​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​បាទចារី​

(​បា​ទៈ​ចា​រ៉ី​)

​នាមសព្ទ​

(​បា​.; សំ​. បាទចា​រិ​ន៑​) អ្នក​ត្រាច់​ទៅដោយ​ជើង​, អ្នកដើរ​ជើង​; ទាហាន​ថ្មើរជើង​; បើ​ស្ត្រី​ជា បាទចារិនី ។​

​បិណ្ឌបាតិកង្គៈ​

(​បិ​ន​-​ឌៈ​ប៉ា​តិ​-​ក័​ង​-​គៈ​)

នាមសព្ទ​

(​បា​.) អង្គ​របស់​ភិក្ខុ​អ្នក​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ជាវ​ត្ត ( ឈ្មោះ​ធុតង្គ​ទី ៣ ក្នុង​ពួក​ធុតង្គ​ទាំង ១៣ ) ។​

បុរាណ​

(—​រ៉ា​ន​)

គុណសព្ទ​

( សំ​. បា​. បុរាណ ) ចាស់​, ដែល​កើតមាន​មុន​, ដែលមាន​យូរហើយ​, ដែល​ធ្លាប់មាន​ពី​ព្រេងនាយ : ពាក្យបុរាណ​, របស់បុរាណ​, ប្រាសាទបុរាណ ។ ប្រើ​ជា ន​. ក៏បាន : កាលពី​បុរាណ​, បុរាណ​ពី​ដើម ។ ល ។ សព្ទ​នេះ​ច្រើន​ប្រើ​ជា​បទ​សមាស​ភ្ជាប់​នឹង​នាមសព្ទ​ឯទៀត​, ដូចជា បុរាណកាល ( —​រ៉ា​ណ​:— ) កាល​ឬ​គ្រា​ពី​ដើម កាលពីព្រេងនាយ ។ បុរាណពិធី ( —​រ៉ា​ណ​:— ) បែប​, បែបបទ​ពី​ព្រេងនាយ ។ បុរាណភណ្ឌ (​បុ​រ៉ា​ណៈ​ភ័ន​) របស់​ចាស់​, ទ្រព្យ​ចាស់ ។ បុរាណរាជ (—​រ៉ា​ណៈ​រាច​) ស្ដេច​ពី​ព្រេងនាយ ។ បុរាណរាជ្យ (—​រ៉ា​ណៈ​រាច​) រាជ្យ​ពី​ដើម ( ម​. ព​. រាជ និង រាជ្យ ផង​)​។ បុរាណវត្ថុ (—​រ៉ា​ណៈ​—) វត្ថុ​ចាស់ (​ដូចគ្នា​នឹង បុរាណភណ្ឌ ដែរ​) ។ បុរាណវាទ —​រ៉ា​ណៈ​វាត​) ពាក្យ​ពី​ព្រេងនាយ​, ពាក្យចាស់​។ បុរាណសម័យ (—​រ៉ា​ណៈសៈ​ម៉ៃ​) សម័យ​ពី​ដើម (​ដូចគ្នា​នឹង បុរាណកាល​) ។ ក្នុង​កាព្យ អាច​ប្រើ បូរាណ បាន សម្រួល​តាម​សម្ផស្ស​កាព្យ ។ ម​. ព​. បូរាណ និង បោ​រាណ ទៀតផង ។​

​ផ្សិត​

នាមសព្ទ​

​ភូតគ្រាម​ពួក​មួយ​ដុះ​ទុល​ចេញពី​ក្នុង​ដី​សើម​ឬ​ដុះ​ពី​ក្នុង​ទី​អាប់អួរ ឬក៏​ដុះ​នៅ​ឈើពុក​ជាដើម មាន​រូបសណ្ឋាន​ផ្សេងៗ​គ្នា​, ខ្លះ​សម្រាប់​បរិភោគបាន​, ខ្លះ​សម្រាប់​ប្រើ​ធ្វើជា​ថ្នាំ​រម្ងាប់រោគ​, ខ្លះ​ពុល​; ផ្សិត​មានឈ្មោះ​ច្រើនយ៉ាង​ណាស់​
​ផ្សិតកញ្ចូរ​, ផ្សិតក្រាមរមាស​, ផ្សិតខ្សាច់​, ផ្សិតចុងអង្ករ​, ផ្សិតចេក​, ផ្សិតចំបើង​, ផ្សិតត្រចៀកកណ្ដុរ​, ផ្សិតសណ្ដែក​, ផ្សិតស្មាច់​, ផ្សិតឫស្សី​; ផ្សិតក្រកោះ​, ផ្សិតត្រាច​, ផ្សិតសូក្រំ​; ផ្សិតក្បាលថ្លែន​, ផ្សិតពពារនាគរាជ ។ ល ។​
​ស្និម​ដែល​កើត​នៅ​វត្ថុ​ផ្អូម​ផ្អួរ មាន​សំពត់​សើម​អួរ​អាប់​ជាដើម​
​សំពត់​ដុះ​ផ្សិត​, កន្ទេល​ដុះ​ផ្សិត​, នំ​ផ្អូម​ដុះ​ផ្សិត ។​

