​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

មាត្រា​

​នាមសព្ទ​

( សំ​. ; បា​. ម​ត្តា ) ការរាប់​; ការ​ថ្លឹង​, ស្ទង់​; ការ​វាស់​; ខ្នាត​រង្វាស់ យ៉ាងដូច​ឈើ​រង្វាស់​, ម៉ែត្រ​ជាដើម​។ ខ្នាត​សំឡេង​អក្សរ​
​ស្គាល់​មាត្រា​អក្សរ ។​
​ប្រភេទ​សេចក្ដី​ដែល​បែង​ចេញពី​ចំពូក​, ពី​មាតិកា​
​ចាំ​មាត្រា​ច្បាប់​, កាត់សេចក្ដី​អាង​ដល់​មាត្រា​ច្បាប់ ។​

​មួន​

​កិរិយាវិសេសន៍​

​មាំ​, ខ្ជាប់​, រឹងប៉ឹង : រាង​មួន​; រូប​មួន​, យ៉ាង​មួន​, កាន់ការ​មួន​; ច្រើន​ប្រើ​ជា ប​. ផ្សំ​ជាមួយនឹង​ពាក្យ មាំ ថា : មាំមួន គឺ​មាំ​ណាស់​, រឹងប៉ឹង​ណាស់​, សំណំសំនួន​ណាស់ : រូប​មាំមួន​, ធ្វើការ​មាំមួន ( និយាយថា មួន​មាំ ក៏បាន ) ព​. កា​. ថា : រូបរាង​មួន​មាំ ទាស់​តែ​មិន​ទ្រាំ ធ្វើការ​របរ បានតែ​ខាង​ខ្ជិល ខិល​ខាង​ត្រាច់ចរ រីករាយ​ត្រេកអរ ឆ្ពោះ​ការ​ច្រៀង​រាំ ។​

គុណសព្ទ​

​មាំ​, ខ្ជាប់​, រឹងប៉ឹង : រាង​មួន​; រូប​មួន​, យ៉ាង​មួន​, កាន់ការ​មួន​; ច្រើន​ប្រើ​ជា ប​. ផ្សំ​ជាមួយនឹង​ពាក្យ មាំ ថា : មាំមួន គឺ​មាំ​ណាស់​, រឹងប៉ឹង​ណាស់​, សំណំសំនួន​ណាស់ : រូប​មាំមួន​, ធ្វើការ​មាំមួន ( និយាយថា មួន​មាំ ក៏បាន ) ព​. កា​. ថា : រូបរាង​មួន​មាំ ទាស់​តែ​មិន​ទ្រាំ ធ្វើការ​របរ បានតែ​ខាង​ខ្ជិល ខិល​ខាង​ត្រាច់ចរ រីករាយ​ត្រេកអរ ឆ្ពោះ​ការ​ច្រៀង​រាំ ។​

​មេជ័រ​

នាមសព្ទ​

​ឈ្មោះ​សត្វល្អិត​មួយ​ប្រភេទ រូបរាង​សណ្ឋាន​ស្រដៀង​នឹង​គោម៉ រស់នៅ​អាស្រ័យ​តែ​នឹង​ជ័រ​ត្រាច​ឬ​ជ័រ​ឈើទាល ខ្លួន​ប្រឡាក់​ជ័រ​ស្រមក​ជានិច្ច ។​
​ឈ្មោះ​វល្លិ​ព្រៃ​មួយ​ប្រភេទ ដើម​ធំ ស្លឹក​ធំៗ ផ្លែ​ធំៗ ស្រដៀង​នឹង​ខ្លូតត្រឡាច​យ៉ាង​តូច​, មាន​ជ័រ​ស​ដូច​ទឹកដោះ ។​

​យមៈ​

(​យៈមៈ​)

