ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

ពនេចរ​

(​ពៈ​—)

​នាមសព្ទ​

( សំ​. បា​. វនេចរ ឬ វនចរ ) អ្នក​ត្រាច់​ទៅក្នុង​ព្រៃ ( ព្រានព្រៃ ) ។ (​ព​. កា​. )
​គ្រានោះ​ពនេចរ មាន​អំណរ​ពន់ពេក​ក្រៃ រិះរក​ឧបាយ​ឆ្នៃ​បាញ់​ដំរី​ឲ្យ​បាន​ងាយ ( ឆទ្ទន្ដ​ជាតក ) ។​

​ពាន​

​កិរិយាសព្ទ​

​ពារ​លើ​, ឡើង​ពារ​លើ​, ឡើង​ពារ​រំលង​លើ​
​ពានរបង​, ពានវាំង ។​
​ឡើង​ពាក់​ទ្រោប​ពីលើ​
​គោ​ពាន​គ្នា ( ព​. ព​. ) ។​
​ពានត្រោកពានត្រាំង ឬ ពានត្រោកពានព្រៃ (​ព​. ប្រ​.) បំពាក់​បំពាន​ទាំង​ស្រុក ទាំង​កំរោល ឥត​គិតពី​ខុសពី​ត្រូវ ( ហាក់ដូចជា​ដើរ​ពាន​លើ​ត្រោក​ឬ​ព្រៃ ) ពាន​លើ​គ្រោះកាច ប្រទះ​លើ​គ្រោះកាច ។ ពានស្កុន ពាន​លើ​ដំណើរ​ស្កុនការ​; មាន​ពាក្យកាព្យ​បុរាណ​ថា​
​កុំ​នៅ​ញ៉ាំង​ឈ្លោះ កុំ​ស្ដាប់​អសុរោះ កុំ​ស្ដាប់​អាស្រូវ កុំ​ដើរ​ពានស្កុន កុំ​ស្កាត់ច្រក​ផ្លូវ កុំ​ធ្វើស្រែ​ស្រូវ នៅ​ផ្លូវ​ដំរី ។ ( សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ ) ។​

​នាមសព្ទ​

​ឈ្មោះ​ប្រដាប់​មួយ​ប្រភេទ ធ្វើ​ដោយ​លោហជាតិ​ផ្សេងៗ មាន​ស្ពាន់​ជាដើម ឬ​ធ្វើ​ដោយ​រតនវត្ថុ​មាន​ប្រាក់​មាស​ជាដើម ឬក៏​ធ្វើ​ដោយ​វត្ថុ​ឯទៀត​មាន​ឈើ​, ផ្ដៅ​ជាដើម មាន​រាង​មូល​ក្រឡូម មាន​ជើង សម្រាប់​ប្រើការ​ដាក់​ទ្រ​អ្វីៗ​មាន​ស្លា​បារី​ជាដើម​
​ពានស្លា​, ពានបារី​; ហៅថា ជើងពាន ក៏បាន ។​
​ពានព្រះស្រី ( រ​. ស​. ) ពាន​ដាក់​ស្លា​បារី​ថ្វាយ​ព្រះរាជា ។ ខ្សែ​ពាន ខ្សែ​ឬ​ចម្រៀក​ស្បែក សម្រាប់​ទាក់​រហាត់​ឬ​រ៉ក​ឬក៏​គ្រឿងចក្រ​ឲ្យ​វិល ។​

​ពាម​

​នាមសព្ទ​

​មាត់​ព្រែក​ឬ​មាត់​ស្ទឹង​ដែល​បែក​ចេញពី​ទន្លេ​ទៅ​, មាត់ទន្លេ​ដែល​ចូលទៅ​ជាប់​នឹង​ស​មុ​ទ្យ​, ដូច​យ៉ាង ពាមផ្កាយម្រេច​, ពាមរ​; ឬ ពាមសែន​; ពាមកញ្ជើ ( នៅ​កម្ពុជា​ក្រោម ) ជាដើម ។​

​នាមសព្ទ​

​ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជរដ្ឋ​, សព្វថ្ងៃនេះ​ដាក់​ជា​ស្រុក​ហៅថា ស្រុក​កំពង់ត្រាច នៅក្នុង​អំណាច​ខែត្រ​កំពត ។​

​ពាយ​

​កិរិយាសព្ទ​

​វិនាស​, បាត់​, ហិន​; រលស់​ស្ទើរនឹង​អស់​
​សង្កើច​ពាយ​, មាន់​ពាយ ។​

​គុណសព្ទ​

​ដែល​វិនាស​, ខូច​ឬ​ដែល​រលស់​ស្ទើរនឹង​អស់​
​ស្រូវ​ពាយ គឺ​ស្រូវ​ដែល​ខូច​ព្រោះ​ក្រា​ចាប់​ជាដើម ។​

​នាមសព្ទ​

( បា​. វាយ ឬ វាយុ​; សំ​. វាយុ ) ខ្យល់​; ត្រូវ​ប្រើពាក្យ ព្រះ ដាក់​នាំមុខ​ផង​ជា​ដរាប​
​ព្រះពាយ ឬ ព្រះ​ពាយុ ( តែ ព្រះ​ពាយុ មិនសូវ​ប្រើ ) ។​

​ពិនិស្ច័យ​

(​ពិ​និ​ស​-​ស្ចៃ​)

បរិវារ​សព្ទ​

( សំ​. វិ​និ​ឝ្ច​យ ) ពាក្យ​សម្រាប់​ប្រើ​ចំពោះតែ​ក្នុង​កាព្យ ផ្សំ​ជាមួយនឹង​ពាក្យ ពិនិត្យ ថា​
​មើល​ពិនិត្យ​ពិនិស្ច័យ គឺ​មើល​ពិនិត្យ​ហើយ​ពិនិត្យ​ទៀត​ដោយ​ល្អិតល្អ​; កាព្យ​ថា : យល់​តូច​កុំអាល​ខំ ទោះ​យល់​ធំ​កុំអាល​ស្រាយ គិត​ក្ដី​កុំ​គិត​ងាយ មើល​ពិនិត្យ​ពិនិស្ច័យ ។ ( សាស្ដ្រា​ច្បាប់​កេរ្តិ៍​កាល ) ។​