាន​បាន​នៅឡើយ​៕

ឡាន​ហោះ Klein Vision AirCar ហោះ​ឆ្លង​ទីក្រុង​ដោយ​ជោគជ័យ​នៅ​ស្លូ​វ៉ាគី​