​នាមសព្ទ​

( សំ​. បា​. ) សេចក្ដីស្លាប់​; អធិបតី​នរក​; ច្រើន​ហៅថា ព្រះ​យម ។ យមក្ខន្ធ (​យៈ​ម័ក​-​ខ័ន​) ពួក​នរក ។ យមទូត ( យៈមៈ​— ) បម្រើ​យមៈ ( មរណៈ ឬ​ជរា​, ព្យាធិ​, មរណៈ ) ។ យមបាល ( យៈមៈ — ឬ យំ​មៈ​— ) អ្នករក្សា​នរក : ពួក​យមបាល ( ខ្មែរ​ហៅ​ក្លាយជា យ​ម្ភុ​បាល ក៏មាន​, គួរ​លែង​ប្រើ ) ។ យមបុរស (​យៈមៈ​បុ​រ៉ស់​) បុរស​របស់​យមៈ ( មរណៈ ) ។ យមរាជ (​យៈមៈរាច ឬ​យំ​មៈ​—) មច្ចុរាជ​; ស្ដេច​ត្រួតត្រា​នរក ។ ខ្មែរ​ប្រើពាក្យ យមរាជ នេះ​ជា​ឋានន្តរ ( ងារ ) នៃ​សេនាបតី​ក្រសួងយុត្តិធម៌ (​ក្រសួងតុលាការ​), សម័យ​បច្ចុប្បន្ននេះ​ក៏​នៅតែ​ប្រើ​ជា​ឋានន្តរ​នៃ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នុះ​ដូច​ពី​ដើម​ដែរ : លោកអ្នកឧកញ៉ា​យមរាជ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​; ប្រជាពលរដ្ឋ​ច្រើនតែ​ហៅ​តាម​ទម្លាប់​ក្រៅពី​ការ​សរសេរថា ជម​រាជ (​ជំ​រាច​) ទៅជា ប្រាក្រឹត ខ្មែរ : លោក​ជម​រាជ ( គួរ​ហៅ​ឲ្យ​ត្រូវ​ថា យមរាជ វិញ ) ។ យមលោក ( យៈមៈ​— ) ឋាននរក​, អបាយ​លោក ។ យមសាធន៍ ( យៈមៈ​សាត ) ឋាននរក​, នរក ។ ល ។​

​មាត់​

នាមសព្ទ​

​មុខទ្វារ គឺ​រង្វះ​នៅត្រង់​មុខ សម្រាប់​បញ្ចេញវាចា​, សម្រាប់​បរិភោគ​, ផឹក​, ស្រូប​
​ហាមាត់​, បិទមាត់ ។​
​ប្រឡោះ​, ក្បែរ​, ហាម​, ខាង​, ជាយ​ខាង​
​មាត់ច្រក​, មាត់ច្រាំង​, មាត់ឆ្នាំង​, មាត់ទន្លេ​, មាត់ទឹក​, មាត់ទ្វារ​, មាត់ពាម​, មាត់ព្រៃ​, មាត់សមុទ្រ ។ ល ។