​ប្រាក្រឹត​

(—​ក្រិត​)

​នាមសព្ទ​

( សំ​. ប្រា​ក្ឫ​ត ) ឈ្មោះ​ភាសា​កណ្ដាល ( គ្រាមភាសា​) នៃ​ជនជាតិ​ឥណ្ឌា​ទាំងឡាយ ច្រើន​ប្រទេស មាន​តាំងពី​ក្នុង​បុរាណកាល ព្រេងនាយ ដរាប​មកដល់​សម័យ​បច្ចុប្បន្ន​, ទាំង អ​យ៌​ក​ជន ក្នុង សក្ករដ្ឋ ( នេ​ប៉ាល ) ជា​ជាតិភូមិ​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ ក៏​ប្រើ​ភាសា ប្រាក្រឹត ដែរ ( បារ​. Dialecte ) ។ ប្រាក្រឹត នេះ​មាន​អត្ថន័យ​ថា ប្រក្រតី​, ធម្មតា​, សាមញ្ញ ក្លាយ​មកពី​ប្រភពដើម​នៃ​ពាក្យ​សំស្ក្រឹត​ជា​ភាសា​សម្រាំង​ថា ប្រ​ក្ឫ​តិ “​ប្រក្រតី​” ប៉ុន្តែ​មាន​ទំនង គួរ​ឲ្យ​ហៅថា ភាសា​ផ្សែផ្សំ ឬ ភាសា​បំប្លែង ទៅវិញ ពីព្រោះ​មាន​ដើមកំណើត ជា​ភាសាសំស្ក្រឹត​ខ្លះ ជា​ភាសាបាលី​ខ្លះ គ្រាន់តែ​បំប្លែង​ចេញ​ឲ្យ​ឃ្លាត​ពី​ប្រភពដើម​ប៉ុណ្ណោះ ពុំមែន​ជា​សំស្ក្រឹត​ពុំមែន​ជា​បាលី​សុទ្ធសាធ ទាំង​ពុំមែន​ជា​សន្ដាន​នៃ​ភាសា ឥណ្ឌូ​-​អឺ​រូប ចូល​លាយ​ផង​ទេ​, ប្រាក្រឹត នេះ​ជាស​ម្ដី​ប៉ះប៉ុន​ផ្សែផ្សំ​កាឡៃ​ឲ្យ​កើតមានឡើង សម្រាប់​និយាយ​សម្រាប់​សរសេរ​តាម​គួរ​ដល់​ការ​ស្រួល​រាល់​ជាតិ​ប៉ុណ្ណោះឯង ។ ប្រាក្រឹត នេះ​មានឈ្មោះ​ផ្សេងៗ​គ្នា​, បើ​រាប់​ដោយ​សង្ខេប មាន​៥​ឈ្មោះ​គឺ ១- ឝៅ​រ​សេនី ( សៅ​រ៉ៈ​សេនី Çaurasenī ) ប្រាក្រឹត​ជា​សម្ដី​របស់​ជន​អ្នក​នៅក្នុង​រដ្ឋ ឝូ​រ​សេន ( សូ​រ៉ៈ​សេ​ន៉ៈ Çūrasena គឺ​រដ្ឋ ម​ថូ​រា Mathūrā ក្នុងសម័យ​តម​ក ) ។ ប្រាក្រឹត នេះ​មាន​លំនាំ​ស្រដៀង​នឹង​បាលី​ដោយ​អន្លើៗ​ដែរ ប៉ុន្តែ​ច្រើន​បំប្លែង​អក្សរ អឃោសៈ ជា ឃោសៈ ដូចជា​បាលី​ថា ប​តិ​ត “​ដែល​ធ្លាក់​ឬ​ជ្រុះ​ហើយ​” បំប្លែង​ជា ប​ទិ​ទ​; យ​ថា “​យ៉ាងណា​” ជា យ​ធា ជាដើម ។ ២- មហា​រា​ឞ្ត្រី ( មហារាស្ត្រី Mahārāstri ភាសា​អ្នក មហារាស្ត្រ ទ​ក្ខិ​ណា​បថ ភាគ​ខាងលិច គឺ​រដ្ឋ ឌេ​ក្ក័​ន ខាងលិច Dekkan Occidental ) ជា​ប្រាក្រឹត​បំប្លែង​អក្សរ​ឃ្លាត​ពី​សំស្ក្រឹត​ដោយ​ច្រើន ដូចជា ឧទក “​ទឹក​” បំប្លែង​ជា ឧ​អ​អ​; ក​បិ “​ស្វា​” ជា ក​ឥ​; សុខ “​សុខ​” ជា សោ​ក្ខ ជាដើម ។ ៣- មាគធី ( Māgadhī ) ប្រាក្រឹត​របស់​ជន​អ្នក មគធរដ្ឋ គឺ​រដ្ឋ ពិ​ហារ ( Bihār ) សម័យ​បច្ចុប្បន្ន​, បំប្លែង​អក្សរ​ខុសពី​សំស្ក្រឹត​និង​បាលី​ដោយ​ច្រើន​ដូចជា សំ​. បុត្រ​ស្យ “​នៃ​កូន​ឬ​ដល់​កូន​” បំប្លែង​ជា បុត្ត​ឝ្ឝ ( Puttaçça ); រាជា​នស៑ ( រាជា​ន័​ស ) “​ស្ដេច​ទាំងឡាយ​” ជា លា​អា​ណោ ( Lā-āṇo ); រញ្ញា ( បា​. ) “​ដែល​ស្ដេច​” ជា លា​ជិន ( Lājina ); អត្ត​នា ( បា​. ) “​ដោយ​ខ្លួនឯង​” ជា​អតន ( Atana ); ជាយ​តេ “​កើត​, ប្រសូត​” ជា យាយ​តេ ( Yāyate ) ជាដើម ។ ៤- អ​ភ្រំ​ឝ ( អ័​ប​-​ភ្រ័​ម​-​សៈ Abhraṃça ) ជា​ប្រាក្រឹត​រាយរង​ទន់ខ្សោយ​កើតមាន​ក្នុង​ប​ច្ឆា​សម័យ ជា​សម្ដី​ផ្សែផ្សំ​របស់​អ្នក​ចុងកាត់មាត់ញក ផ្សាយ​ចូលមក​ខ្លះ ក្នុង​រដ្ឋ​នានា​ក្នុងប្រទេស​ឥណ្ឌា មិន​ពេញលក្ខណៈ​ជា​ភាសា​ប្រាក្រឹត​ទេ ។ ៥- បៃ​ឝា​ចី ( ប៉ៃ​សា​ចី Paiçācī ) ប្រាក្រឹត​ជាស​ម្ដី​បិសាច គឺ​សម្ដី​ខ្មោច​, ច្រើន​បំប្លែង​អក្សរ ឃោសៈ ជា អឃោសៈ ( ជា​សម្ដី​អ្នករបាំ ) ដូចជា នគរ “​ក្រុង​” ជា នករ​; គុរុ “​ធ្ងន់​; យូរ​; គ្រូ​” ជា កុ​រុ ជាដើម ។ ភាសា​ខ្មែរ​យើង​មិនមាន​ឈ្មោះថា​មាន ប្រាក្រឹត ដូច​ឥណ្ឌា​ទេ ប៉ុន្តែ​បើ​និយាយ​ដោយ​ការ​ធៀប​ប្រដូច​ទៅនឹង​ឥណ្ឌា ក៏​មានការ​បំប្លែង​សំ​ស្ត្រឹ​ត​និង​បាលី ឲ្យ​ឃ្លាត​ចាក​ប្រភពដើម​ក្រែល​ដែរ ដូចជា នគរ បំប្លែង​ជា អង្គរ​; នង្គ័ល ជា អង្គ័ល​; យមរាជ ជា ជម​រាជ ( ជំ​រាច ); សៃ​ន្យា​ភិ​មុខ ឬ សេនា​ភិ​មុខ ជា ស្នា​ភិ​មុខ​; សេនា​ធិ​រាជ ឬ សៃ​ន្យា​ធិ​រាជ ជា ស្នា​ធ្រា​ជ​, សៃ​ន្យ ( សែន ) ជា ស្រែន្យ​; សៃ​ន្យា​នុ​ជិត ឬ សេនា​នុ​ជិត ជា ស្រែ​ន​អ​ញ្ជិ​ត​, វៃ​ទ្យ ជា ពេទ្យ ឬ ពែទ្យ ជាដើម​; សព្ទ​អារក្ស ឬ សម្ដី​មេមត់ ក៏​គួរ​ហៅថា បៃសាចី បានដែរ​, ប៉ុន្តែ​យើង​នឹង​និយាយ​ឲ្យ​ពេញមាត់​ថា​ខ្មែរ​មាន ប្រាក្រឹត ដូច​ឥណ្ឌា​ខ្លះ​ដែរ​ក៏​ពុំ​កើត ពីព្រោះ ប្រាក្រឹត នោះ​មានឈ្មោះ​ចំពោះតែ​ក្នុង​ជម្ពូទ្វីប​គឺ​ឥណ្ឌា​ឯណោះ​យូរអង្វែង​ណាស់​ហើយ ។ ល ។​