កិរិយាសព្ទ​

និយាយ​ឮៗ​, និយាយ​ខ្លាំងៗ​, និយាយ​ឮៗ ដោយ​ឥត​របប : មាត់កកោក ឬ មាត់​កោ​កៗ​, មាត់​រអែករអោក​, ហាម​ក្មេង​កុំ​ឲ្យ​មាត់ . . . ។ កុំ​មាត់ ! ស្ងៀម !, កុំ​និយាយ​គ្នា ! ។ កុំ​មាត់​ឮ​ពេក ! កុំ​និយាយ​ឮ​ពេក ! ។ មាត់ក ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច , ជជែក​ទាស់​ពាក្យសម្ដី​គ្នា​រអែករអោក​បន្តិចបន្តួច ។ មាត់ខិល ឬ ខិលមាត់ ដែល​ខិល​ខាង​ការនិយាយ​លេងសើច​ឥតបើគិត : មនុស្ស​មាត់ខិល ។ មាត់ចាបមាត់ព្រាប សម្ដី​ដែល​អ្នកផង​និយាយ​ដោយ​ឮ​តៗ​គ្នា​ពុំ​ប្រាកដ​, សម្ដី​រាត់រាយ​ផ្ដេសផ្ដាស ( ព​. ទ​. បុ​. ) ។ មាត់ច្រើន ឬ មាត់តិច ដែលមាន​ចំនួន​មនុស្ស​ច្រើន​ឬ​តិច​នៅ​បរិភោគ​អាហារ​ក្នុងបន្ទុក​មួយ : ផ្ទះ​អ្នក​មាត់តិច​សមគួរ​, ផ្ទះ​ខ្ញុំ​មាត់ច្រើន​ណាស់ ។ មាត់ឆៅ ដែល​ស្ដីថា​ឆ្អិនៗ​ឆៅៗ គឺ​ដែល​ហ៊ាន​ស្ដីថា​ឲ្យ​គេ​ម៉ាំងៗ​ឥតមាន​សំចៃ : មនុស្ស​មាត់ឆៅ ( ព​. ប្រ​. ) ។ មាត់ជិត ឬ មាត់គត់ ឬក៏ មាត់មានគម្រប មាត់ជិត​ល្អ ការណ៍​អ្វី​មិនគួរ​និយាយ មិន​និយាយ ។ មាត់ដាច ឬ មាត់ឥតគម្រប មាត់​បិទ​មិន​ជិត ការណ៍​ដែល​មិនគួរ​និយាយ​ក៏​ចេះតែ​និយាយប្រាប់​គេ​ដែរ​ច្រើនតែ​បំផ្លើស​ពន្លើស​ផង​ទៀត ។ ម​. ព​. មួយក្លាយជាដប់ ទៀតផង ។ មាត់ទទេ ថា​, និយាយ​, សូត្រ​ឥត​មើល​អក្សរ​ឬ​ឥតមាន​អក្សរ​នៅមុខ : ថា​មាត់ទទេ​, ទេស្នា​មាត់ទទេ​, សូត្រ​មាត់ទទេ​, និយាយ​មាត់ទទេ ( និយាយ​ផ្ទាល់មាត់​ឥតមាន​សំបុត្រ ) ។ មាត់ធំ ស្ដីថា​ឬ​ឆ្លើយឆ្លង​ខ្ជាំ​ងៗ​; និយាយថា : មាត់ធំមាត់តូច ឬ មាត់​តូច​មាត់ធំ ក៏មាន គឺ​ស្ដីថា​ឬ​ឆ្លើយឆ្លង​តិចៗ​ខ្លាំងៗ ។ មាត់ពាក្យ ការជជែក​ប្រកែក​គ្នា​តឹង​សម្ដី​រកខុសរកត្រូវ​ឬ​ការនិយាយ​ថា​នាយ​ថា​អាយ​ដោយ​យល់​ទាស់ : ត្រូវ​ប្រឹក្សា​គ្នា​ឲ្យ​ស្រេច​ទៅ កុំ​ឲ្យ​មាន​មាត់​មាន​ពាក្យ​ទៅខាង​មុខ ។ មាត់រឥល ឬ រឥលមាត់ ដែល​ទប់មាត់​មិនសូវ​បាន​, ច្រើន​របូតមាត់​និយាយ​តាមតែ​ប្រទះ : មនុស្ស​មាត់រឥល ( ព​. ប្រ​. ) ។ មាត់រឹង ដែលមាន​សម្ដី​រឹង​, ចចេស​, ពូកែ​ឆ្លើយឆ្លង​មិន​ងាយ​ព្រម​ទទួលខុស : មនុស្ស​មាត់រឹង ។ មាត់​ស៊ី​អំបិល​ព្រហក់ សម្ដី​មនុស្ស​មិនចេះ​ទាយ​ដែល​ទាយ​ថា​ដោយ​ស្មាន ក៏​ស្រាប់តែ​ត្រូវ​ដូច​មាត់​ថា​ពុំមាន​ល្អៀង ( ព​. ទ​. បុ​. ) ។ មាត់អណ្ដើក ឃែត​ទទេ​ឥត​បាន​អ្វី ( ព​. ទ​. បុ​. ) ។ មាត់អាក្រក់ ដែលមាន​សម្ដី​អាក្រក់ គឺ​សម្ដី​ទ្រគោះ​ច្រឡោះបោះ​ខ្មោះ​ខ្មូរ​ទៅរក​អ្នកដទៃ : មនុស្ស​មាត់អាក្រក់ ។ មាត់ឥតគ្រប ដែល​និយាយ​បើកចំហ​តាមតែ​រួចពីមាត់ មិន​លាក់​មិន​សំចៃ​ទុក : មនុស្ស​មាត់ឥតគ្រប ( ព​. ប្រ​. ) ។ ខុសមាត់ និយាយស្ដី​ឲ្យ​ខុស​ត្រណម​ឬ​ខុសពី​ពាក្យ​ប្ដេជ្ញា ។ ខូចមាត់ ដែល​ខូច​ខាង​ការ​ស្ដីថា​ឲ្យ​គេ​ឥតបើគិត : មនុស្ស​ខូចមាត់ ។ ខាំមាត់ ខាំ​បបូរមាត់​ផ្អឹប​ជិត ។ ព​. ប្រ​. ដែល​ទន់​ឬ​ជ្រាយ​ហើយ​បែរជា​ហាប់​ណែន​គាំង : ដី​ហាប់​ខាំមាត់​, ម្សៅ​ខាំមាត់ ។ ខាំមាត់សង្កត់ចិត្ត ខាំមាត់​ទប់​កំហឹង​, ខាំមាត់​អត់សង្កត់​មិន​ឲ្យ​សេចក្ដី​ក្រោធ​ស្ទុះ​ឡើង​បាន : ខំប្រឹង​ខាំមាត់សង្កត់ចិត្ត ។ ខ្ពុរមាត់ បៀមទឹក​អង្រង់​គ្រលុកៗ ក្នុង​មាត់ ( ម​. ព​. ខ្ពុរ ផង ) ។ ខ្មាស​មាត់ ឬ អៀន​មាត់ ញញើត​មិន​ហ៊ាន​បញ្ចេញវាចា​ព្រោះ​នឹក​ខ្មាសអៀន ឬ​បញ្ចេញវាចា​រួចទៅហើយ ក៏​នឹក​ខ្មាសអៀន​ជា​ខាងក្រោយ ។ ងាយមាត់ ដែល​ងាយ​ស្ដីថា​ឲ្យ​គេ​, ដែល​ងាយ​ថា​ឥតបើ​គិតពី​ខុសពី​ត្រូវ : មនុស្ស​ងាយមាត់ ។ ងាស់​មាត់ ងាស់សម្ដី​, គាំង​រឹងមាត់​ថា​មិនកើត ។ ចាប់​មាត់ ដែលមាន​រស​ឆ្ងាញ់​ពិសា​ត្រូវមាត់​, ដែល​ឆ្ងាញ់​ឆ្អិត : អាហារ​មិន​ចាប់​មាត់​, បរិភោគ​ចាប់​មាត់​, ឆ្ងាញ់​ចាប់​មាត់ ។ ចាំមាត់ ចាំ​ថា​មាត់ទទេ​បាន​មិនបាច់​មើល​អក្សរ : ទន្ទេញ​ចាំមាត់​, ចាំមាត់​សូត្រ​បាន ។ ឆ្ងាញ់​មាត់ ដឹង​រស​ឆ្ងាញ់ ឬ​ទទួល​រស​ឆ្ងាញ់​ដោយ​មាត់ ។ ឆ្ងាញ់​ជាប់មាត់ ឆ្ងាញ់​ឆ្អិត​ជាប់ចិត្ត​មិន​ចង់​លែងបរិភោគ ។ ឆ្អាប​មាត់ មាត់​ដែល​ធុំក្លិន​ឆ្អាប​, ក្លិនឆ្អាប​ដែលមាន​នៅ​មាត់ ។ បាប​មិន​ឆ្អាប​មាត់ ធ្វើ​គេ​ឲ្យ​វិនាស​ហើយ​ខ្លួន​ឥត​បាន​ទ្រព្យធន​ឬ​ប្រយោជន៍​អ្វី​តិចតួច​ឡើយ បានតែ​បាប ( ព​. ទ​. បុ​. ) ។ ជាន់​មាត់ មក​ឋិត​ត្រង់​មាត់​នាំ​មាត់​ឲ្យ​ថា : ដូចជា​មាន​ទេវតា​មកជា​ន់​មាត់​ឲ្យ​ថា ( ព​. ប្រ​. ) ។ ជាប់មាត់ កំពុង​ជាប់​និយាយ​មិនទាន់​អស់​មិនទាន់​ហើយ : កំពុងនិយាយ​ជាប់មាត់ ។ ជូរ​មាត់ មាន​ក្លិន​ជូរ​ក្នុង​មាត់ ។ ជ្រលួសមាត់ ជ្រលួស​ពាក្យសម្ដី ។ ជ្រុលមាត់ ជ្រុលសម្ដី ។ ជ្រេញ​មាត់ ទ្រាន់​មាត់​មិន​ចង់​និយាយ​ពី​ដំណើរ​នុះ​ទៀត ព្រោះ​បាន​និយាយ​ច្រើនដង​ហើយ​មិន​កើតការ ( ព​. ប្រ​. ) ។ ឈ្លេម​មាត់ មាន​រស​ឈ្លេម​ក្នុង​មាត់ ។ ញញើត​មាត់ ញញើត​មិន​ហ៊ាន​ហើបមាត់​និយាយ​ព្រោះ​ខ្លាច​អំណាច​ឬ​ខ្លាចចិត្ត ។ ញ័រ​មាត់ ញ័រញាក់​មាត់​ព្រោះ​ខឹង​ខ្លាំង​ឬ​ព្រោះ​ខ្លាច​ខ្លាំង : ខឹង​ញ័រ​មាត់​, និយាយ​ញ័រ​មាត់ ។ ញ័រ​មាត់​ញ័រ​ក ញ័រ​ទាំង​មាត់​ទាំ​ងក ។ ញាប់​មាត់ បញ្ចេញវាចា​យ៉ាង​ញាប់ : និយាយ​ញាប់​មាត់​; ជេរ​ញាប់​មាត់​ស្អេក ។ តមមាត់ តម​ឬ​ប្រកាន់​មិន​ស្ដីរក​គ្នា ( ម​. ព​. តម ផង ) ។ ត្រី​មាត់ ត្រី​បង្ហើប​មាត់​ឡើង​ពី​ក្នុង​ទឹក​មាន​លាន់​ឮសូរ​ផង ។ ត្រូវមាត់ ដែលមាន​រស​ឆ្ងាញ់​គាប់​នឹង​មាត់​, ចាប់​មាត់ : អាហារ​ត្រូវមាត់ ។ ត្រូវគេ​ស្ដីថា​ឲ្យ​, ត្រូវគេ​បន្ទោស : ទាល់តែ​ត្រូវមាត់​មួយ​ម៉ាត់​ពីរ​ទៅ​ទើប​ស្ងៀមឈឹង ។ ត្រូវមាត់​គ្នា​, ត្រូវមាត់​ត្រូវ​ក​គ្នា ឬ ត្រូវមាត់​ត្រូវ​ពាក្យ​គ្នា ដែល​និយាយ​ត្រូវ​ពាក្យសម្ដី​គ្នា យល់ឃើញ​ជាមួយគ្នា​, មានគំនិត​ត្រូវ​គ្នា ។ ថ្នឹក​មាត់ ស៊ាំ​មាត់​, រត់មាត់ ។ ទក់​មាត់ ថ្នឹក​មាត់ ( ព​. ប្រ​. ) ។ ទន់​មាត់ ងាយ​ថា មិន​ទើស​ទាក់​, មិន​រអាក់រអួល​, មិន​ទាស់​មាត់ ។ ទប់មាត់ ឃាត់​មាត់ គឺ​រៀបនឹង​និយាយ​តែ​ទប់​ទាន់​មិន​ចេញ​ថា ។ ទាល់​មាត់ ទើសទាល់​រក​និយាយ​មិនកើត​ព្រោះ​ខ្លាចចិត្ត ឬ​ព្រោះ​យោគយល់ ។ ទាស់​មាត់ ទាស់​ខ្យល់ សម្ដី​ថា​ពុំ​ច្បាស់លាស់ ។ ទាស់​មាត់​ទាស់​ពាក្យ​គ្នា ឈ្លោះប្រកែក​ដោយ​ទាស់សម្ដី​គ្នា ។ ទុក​មាត់​ពុំ​ស្ងៀម ឬ នៅ​មាត់​ពុំ​ស្ងៀម ទប់មាត់​ឲ្យ​នៅ​ស្ងៀម​ខាន​និយាយ​ពុ​បាន ។ ទើស​មាត់ ឬ ទើស​មាត់​ទើស​ក ស្ដីថា​មិនកើត​ព្រោះ​ទើស​នាយ​ទើស​អាយ​
( ព​. ប្រ​. ) ។ ទំនេរ​មាត់ មាត់​នៅ​ស្ងៀម​មិន​បញ្ចេញវាចា​, ស្ងៀម​មាត់ ។ ធុំ​មាត់ ធុំក្លិន​អាក្រក់​ពី​មាត់ ។ ធ្ងន់​មាត់ ស្ដីថា​ឲ្យ​ធ្ងន់ៗ ខ្លាំងៗ ឬ​និយាយ​ច្រើនដង ។ ធ្លាប់មាត់ ថ្នឹក​មាត់​, ថា​តាម​ទម្លាប់​ដែល​ថ្នឹក ។ នឿយ​មាត់ រួយមាត់​ឬ​លំបាក​មាត់ ព្រោះ​និយាយ​ច្រើន ។ នាំ​មាត់ បណ្ដាល​ឲ្យ​ចេញ​មាត់​ថា​ទៅលើ​ពាក្យ​ផ្សេង​, បណ្ដាល​ឲ្យ​និយាយ​ទៅលើ​ដំណើរ​ផ្សេង​ដោយ​ឥតមាន​បំណង ។ បាក់​មាត់ ស៊ប់​មាត់​, ស៊ាំ​មាត់​, រត់មាត់ ( ព​. ប្រ​. ) ។ បាត់មាត់ ឬ បាត់មាត់បាត់ក ស្ងៀមឈឹង​លែង​ហើបហា​ចេញ​ស្ដី ។ ស្ងៀម​ស្ដូកស្ដឹង​ដោយមាន​ជំងឺ​ដាប​ខ្លាំង ឬ​ដោយមាន​ជំងឺ​គ្រុនសន្ធំ ។ បាត់មាត់ ! ស្ងៀម ! ឬ ស្ងៀម​ទៅ ! ( ពាក្យ​សម្រាប់​គំរាម​កូនក្មេង​ឲ្យ​ស្ងៀម​លែង​យំ ) ។ បាន​មាត់​បានក ឬ បាន​មាត់​បាន​ពាក្យ ដែល​ចេះ​សម្ដី​ថ្វីមាត់​ថា​នេះ​ថា​នោះ សម្រួល​កិច្ចការ​ឲ្យ​ងាយ​ធ្វើ​ងាយ​កើត ឬ​ដែលមាន​ពាក្យសម្ដី​រួសរ៉ាវ​រាក់ទាក់ ។ បានតែ​មាត់ បានតែ​ខាង​ថា ប៉ុន្តែ​យកជាការ​ពុំ​កើត ។ បិទមាត់​, បិទមាត់​បិទក ឬ បំបិទមាត់ និយាយ​បំភ័យ ឬ​សូកប៉ាន់​ឲ្យ​ព្រម​ស្ងៀមស្ងាត់​លែង​បង្ហើប​ពី​ដំណើរ​នោះ​តទៅ ( ព​. ប្រ​. ) ។ បិទមាត់​ត្រឡប់ភ្នែក កំហែង​គំរាម​បន្លប់​បំបិទមាត់ ឬ​សូកប៉ាន់​នាយអាយ​បំបិទ​ដំណើរ​អាក្រក់​មិន​ឲ្យ​លេចឮ​ឡើង​បាន​ហាក់ដូច​គេ​បិទមាត់​បិទ​ភ្នែក​បុគ្គល​ដែល​ទើប​ផុតរលត់ ( ព​. ទ​. បុ​. ) ។ បូញ​មាត់​, បូញ​មាត់​បត់​ដុំដៃ ( ម​. ព​. បូញ ) ។ បំបាត់​មាត់ ឬ បំបិទមាត់ ដូចគ្នា​នឹង បិទមាត់ ឬ បិទមាត់​បិទក ដែរ ។ ផ្ទាល់មាត់ ផ្ទាល់មាត់​និង​មាត់ : និយាយ​ផ្ទាល់មាត់ ( ម​. ព​. ផ្ទាល់ ផង ) ។ ផ្អែមមាត់ ( ម​. ព​. ផ្អែម ) ។ ពុល​មាត់ ដែល​និយាយ​បែកសា​មិន​ឈប់​មាត់ ឬ​ដែល​និយាយ​ច្រើន​ដល់​បែកពពុះមាត់ : និយាយ​ពុល​មាត់​, ស្ដីថា​ឲ្យ​ពុល​មាត់ ( ព​. ប្រ​. ) ។ ពេញមាត់ ស៊ប់​មាត់​, មិន​ញញើត​មាត់ : ស្ដីថា​ពេញមាត់ ។ ពេបមាត់​ឲ្យ ឬ ពេបមាត់​ពេប​ក ពេបមាត់​ឲ្យ​ដោយ​រិះគន់​ឬ​ដោយ​ចំអក​ឡក​ឲ្យ ព្រោះ​មើលងាយ ។ ភ្លាត់មាត់ ជ្រលួស​ឬ​របូតសម្ដី​ដោយ​ភ្លាត់ភ្លាំង ឬក៏​លាន់មាត់​ដោយ​ភ្លាត់ ។ មូលមាត់គ្នា មូល​ពាក្យសម្ដី​គ្នា​, និយាយ​ត្រូវមាត់​ត្រូវ​ពាក្យ​ហើយ​ព្រមព្រៀងគ្នា ។ យក​មាត់​យកពាក្យ ព្រម​យកតាម​ពាក្យសម្ដី​, ជឿ​ស្ដាប់​យកតាម​ពាក្យសម្ដី ។ យន់​មាត់ រួយមាត់​ឬ​នឿយ​មាត់ ព្រោះ​និយាយ​ច្រើន​ហួសកម្លាំង ។ យឺត​មាត់ ឬ យឺត​មាត់​យឺត​ក ដែល​យឺត​ក្រ​ស្ដី​និយាយ ឬ​ដែល​និយាយ​យឺតៗ​រង្វើលៗ​បាត់​ម្ដងៗ ។ រត់មាត់ ដែល​ចាំ​ស្ទាត់​អាច​ថា​រួសរាន់​បាន​ឥត​ទាក់ ( ហាក់ដូច​គេ​រត់ ) : ទន្ទេញ​ចាំ​រត់មាត់ ( ព​. ប្រ​. ) ។ របូតមាត់ ចេញ​សម្ដី​ជ្រុល ថា​ទៅដោយ​ឥតបើគិត ដូចជា​របូត​ពី​មាត់ ( ព​. ប្រ​. ) ។ រពឹសមាត់ ហៃ​បញ្ចេញវាចា​មិនសូវ​ស្ងៀម​មាត់​, ទុក​មាត់​មិន​ស្ងៀម ( ព​. ប្រ​. ) ។ រមាស់មាត់ ឬ រសើប​មាត់ ចេះតែ​ចង់​ស្ដី​ចង់​ថា​នៅ​ស្ងៀម​មិនកើត ( ព​. ប្រ​. ) ។ រហ័ស​មាត់ ឬ រហ័ស​មាត់​រហ័ស​ក ឆាប់​និយាយ​ឆាប់​ស្ដី​មិន​ដំអក់​ឬ​ដែលមាន​វាចា​រួសរាន់​ទាន់​ការ ។ រឹងមាត់ ងាស់​មាត់ ។ រួយមាត់ នឿយ​មាត់​ព្រោះ​និយាយ​ឬថា​ដដែលៗ ។ រួសមាត់ ឬ រួសមាត់រួស​ក រហ័ស​មាត់​រួសរ៉ាវ​មិន​ឆ្មើងកន្ទ្រើង ។ លាន់មាត់ លាន់​ចេញ​វាចា​ដោយ​ដំណើរ​ប្លែក​ចិត្ត ។ ល្មមមាត់ ដែល​ចេះតែ​ល្មម​នឹង​មាត់ ចង់​ថា​អ្វី​ក៏​ថា​តាមចិត្ត​ឥតមាន​គិតពី​ខុសត្រូវ : មនុស្ស​ល្មមមាត់ ។ ល្មមមាត់​ឈ្លានពាន ដែល​ចេះតែ​ល្មមមាត់​ស្ដីថា​ឥត​ក្រែងរអែង​ច្បាប់ ( ព​. កា​. ) : ទឹកបាក់​ទៅ​ទាប បុណ្យ​បាត់​ដ្បិត​បាប លាភ​បាត់​ដ្បិត​ឃោរ ទឹកថ្លា​ដ្បិត​រលក ពុំ​យល់​ស្រមោល ទោស​កើត​ដ្បិត​ពោល ល្មមមាត់​ឈ្លានពាន ។ ( សាស្ត្រា​ច្បាប់​រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ ) ។ វក់​មាត់ បញ្ចេញវាចា​ប៉ប៉ាច់ប៉ប៉ោច​ឥត​ស្រាក​, ថា​មិន​ឈប់​មាត់ ។ ស៊ប់​មាត់ ស្និទ្ធ​មាត់​, មិន​ញញើត​មាត់ ។ សាបមាត់ ភ្នកនឹក​ចង់​បរិភោគ​មមៃ​; ភ្នកនឹក​មមៃ​ចង់​បរិភោគ​អាហារ​មាន​រសប្រៃ​ឬ​ជូរ ( ច្រើនតែ​មនុស្ស​ដែល​ទើបនឹង​ងើបពីឈឺ ) ។ ស៊ុនមាត់ ជ្រុលមាត់​, ជ្រុលសម្ដី​, លង់សម្ដី ។ ស៊ាំ​មាត់ ថ្នឹក​មាត់​។ ស្ងាត់​មាត់ ស្ងាត់​មិនមាន​សូរ​សម្ដី ។ ស្ងៀម​មាត់ នៅ​ស្ងៀម​មិន​បញ្ចេញវាចា ។ ស្លាប់​ព្រោះ​មាត់ ព្រោះតែ​មាត់រឥល​ប៉ប្លូច​ក៏​ខូច​វិនាស​ដល់​ស្លាប់​ខ្លួន ដូច​ពួក​ត្រី​កំភ្លាញ​លាញ​ព្រោះតែ​មាត់​កក្អិច​ដូច​បាយ​ពុះ មនុស្ស​គេ​ជញ្ជាត់​យកមក​ធ្វើជា​អាហារ ។ ព​. កា​. ថា : កំភ្លាញ​ស្លាប់​ព្រោះ​មាត់ គេ​ជញ្ជាត់​អស់រលីង ពុំនោះ​ដូច​សត្វ​ហ៊ីង និង​កង្កែប​បែប​គ្នា​ដែរ ។ ស្អុយ​មាត់ ធុំ​ស្អុយ​ពី​ក្នុង​មាត់ ។ អស់ពី​មាត់ ដែល​និយាយ​លះ​, អស់អាថ៌​សេចក្ដី : និយាយ​មិន​អស់ពី​មាត់ ។ ឮមាត់ ឮសូរ​បញ្ចេញវាចា ។ ឮមាត់ឮក ឮសូរ​ឈ្លោះទាស់ទែង​គ្នា​រអែករអោក​បន្តិចបន្តួច ។ ឮមាត់​ឮ​ពាក្យ ឮសូរ​សម្ដី​រិះគន់​បន្ទោស​ឬ​និយាយដើម​, ត្មះតិះដៀល ។ ល ។​